ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យ​បង្កើន​ទ្រព្យ​! Floyd ទិញ​អគារ​អា​ផាត​មិន​៦២​ខ្នង តម្លៃ​ជាង​៤០០​លាន​ដុល្លារ ទុក​ជួល

10 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កំពូល​អ្នក​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ដែល​ជា​អ្នក​ប្រដាល់​រក​ចំណូល​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ បាន​បង្ហាញ​ពី​អគារ​អា​ផាត​មិន​ចំនួន​៦២​ខ្នង សរុប​មាន​ជាង​១​ពាន់​បន្ទប់ ដែល​ខ្លួន​បាន​ទិញ​នៅ​ក្នុង​តម្លៃ ៤០២​លាន​ដុល្លារ​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ កំពូល​អ្នក​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ដែល​ជា​អ្នក​ប្រដាល់​រក​ចំណូល​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ បាន​បង្ហាញ​ពី​អគារ​អា​ផាត​មិន​ចំនួន​៦២​ខ្នង សរុប​មាន​ជាង​១​ពាន់​បន្ទប់ ដែល​ខ្លួន​បាន​ទិញ​នៅ​ក្នុង​តម្លៃ ៤០២​លាន​ដុល្លារ​អា​មេ​រិ​ក ស្ថិត​នៅ​តំបន់ Manhattan ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​។

តាម​រយៈ​វី​ដេ​អូ​បង្ហោះ​នៅ​ក្នុង​គណនី Instagram ដែល​មាន​អ្នក​តាមដាន​ជិត​៣០​លាន​នាក់ Floyd បាន​ប្រាប់​ថា រូបគេ​បាន​ទិញ​អគារ​អា​ផាត​មិន​ទាំងស្រុង​ដោយ​លុយ​ខ្លួនឯង គ្មាន​ដៃគូ​សហការ​អាជីវកម្ម​ណាមួយ​ឡើយ​។ អគារ​អា​ផាត​មិន ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់ Morningside Heights, Upper Manhattan និង Harlem ជា​កម្មសិទ្ធិ​របស់ Floyd នឹង​ត្រូវ​ដាក់​ជួល ដែល​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​។

យ៉ាងណាមិញ ការ​ចំណាយ​ជាង​៤០០​លាន​ដុល្លារ​នេះ Floyd អះអាង​ថា គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ ដូច្នេះ​នៅ​មាន​បន្ត​ទៀត​។ ក្នុង​វី​ដេ​អូ​នោះ Floyd បាន​ដើរ​ចង្អុល​អគារ​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ក៏​បាន​បញ្ជាក់​ថា ហាង​ទំនិញ​លក់រាយ​ទាំងអស់​នៅ​ក្រោម​អគារ​ក៏​ជា​របស់​ខ្លួន​ផង​ដែរ​។

សូម​ជម្រាប​ថា Floyd Mayweather កើត​នៅ​ឆ្នាំ ១៩៧៧ នៅ​ទីក្រុង Grand Rapids រដ្ឋ​មី​ឈី​ហ្គេ​ន បាន​ចាប់ផ្តើម​អាជីព​ប្រដាល់​នៅ​ឆ្នាំ ១៩៩៦ ដោយ​ឆ្លងកាត់​ការ​ប្រកួត​សរុប​ចំនួន​៥០​លើក ឈ្នះ​ទាំងអស់ និង​ផ្តួល​គូប្រកួត​សន្លប់​ចំនួន ២៧​លើក ដោយ​ទទួល​បាន​រហស្សនាម​ថា «​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​»​។ Floyd ឈ្នះ​ខ្សែ​វាត់​ពិភពលោក​ចំនួន​១៥​ដង លើ​ប្រភេទ​ទម្ងន់​៥​ផ្សេង​គ្នា ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេល​។

កំពូល​អ្នក​ប្រដាល់​កម្ពស់​១,៧៣​ម៉ែត្រ​រូប​នេះ រក​ចំណូល​បាន​រហូត​ដល់ ១.៤៨​ពាន់​លាន​ដុល្លារ​ពី​អាជីព​ប្រដាល់ និង​ដៃគូ​ឧបត្ថម្ភ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​អ្នក​ប្រដាល់​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ រូបគេ​ក៏​ជាប់​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​អត្ត​ព​លិ​ក​កំពូល​ទាំង ១០ ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មាន​កំពូល​កីឡាករ​បាល់បោះ​អា​មេ​រិ​ក Michael Jordan ឈរ​កំពូល​តារាង​នេះ ជាមួយ​ប្រាក់​ចំណូល​រហូត​ដល់ ៣.៧៥​ពាន់​លាន​ដុល្លារ​។

Floyd បាន​ចូល​និវត្តន៍​ពី​អាជីព​នៅ​ឆ្នាំ ២០១៧ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក រូបគេ​ឡើង​សង្វៀន​ប្រកួត​ក្រៅផ្លូវការ ឬ​មិន​អាជីព ដោយ​រកបាន​ចំណូល​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយ​ប្រកួត​ៗ ជួនកាល​អាច​លើស​ពី​១០០​លាន​ដុល្លារ​ក៏​មាន​។ កាលពី​ថ្មី​ៗ​នេះ Floyd ទើបតែ​បង្កើត​រឿង​ភ្ញាក់ផ្អើល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក តាម​រយៈពាក្យ​ចចាមអារ៉ាម​ថា​រូបគេ​កំពុង​រៀបចំ​ផែនការ​ត្រឡប់​ឡើង​សង្វៀន​វិញ​នៅ​ឆ្នាំ​នេះ ជាមួយនឹង​គូប្រកួត​ដែល​អាច​មាន​ដូច​ជា Logan Paul, John Gotti ជាដើម​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គ្មាន​កិច្ចសន្យា​មួយ​ណា​កើតឡើង​នៅឡើយ​ទេ​។

ក្រៅពី​ជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ Floyd ក៏​ជា​អ្នកជំនួញ​ដ៏​ប៉ិន​ប្រសប់​ផង​ដែរ ដោយ​កន្លង​មក រូបគេ​បាន​អះអាង​ថា ដោយ​គ្រាន់តែ​ការ​បណ្តាក់ទុន​លើ​អចលនទ្រព្យ​តែ​មួយ​មុខ ក៏​អាច​ជួយ​រក​ចំណូល​ដល់​រូបគេ​រហូត​ដល់ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​។ ការ​ផ្តោត​សំខាន់​លើ​ការ​រកស៊ី​នៅ​ទីក្រុង​ញូ​វ​យ៉​ក ក៏​ព្រោះតែ​ទី​នេះ​ជាទី​ក្រុងមាន​ប្រជាជន​ច្រើន​ជាងគេ​របស់​សហរដ្ឋអាមេរិក និង​ជា​មជ្ឈមណ្ឌល​ពិភពលោក​សម្រាប់​វប្បធម៌ ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ​។ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​សម្រាប់ Floyd ដែល​គ្រប់​គ្នា​ស្គាល់​ថា បុរស​ចាយ​លុយ​ដូច​ក្រដាស ទ​មា្ល​ក់​ការ​វិនិយោគ​រាប់រយ​លាន​ដុល្លារ​នៅ​ទីនោះ​៕ ដកស្រង់ ៖ New York Post, Supercar Blondie, VnExpress និង VIBE

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ