រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៤៥ថ្ងៃ មធ្យោបាយជិះបញ្ច្រាស នៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) សរុបចំនួន ១៥១គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ធ្វើការឃាត់អ្នកបើកបរទាំងអស់នោះ ដើម្បីធ្វើកិច្ចសន្យា និងណែនាំ រួចប្រគល់ជូនម្ចាស់វិញ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៥ថ្ងៃគត់ ដែលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី០១ អនុវត្តន៍ចាប់អ្នកជិះបញ្ច្រាសទិសដៅចរាចរណ៍ ។ ហើយមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋមួយចំនួនតូច បន្តជិះបញ្ច្រាសទៀត ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរឡើយ ។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ទៀតថា រយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ អ្នកជិះបញ្ច្រាសទិស នៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់ជាប្រចាំ គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ជាក់ស្ដែងរហូតដល់បច្ចុប្បន្ននេះ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើន មានការយល់ដឹង មិននាំគ្នាជិះបញ្ច្រាស់ទិសបន្តទៀតឡើយ ។
លោកចៅសង្កាត់ បានសង្កត់ធ្ងន់ថា ការអនុវត្តនេះ សមត្ថកិច្ចបានឃាត់មធ្យោបាយជិះបញ្ច្រាស សរុបចំនួន ១៥១គ្រឿង ម៉ូតូចំនួន ១៤៧គ្រឿង និងផាសអាប់កង់បី ចំនួន ០៤គ្រឿង យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល ១ថ្ងៃ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ ។
ជាមួយគ្នានោះដែរ លោក ជា សារ៉េត ក៏បានដឹកនាំកម្លាំងចុះធ្វើសណ្តាប់ធ្នាប់ និងណែនាំដល់បងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវ២១៧(មុន្នីរ៉េត) ចាប់ពីមុខវត្តស្ទឹងមានជ័យ រហូតដល់ផ្លូវកែងការ៉ាស់សាំងភីធីធី ជិតប៉េអឹមក្រុង ឱ្យចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់គណៈបញ្ជាសង្កាត់ ក្នុងករណីនៅតែបន្តលក់ដូររំលោភលើផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ទៀតនោះ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលភ្លាម ៕



ចែករំលែកព័តមាននេះ