ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​អាច​បាត់​បង់​តំបន់​ខឺស​ក្រោម​ទម្ងន់​ដៃ​វា.យ​ប្រហារ​របស់​រុស្ស៊ី

20 ម៉ោង មុន

ទី​ក្រុង​កៀវ៖ នៅ​ពេល​ជិត​ឈាន​ដល់​ការ​ចរ​ចា​គ្នា​​ និងបទ​ឈប់​បាញ់​គ្នា​ អ៊ុយ​ក្រែន​បែរ​ជា​របូត​ពី​ដៃ​ទៅ​វិញ​នូវ​ទឹក​ដី​រុស្ស៊ី​​នៅ​តំបន់​ខឺស​ដែល​ខ្លួន​វាយ​ឆ្មក់​ និង​ចូល​កាន់​កាប់​តាំង​ពីខែ​សីហា ឆ្នាំ​២០២៤​។ ប្រភព​ពី​សមរ​ភូមិ​មុខ​បង្ហាញ​ថា​រុស្ស៊ី​កំពុង​សម្រុក​វាយ​ប្រហារ​យក​តំបន់​ខឺស​ពី​​កណ្ដាប់​ដៃ​អ៊ុយ​ក្រែន​សឹង​តែ​បាន​ទាំង​ស្រុង​ហើយ​បន្ទាប់​ពី​កង​ទ័ព​អ៊ុយ​ក្រែន​ជាប់​ការ​ឡោម​ព័ទ្ធ​។ កង​ទ័ព​រុស្ស៊ី​ប្រើ​យុទ្ធ​សាស្ត្រ​ប្លែក​ៗ។ ពួក​គេ​​មិន​វាយ​ជា​ចំហ​ទេ ប៉ុន្តែ​វាយ​ឆ្មក់​។…

ទី​ក្រុង​កៀវ៖ នៅ​ពេល​ជិត​ឈាន​ដល់​ការ​ចរ​ចា​គ្នា​​ និងបទ​ឈប់​បាញ់​គ្នា​ អ៊ុយ​ក្រែន​បែរ​ជា​របូត​ពី​ដៃ​ទៅ​វិញ​នូវ​ទឹក​ដី​រុស្ស៊ី​​នៅ​តំបន់​ខឺស​ដែល​ខ្លួន​វាយ​ឆ្មក់​ និង​ចូល​កាន់​កាប់​តាំង​ពីខែ​សីហា ឆ្នាំ​២០២៤​។ ប្រភព​ពី​សមរ​ភូមិ​មុខ​បង្ហាញ​ថា​រុស្ស៊ី​កំពុង​សម្រុក​វាយ​ប្រហារ​យក​តំបន់​ខឺស​ពី​​កណ្ដាប់​ដៃ​អ៊ុយ​ក្រែន​សឹង​តែ​បាន​ទាំង​ស្រុង​ហើយ​បន្ទាប់​ពី​កង​ទ័ព​អ៊ុយ​ក្រែន​ជាប់​ការ​ឡោម​ព័ទ្ធ​។

កង​ទ័ព​រុស្ស៊ី​ប្រើ​យុទ្ធ​សាស្ត្រ​ប្លែក​ៗ។ ពួក​គេ​​មិន​វាយ​ជា​ចំហ​ទេ ប៉ុន្តែ​វាយ​ឆ្មក់​។ ទាហាន​រុស្ស៊ី​ដើរ​តាម​បំពង់​បង្ហូរ​ប្រេង​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែត្រ​ដើម្បី​វាយ​ពី​ក្រោយ​ខ្នង​​ធ្វើ​អ៊ុយ​ក្រែន​ធ្វើ​​ឱ្យ​ពួក​គេ​​សឹង​តែ​ដាច់​ផ្ងារ​ម្ដង​ៗ​​។ បើ​ពួក​គេ​មិន​ដក​ថយ​ទេ​ រុស្ស៊ី​នឹង​ហ៊ុម​ព័ទ្ធ​ជិត​ឈឹង​ ហើយ​នឹង​​ចាប់​បាន​ទាំង​អស់​។ អ្នក​យក​ព័ត៌​មាន​បែប​ប្លក់ (blog) របស់​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​ថា​កង​ទ័ព​អ៊ុយ​ក្រែន​បាន​ដក​ថយ​ជា​បន្ត​បន្ទាប់​ព្រោះ​ពួក​គេ​​​មិន​អាច​ស៊ូ​ទ្រាំ​នឹង​យុទ្ធ​សាស្ត្រ​វាយ​ឆ្មក់​របស់​រុស្ស៊ី​បាន​ទេ​។ ​
​សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា​ ឆ្នាំ​២០២៤​ អ៊ុយ​ក្រែន​​​វាយ​ឆ្មក់​ចូល​តំបន់​ខឺស​ដែល​នៅ​ជាប់​នឹង​ព្រំ​ដែន​រុស្ស៊ី-​អ៊ុយ​ក្រែន​តែ​ម្ដង​។ ​កាល​នោះ ពួក​គេ​កាន់​កាប់​បាន​ទឹក​ដី​ច្រើន​គួរ​សម​ដែរ​រហូត​ដល់​ជាង​១​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​។ អ៊ុយ​ក្រែន​ពី​ដំបូង​ដៃគិត​ថា​​ខ្លួន​ត្រូវ​តែ​បន្ត​ខាំ​ក្រាប​នៅ​ខឺស​​ដើម្បី​យក​​ទី​នោះ​​​ធ្វើ​ជា​លក្ខ​ខណ្ឌ​ត​ថ្លៃ​គ្នា​ផ្នែក​នយោបាយ​នៅ​ពេល​​មាន​ការ​ចរ​ចា​សន្តិ​ភាព​។

​រុស្ស៊ី​ធ្លាប់​ដាក់​ផែន​ការ​វាយបណ្ដេញ​​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​ពីតំបន់​​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។ ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​បាន​សម្រេច​។ នៅ​លើ​សមរ​ភូមិ​ការ​ទូត និង​​នយោបាយ​មិន​ទាន់​ច្បាស់​ថា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​តើ​នរណា​មាន​ប្រៀប​ជាង​នរណា​ទេ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ ប៉ុន្តែ​នៅ​លើ​សមរភូមិ​​យោធា អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ចាញ់​ប្រៀប​រុស្ស៊ី​ជា​បណ្ដើរ​ៗ​​ ចាប់​​តាំង​ពី​មាន​ជម្លោះ​ពាក្យ​សម្ដី​រវាង​លោក​ត្រាំ និង​លោក​ហ្សេឡិន​ស្គី​នៅ​សេត​វិមាន​កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន​។

​លោក​ត្រាំ​មាន​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​​​លោក​ហ្សេឡិនស្គី​​និយាយ​ត​មាត់​។ ​​លោក​​​ក៏​សម្រេច​ចិត្ត​ផ្ដាច់​ជំនួយ​យោធា និង​​ព័ត៌​មាន​សម្ងាត់​។ រុស្ស៊ី​​ឆ្លៀត​ឱកាស​នេះ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​​។​ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​កង​ទ័ព​របស់​ខ្លួន​​ទើប​តែ​​វាយ​យក​​បាន​​ភូមិ​ចំនួន​​៥មក​វិញ​​​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​​យល់​​​ថា​សភាព​ការណ៍​វិវត្ត​ថ្មី​ៗ​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​រុស្ស៊ី​។​

ប្លក់​កឺ (blogger) និង​សារ​ព័ត៌​មាន​របស់​រដ្ឋ​រុស្ស៊ី​បង្ហាញ​រូប​ទាហាន​រុស្ស៊ី​ឈរ​កាន់​ទង់​ជាតិ​​នៅ​​​ទី​ក្រុង​ស៊ូត​ហ្សា (Sudzha) ដែល​​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​អ៊ុយ​ក្រែនតែ​ម្ដង​​។ នៅ​ក្នុង​រូប​នោះ ពួកគេ​ឈរ​នៅ​លើ​ផ្លូវ​ហាយ​វេ​ដែល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ភស្តុ​ភារ​ទៅ​សមរភូមិ​មុខ​។​ ​បើ​គេ​ស្ដាប់​​ពី​ខាង​ភាគី​អ៊ុយ​ក្រែន មេ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែនថ្លែង​ថា​កង​ទ័ព​ខ្លួន​​​មិន​ដល់​ថ្នាក់​ត្រូវ​រុស្ស៊ី​ហ៊ុម​ព័ទ្ធ​ជិត​ឈឹង​​នោះ​ទេ​។ ​​លោក​ទទួល​ស្គាល់​ថា​​ពួក​គេ​​លែង​វាយ​លុក​​ហើយ​ ប៉ុន្តែ​​​វាយ​ទប់​ទល់​វិញ​ម្ដង​។

ផ្ទុយ​ពី​ការ​អះ​អាង​នេះ​​​ អ្នក​សរ​សេរ​ប្លក់​របស់​អ៊ុយ​ក្រែន​ប្រមើល​ឃើញ​ថា​​តាម​មើល​ទៅ​ ទាហាន​អ៊ុយ​ក្រែន​​ប្រហែល​ជា​មិន​អាច​ស៊ូ​ទ្រាំ​នៅ​តំបន់​​ខឺស​​ត​ទៅ​ទៀត​បាន​​ទេ​។ ពួក​គេ​មុខ​ជា​ចាក​ចេញ​ពី​ខឺស​ឆាប់​ៗ​នេះ​។ យ៉ាង​ខ្លាំង​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ គ្មាន​វត្ត​មាន​ទាហាន​អ៊ុយ​ក្រែន​នៅ​ទី​នោះ​ទៀត​​ឡើយ។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ និង​ប្រភព​ដទៃ​ទៀត​​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ