សង្គ្រាមអ៊ុយក្រែន ៖ ក្នុងឱកាសនៃកិច្ចប្រជុំមួយនៅអារ៉ាប៊ិសាអូឌីត អ៊ុយក្រែន កាលពីថ្ងៃទី១១មីនាបានយល់ស្របតាមសំណើឈប់បាញ់គ្នាមួយជាមួយរុស្ស៊ី រយៈពេល៣០ថ្ងៃស្នើឡើងដោយអាមេរិក ជាថ្នូរនឹងអ្វីដែលក្រុងវ៉ាស៊ីនតោន ប្រកាសពីការលុបចោលវិញជាបន្ទាន់ការផ្អាកជំនួយយោធាដល់ក្រុងគៀវ។

បន្ទាប់ពីកិច្ចប្រជុំនោះរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរូ៉ប៊ីយូអះអាងថាអ៊ុយក្រែនព្រមទទួលយកការចរចាភ្លាមៗជាមួយរុស្សុីនិងថា បាល់ពេលនេះកំពុងស្ថិតក្នុងដៃក្រុងមូស្គូដែលព្រមទទួលយកបទឈប់បាញ់គ្នានោះឬយ៉ាងណា។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីអះអាងថា សហរដ្ឋអាមេរិកនាពេលនេះ ត្រូវបញ្ចុះបញ្ចូលរុស្សុីឲ្យទទួលយកបទឈប់បាញ់គ្នារយៈពេល៣០ថ្ងៃនោះ។ ចំណែកអ៊ុយក្រែនព្រមទទួលយកសំណើនោះហើយ។ ចំណែកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកMIKE WALZវិញអះអាងថា បញ្ហានាពេលគឹការចង់ដឹងថា តើធ្វើបែបណាទើបអាចបញ្ចប់សង្គ្រាមអ៊ុយក្រែន។
ក្រសួងការបរទេសរុស្សុីធ្លាប់វាយ តម្លៃកាលពីថ្ងៃទី៦មីនារួចហើយថា បទឈប់បាញ់គ្នាបណ្ដោះ អាសន្ននៃសង្គ្រាមនៅអ៊ុយក្រែនដែលស្នើជាពិសេសដោយបារាំងនិងអ៊ុយក្រែន ដាច់ខាតមិនអាចទទួលយកបានឡើយ ព្រោះជម្លោះទីបំផុតនឹងវិលត្រឡប់មកវិញ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សុីលោកស្រីម៉ារីយ៉ាហ្សាខារ៉ូវ៉ាអះអាងថា កិច្ចព្រមព្រៀងមឺុងម៉ាត់ស្ដីពីដំណោះស្រាយជាស្ថាពរមួយគឹចាំបាច់។ រាល់រូបភាពនៃបទឈប់គ្នាបណ្ដោះអាសន្នឬមួយរយៈពេលនឹងអាចឲ្យមានការប្រមូលទ័ពឡើងវិញដែលជាការមិនអាចទទួលយកបានឡើយ ព្រោះទីបំផុតវាផ្ដល់លទ្ធផលបញ្ច្រាសទៅវិញ។
លោកស្រីម៉ារីយ៉ាហ្សាខារ៉ូវ៉ាអះអាងថា ពួកគេស្វែងរកឲ្យទទួលបានដង្ហើមដកមួយ សម្រាប់កងទ័ពអ៊ុយក្រែនដែលកំពុងជួបការលំបាកនៅតាមខ្សែរណសិរ្ស។ ពេលនោះអ៊ុយក្រែននឹងប្រើប្រាស់បទឈប់បាញ់បែបនេះ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួនឡើងវិញ។ ក្នុងសេណារីយ៉ុូនោះជម្លោះនឹងកើតមានឡើងវិញដោយចៀសមិនរួច។
យោងតាមសេចក្ដីប្រកាសចុងក្រោយមួយបន្ទាប់ពីការចរចានៅក្រុងJEDDAH ជាប់សមុទ្រក្រហមនោះ រវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ប្រទេសទាំង២ក៏ព្រមព្រៀងគ្នាដែរ ចុះហត្ថលេខាក្នុងពេលដ៏ឆាប់មួយស្ដីពីរ៉ែកម្រអ៊ុយក្រែន។ ការចរចាគ្នានោះប្រព្រឹត្តអស់ពេលជាង៨ម៉ោង។
លោកត្រាំថានឹងជួបជាមួយលោកពូទីនក្នុងសប្ដាហ៍នេះ
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំថ្លែងកាលពីថ្ងៃទី១១មីនាថា លោកនឹងជួបនិយាយគ្នា ជាមួយសមភាគីរុស្សុីលោកវ្ល៉ាឌីមៀរពូទីនពិតណាស់ក្នុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនប្រកាសយល់ព្រមគាំទ្រសំណើឈប់បាញ់ជាមួយរុស្សុីរយៈពេល៣០ថ្ងៃរបស់អាមេរិក។ ពេលបណ្ដាអ្នកកាសែតសួរលោកពីការជួបគ្នានោះលោកត្រាំឆ្លើយថាប្រាកដណាស់។
ក្រោយការជួបចរចាគ្នារវាងគណៈប្រតិភិអាមេរិកនិងអ៊ុយក្រែននៅអារ៉ាប៊ីសាអីឌីតលោកត្រាំអះអាងថាលោកត្រៀមអញ្ជើញជាថ្មីលោកហ្សេឡេនស្គីមកកាន់សេតវិមាន ក្រោយការប៉ះពាក្យសម្ដីគ្នាធ្ចន់ៗរួចមក៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ