ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ចាត់​ទុក​ការ​បង្ក្រាប​ករណី​គ្រឿងញៀ.ន ក្បែរ​បឋម​សិក្សា​ជម្ពូ​វ័ន ជា​សកម្មភាព​គំរូ និង​លើកទឹកចិត្ត​ខ្ពស់

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប រុះរើ​ទីជម្រក​ក្រុម​អ្នក​រើស​អេ​ត​ចាយ និង​ជនអនាថា ​សំងំ​ប្រើប្រាស់​គ្រឿងញៀន ក្នុង​បរិវេណ​ក្បែរ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្ថិត​ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប រុះរើ​ទីជម្រក​ក្រុម​អ្នក​រើស​អេ​ត​ចាយ និង​ជនអនាថា ​សំងំ​ប្រើប្រាស់​គ្រឿងញៀន ក្នុង​បរិវេណ​ក្បែរ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្ថិត​ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បានអ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ លោក ទូច សុ​ឃៈ ចាត់ទុកជា​សកម្មភាព​គំរូ​ ដ៏​គួរ​ឱ្យ​លើកទឹកចិត្ត​ខ្ពស់​បំផុត ពីព្រោះ​ជា​កិច្ចសហការ​ដ៏​ល្អ​មួយ​រវាង​ពលរដ្ឋ គ្រូបង្រៀន និង​អាជ្ញាធរ​ ។

ការ​បង្ហាញ​ចំណាប់អារម្មណ៍​ចេញពី ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ពី​សំណាក់​អ្នកនាំពាក្យ​រង​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៥ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ទាំង​អាជ្ញាធរ​សង្កាត់ និង​សមត្ថកិច្ច បាន​ចុះ​អនុវត្ត​ការងារ និង​បង្ក្រាប​ករណី​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ បង្ក​ដោយ​ក្រុម​ជន​អាណា​ថា និង​អ្នក​រើស​អេ​ត​ចាយ ​ដែល​រស់នៅ​អនាធិបតេយ្យ បង្ក​ការ​ភ័យ​ខ្លាច​ព្រួយបារម្ភ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​។ គឺ​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង បន្ទាប់​ពី​ទទួល​សេចក្ដីរាយការណ៍ និង​សំណូមពរ ពី​អាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ​ ។

បើ​តាម​លោក ទូច សុ​ឃៈ សកម្មភាព​នេះ ជា​គំរូ ​នៃ​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​តួអង្គ ជាមួយ​អាជ្ញាធរ ពោល​គឺ​ប្រជាពលរដ្ឋ ដែល​ឃើញ​បញ្ហា​មិន​អាច​សំងំ​ស្ងៀម​ទុក​ឱ្យ​បញ្ហា​នោះ​បន្ត​កើត​មាន​ឡើយ ហើយ​អាជ្ញាធរ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ក៏​ត្រូវ​រូតរះ ចាត់វិធានការ​ដើម្បី​ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ និង​ដើម្បី​ធានា​សេវា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន ស្រប​តាម​ទស្សនៈ «​ពលរដ្ឋ​កុំ​ដាំ​ដើម​គរ អាជ្ញាធរ​កុំ​ប្រ​ងើយ​កន្តើយ​» ។

ទន្ទឹម​នឹង​ការ​លើកទឹកចិត្ត និង​សម្តែង​ការ​កោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​និង​អាជ្ញាធរ​លោក ទូច សុ​ឃៈ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​គ្រប់​មូលដ្ឋាន យក​ស្មារតី​នៃ​ភាព​ជា​គំរូ​នេះ​ទៅ​អនុវត្ត​តាម​មូលដ្ឋាន​របស់​ខ្លួន ពោល​គឺ​បើ​ឃើញ​នូវ​រឿងហេតុ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើ​ហិង្សា​ជា​ទូទៅ ករណី​ក្មេង​ទំនើង ករណី​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន និង​ករណី​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស ត្រូវ​តែ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន មាន​មេ​ភូមិ មេឃុំ ចៅសង្កាត់ ឬ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​។

លោក​បន្ថែម​ថា «​អាជ្ញាធរ​ត្រូវ​តែ​ផ្តល់​ការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​ក៏​ដើម្បី​ជា​ការ​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​នូវ​សេចក្ដី​ថ្លែងអំណរគុណ​របស់​ខ្លួន ដែល​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​រាយការណ៍ ករណី​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​។ មិន​អាច​មាន​ត្រឹម​នគរបាល​ប៉ុស្តិ៍ ឬ​មិន​អាច​មាន​ត្រឹម​អាជ្ញាធរ​ឃុំ សង្កាត់ មេ​ភូមិ ដឹកនាំ​ចាត់ចែង​ការងារ​បាន​មួយ​រយ​ភាគរយ​នោះ​ទេ ប្រសិនបើ​មិន​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ។

សូម​រម្លឹក​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ បើ​តាម​លោក វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​ទី​៣ សមត្ថកិច្ច បាន​បង្ក្រាប​ជនសង្ស័យ​ជាក់ស្តែង​កំពុង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់​បាន​ប្តី​ប្រពន្ធ​ពីរ​នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ព្រមទាំង​រក​ឃើញ​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ ក្នុង​នោះ​១​កញ្ចប់​ធំ ថង់​វេច​ខ្ចប់ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ