ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែនថ្លែង​​ថា​បទ​ឈប់​បា.ញ់​​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​

7 ម៉ោង មុន

ទី​ក្រុង​កៀវ​៖ ​បន្ទាប់​ពី​ដាក់​សំណើ​ទៅ​អាមេរិក​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​៣០ថ្ងៃ​ អ៊ុយ​ក្រែន​ថ្លែង​ថា​នៅ​ពេល​នេះ​ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រុស្ស៊ី​ដើម្បី​ទទួល​យក​សំណើ​នេះ​ឬ​យ៉ាង​ណា​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​រុស្ស៊ី​ទើប​តែ​វាយ​ប្រហារ​អ៊ុយ​ក្រែន​ថ្មី​ៗ និង​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ជំនួប​ទ្វេ​ភាគី​រវាង​អ៊ុយ​ក្រែន និង​អាមេរិក​នៅ​​អារ៉ាប៊ី​សាអូឌីត​។ ភាគី​ទាំង​២បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​លទ្ធ​ផល​នៃ​​​កិច្ច​ជំនួប​​នេះ​​។ បន្ទាប់ពី​អ៊ុយ​ក្រែន​បង្ហាញ​​​ជំហរ​​ចង់​បិទ​​បញ្ចប់​សង្គ្រាមនេះ​ឱ្យ​បាន​​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ លោក​ត្រាំ​ក៏​ត្រៀម​ផ្ដល់​ជំនួយ​យោធា និង​ព័ត៌​មាន​សម្ងាត់​ឡើង​វិញ​។…

ទី​ក្រុង​កៀវ​៖ ​បន្ទាប់​ពី​ដាក់​សំណើ​ទៅ​អាមេរិក​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​៣០ថ្ងៃ​ អ៊ុយ​ក្រែន​ថ្លែង​ថា​នៅ​ពេល​នេះ​ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រុស្ស៊ី​ដើម្បី​ទទួល​យក​សំណើ​នេះ​ឬ​យ៉ាង​ណា​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​រុស្ស៊ី​ទើប​តែ​វាយ​ប្រហារ​អ៊ុយ​ក្រែន​ថ្មី​ៗ និង​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ជំនួប​ទ្វេ​ភាគី​រវាង​អ៊ុយ​ក្រែន និង​អាមេរិក​នៅ​​អារ៉ាប៊ី​សាអូឌីត​។

ភាគី​ទាំង​២បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​លទ្ធ​ផល​នៃ​​​កិច្ច​ជំនួប​​នេះ​​។ បន្ទាប់ពី​អ៊ុយ​ក្រែន​បង្ហាញ​​​ជំហរ​​ចង់​បិទ​​បញ្ចប់​សង្គ្រាមនេះ​ឱ្យ​បាន​​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ លោក​ត្រាំ​ក៏​ត្រៀម​ផ្ដល់​ជំនួយ​យោធា និង​ព័ត៌​មាន​សម្ងាត់​ឡើង​វិញ​។ ដូច្នេះ​បើ​រុស្ស៊ី​​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​បទ​ឈប់​បាញ់​ទេ អ៊ុយ​ក្រែន​អាច​មាន​អាវុធ​ និង​ព័ត៌​មាន​ពេញ​ដៃ​សម្រាប់​ទល់​ទល់​ជា​មួយ​រុស្ស៊ី​។​

អ៊ុយ​ក្រែន​ប្រកាស​​​ថា​ខ្លួន​ត្រៀម​ទទួលយក​បទ​ឈប់​បាញ់​នេះ​ហើយ​​ សំខាន់​ឱ្យ​តែ​​រុស្ស៊ី​​យល់​ព្រម​ទទួល​យកដែរ​​។ «​នេះ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ការ​ធានា​សន្តិ​សុខ​ជាតិ​ដ៏​ពិត​ប្រាកដ​ និង​រៀប​ចំ​លក្ខ​ខណ្ឌ​សម្រាប់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ ​ឥឡូវ​នេះ​ ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រុស្ស៊ី​។ ពិភព​លោក​កំពុង​រង់​ចាំ​មើល​ថា​តើ​នរ​​ណា​ចង់​បិទ​បញ្ចប់​សង្គ្រាម​​ពិត​ប្រាកដ? ហើយ​​នរណា​ចង់​បណ្ដែត​បណ្ដោយ​ពេល​វេលា​?»

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ទី​ក្រុ​ងម៉ូស្គូ​ត្រៀម​ស្ដាប់​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​នៅ​អារ៉ាប៊ី​សាអូឌីត​ និង​កំពុង​រៀប​ចំ​សេចក្ដី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ​ដោយ​ប្រយ័ត្ន​ប្រយែង​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​​ថា​រុស្ស៊ី​មិន​ចង់​ធ្វើ​ជា​អ្នក​ដើរ​មុខ​គេ​នៅ​ក្នុង​បទ​ឈប់​បាញ់​​នេះ​ទេ។​ រុស្ស៊ី​ចង់​ស្ដាប់​សម្ដី​ផ្ទាល់​របស់​​ទី​ក្រុង​វ៉ាស៊ីន​តោន​ជា​មុន​សិន​។ លោក​ប៉េ​ស្កូស​ថ្លែង​ថា​ការ​សន្ទនា​គ្នា​កម្រិត​កំពូល​តាម​ទូរ​ស័ព្ទ​ (រវាងត្រាំ​ និង​ពូទីន​) អាច​នឹង​ត្រូវ​ធ្វើ​។​​

អ៊ុយ​ក្រែន​កំពុង​បង្ហាញ​ថា​ខ្លួន​ត្រៀម​ខ្លួន​ទទួល​យក​សន្តិ​ភាព​។ ប៉ុន្តែ​ទន្ទឹម​​នឹង​នោះ​ អ៊ុយ​​ក្រែន​នៅ​តែ​ទាម​ទារ​ឱ្យ​អាមេរិក​ផ្ដល់​ការ​ធានា​សន្តិ​សុខ​ជាតិ​របស់​ខ្លួន។​ បើ​មិន​ដូច្នេះ​ទេ​ ពួកគេ​បារម្ភថា​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។ អ៊ុយ​ក្រែន​នៅ​តែ​សង្ស័យ​ថា​រុស្ស៊ី​មិន​ចង់​បញ្ចប់​សង្គ្រាម​ទេ​។ ដូច្នេះ​អ៊ុយ​ក្រែន​សូម​ជំរុញ​ឱ្យ​អាមេរិក​កុំ​ធ្វេស​ប្រហែស​ឱ្យ​សោះ​ចំពោះ​ទង្វើ​របស់​ម៉ូស្គូ​។​

លោក​ហ្សេឡិនស្គី​សរ​សេរ​នៅ​លើតេឡេ​ក្រាម​ថា​លោក​ទទួល​យក​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ លោក​យល់​ថា​នេះ​ជា​រឿង​វិជ្ជ​មាន​។ លោក​ត្រៀម​ខ្លួន​ទទួលយក​សេណា​រីយោ​នេះ​។ លោក​សូម​ឱ្យ​​អាមេរិក​និយាយ​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ដើម្បី​ទទួល​យក​សំណើ​នេះ​។

ចំពោះ​សំណួរ​ថា​តើ​បទ​ឈប់​បាញ់​អាច​នឹង​​កើត​មាន​នៅ​ពេល​ណា? លោក​ត្រាំ​​​សង្ឃឹម​ថា​​អាច​នឹង​កើត​មាន​ពីរ​បី​ថ្ងៃ​ទៀត​​។ លោក​ថ្លែង​ថា​ក្រុម​ការ​ងារ​របស់​អាមេរិក​នឹង​ជួប​រុស្ស៊ី​នៅ​ថ្ងៃ​ស្អែក​ ហើយ​សង្ឃឹម​ថា​នឹង​មាន​ការ​សន្ទនា​គ្នា​សំខាន់​ៗ​កើត​ឡើង​។ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ថ្លែង​ថា​នៅ​ពេល​នេះ​គ្រាប់​បាល់​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រុស្ស៊ី​។

ប្រភព​ពី​ខាង​រដ្ឋាភិបាល​អង់​គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា​អង់​គ្លេស​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ពី​ក្រោយ​វាំង​​នន​ដើម្បី​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​យល់​ថា​នេះ​ជា​ពេល​វេលា​​សំខាន់​ដែល​អ៊ុយ​ក្រែន​ត្រូវ​មានសន្តិ​ភាព​។ យើង​ត្រូវ​តែ​ជួយ​ជ្រោម​ជ្រែង​ឱ្យ​បាន​សស្រាក់​សស្រាំ​ទាំង​អស់​គ្នា​ដើម្បីនាំ​យក​​សន្តិ​ភាព​​ដ៏​យូរ​អង្វែង​ និង​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ