សង្គ្រាមអ៊ុយក្រែន ៖ នៅក្រុងមូស្គូវិមានក្រឹមឡាំង មានប្រតិកម្មចំពោះសំណើឈប់បាញ់គ្នារយៈពេល៣០ថៃ្ង ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី១១មីនា នៅអារ៉ាប៊ីសាអូឌីត រវាងអ៊ុយក្រែននិងអាមេរិក។ អាជ្ញាធររុស្សុីមិនបដិសេធអ្វីឡើយ តែរង់ចាំភាពលម្អិតច្បាស់លាស់ និងបែបបទនៃការអនុវត្តបទឈប់បាញ់គ្នានោះ ។
ក្រុងមូស្គូមិនទុកឲ្យខាតពេលបន្តវាយបណ្ដេញកងទ័ពអ៊ុយក្រែនឲ្យខ្ទាតចេញអស់ពីដែនដីរបស់ខ្លួនក្នុងតំបន់ព្រំដែនគួរស្ក៍។ ប្រធានាធិបតីរុស្សុីគេឃើញស្លៀកពាក់ឯកសណ្ឋានយោធាទៅកាន់តំបន់គួរស្ក៍នោះ។ លោកបានចេញបញ្ជានាថ្ងៃទី១២មីនា ដល់កងទ័ពលោកវាយរំដោះឲ្យបានទាំងស្រុងដែនដីដែលកងទ័ពអ៊ុយក្រែនកាន់កាប់នៅតំបន់គួរស្ក៍នោះ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកងទ័ពរុស្សុីបានវាយរុលទៅមុខ ប្រឆាំងកងទ័ពអ៊ុយក្រែននៅទីនោះ។
រហូតមកទល់ពេលនេះ ប្រធានាធិបតីរុស្សុី លោកវ្ល៉ាឌីមៀរ ពូទីន នៅតែប្រឆាំងជានិច្ចបទឈប់បាញ់គ្នាបណ្ដោះអាសន្ន ។ លោកចង់ឲ្យសម្រេចបានការបញ្ឈប់ទាំងស្រុងការប្រយុទ្ធដែលោកហៅថាសន្តិភាពយូរអង្វែងផ្អែកលើការគោរពបណ្ដាផលប្រយោជន៍ស្របច្បាប់របស់គ្រប់ពលរដ្ឋ្និងប្រជាជនដែលរស់នៅក្នុងតំបន់អ៊ុយក្រែនទាំងឡាយក្រោមការកាន់កាប់របស់រុស្សុី។ សម្រាប់ប្រធានាធិបតីរុស្សុីយល់ថា បទឈប់បាញ់គ្នាបណ្ដោះអាសន្នមួយអាចជាឱកាសសម្រាប់អ៊ុយក្រែនប្រមូលកងទ័ពឡើងវិញនិងបំពាក់អាវុធជាថ្មី ហើយបន្ទាប់មកជម្លោះបន្តឡើងវិញ។
អាស្រ័យហេតុនេះហើយបានជាវិមានក្រឹមឡាំងបញ្ជាក់ថា វាជាការប្រញាប់ប្រញាល់ ដើម្បីឲ្យក្រុងមូស្គូឆ្លើយតបចំពោះសំណើឈប់បាញ់រយៈពេល៣០ថ្ងៃនោះ។ អ្នកនាំពាក្យរូបនោះលោកឌីមីទ្រីប៉េស្កូវបន្តថា បេសកជនអាមេរិកលោកម៉ាកូរ៉ូប៊ីយ៉ូនិងលោកMIKE WALTZ នឹងជូនដំណឹងដល់អាជ្ញាធររុស្សុីពីខ្លឹមសារច្បាស់លាស់់ និងភាពលម្អិតនៃកិច្ចព្រមព្រៀង។
លោកត្រាំថាបណ្ដាអ្នកចរចាអាមេរិកទៅកាន់រុស្សុីប្រធានាធិបតីអាមេរិកលោកដូណាល់ ់ត្រាំអះអាងនាថ្ងៃទី១២មីនាថា ពួកអ្នកចរចាអាមេរិកនឹងទៅកាន់រុស្សុីចាប់ពីពេលនេះទៅហើយ។ ពេលដែលក្រុងវ៉ាសិុនតោនជម្រុញឲ្យក្រុងមូស្គូុទទួលយកសំណើរបស់ខ្លួនស្ដីពីបទឈប់បាញ់គ្នារយៈពេល៣០ថ្ងៃនៅអ៊ុយក្រែន ក្រោយការចរចាជាមួយក្រុងគៀវនៅអារ៉ាប៊ិសាអូឌីត។
ពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអៀរឡង់លោកMICHEAL MARTIN លោកត្រាំនិយាយថា បណ្ដាមនុស្សរបស់យើងកំពុងធ្វើដំណើរមកកាន់ក្រុងមូស្គូចាប់ពីនេះទៅហើយ។ នៅមុខអ្នក កាសែតក្នុងសេតវិមានលោកត្រាំសង្ឃឹមថាសមភាគីរុស្សុីលោកវ្ល៉ាឌីមៀរពូទីននឹងទទួលយកសំណើឈប់បាញ់នេះ។ លោកបានគំរាមក្រុងមូស្គូពីការដាក់ទណ្ឌកម្មថ្មីៗទៀត៕
ចែករំលែកព័តមាននេះ