ទីក្រុងម៉ានីឡា៖ នៅទីបំផុត អតីតប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទាំងតក់ក្រហល់ទាំងយប់តាមជើងយន្តហោះពិសេសសំដៅទៅទីក្រុងឡាអេដើម្បីប្រគល់ឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោស។ លោកស្រីសារ៉ាដែលជាកូនស្រីរបស់លោកបានបញ្ជាក់អំពីការបញ្ជូនទៅឡាអេនេះតាមរយៈសេចក្ដីប្រកាសមួយច្បាប់។ សំណុំរឿងនេះពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនសង្ស័យនៅក្នុងការជួញដូរគ្រឿងញៀនដែលគេសង្ស័យថាគាត់ជាអ្នកបញ្ជា។
អតីតប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ ប្រកែកដាច់ខាតមិនព្រមឡើងជិះយន្តហោះដើម្បីចាប់បញ្ជូនទៅកាត់ទោសនៅទីក្រុងឡាអេទេ។ គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមតែម្ដងបន្ទាប់ពីវិលត្រឡប់ពីហុងកុងកាលពីព្រឹកមិញ។ កាលពីមុននោះ លោកបញ្ជាក់ថាលោកមិនជំទាស់នឹងការចាប់ខ្លួនទេ។ លោកគ្រាន់តែដាក់ជាសំណួរថាតើលោកបានធ្វើអ្វីខុស?លោកឌូតឺតេលើកហេតុផលថាស្ថាប័នបរទេសគ្មានដែនសមត្ថកិច្ចទៅលើប្រទេសហ្វ៊ីលីពីនតទៅទៀតទេ។

លោកថ្លែងប្រាប់សមត្ថកិច្ចនៅព្រលានយន្តហោះវីឡាម័រ (Villamor) ថាលោកអាចទទួលការកាត់ទោសនៅក្នុងតុលាការហ្វ៊ីលីពីនតែប៉ុណ្ណោះ។ លោកថ្លែងថាតុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានសិទ្ធិធ្វើរឿងនេះទេ។ ហ្វ៊ីលីពីនលែងជាភាគីហត្ថលេខីរបស់ ICC តទៅទៀតហើយ។ លោកឌូតឺតេថ្លែងថាលោកជាពលរដ្ឋហ្វ៊ីលីពីនម្នាក់ អ្នកទាំងអស់គ្នាក៏ជាពលរដ្ឋហ្វ៊ីលីពីនដូចគ្នា។ ពួកគេគួរណាស់កាត់ទោសលោកនៅតុលាការហ្វ៊ីលីពីន ប្រើប្រាស់ចៅក្រមហ្វ៊ីលីពីន និងរដ្ឋអាជ្ញាហ្វ៊ីលីពីន។

គិតត្រឹមម៉ោង៧យប់ថ្ងៃអង្គារនេះ ពោលគឺដប់ម៉ោងក្រោយការចាប់ខ្លួន លោកឌូតឺតេប្រកែកមិនព្រមឡើងជិះយន្តហោះទៅទីក្រុងឡាអេទេ។ ជួនកាលលោកបានលើកជាទឡ្ហីករណ៍ថាការចាប់ខ្លួនលោកឡើងជិះយន្តហោះមិនដឹងទៅណាបែបនេះមិនខុសពីការចាប់ជំរិតនោះឡើយ។ លោកថ្លែងដូច្នេះបន្ទាប់ពីសមត្ថកិច្ចមិនព្រមប្រាប់ថានឹងដឹកគាត់ទៅទីកន្លែងណាពិតប្រាកដទេ។ លោកថាបើយករឿងនេះទៅឱ្យតុលាការកំពូលសម្រេច តុលាការនឹងជំទាស់មិនឱ្យបញ្ជូនលោកទៅឡាអេទេ។

សមត្ថកិច្ចប្រាប់លោកឌូតឺតេថាគាត់អាចនាំយកមនុស្សបីនាក់ដែលគាត់ទុកចិត្តដើម្បីជិះយន្តហោះអមដំណើរទៅជាមួយ។ លោកឌូតឺតេប្រាប់ថាអ្នកដែលគាត់ចង់អមដំណើរទៅជាមួយគឺមេធាវី។ ប៉ុន្តែក្រុមគ្រួសាររបស់គាត់មិនបាច់ទៅជាមួយទេ។ ក្រោយមក គាត់ប្រាប់ថាបើចង់ចាប់គាត់បញ្ជូនទៅឡាអេត្រូវគិតសាឡើងវិញ ហេងស៊យកូនស្រីគាត់អាចជាប់ឆ្នោតជាប្រធានាធិបតីនៅអាណត្តិថ្មី។

កូនស្រីលោកឌូតឺតេរិះគន់ការចាប់ខ្លួនឪពុករបស់លោកស្រី
លោកស្រីសារ៉ាដែលត្រូវជាកូនស្រីរបស់លោកឌូតឺតេ និងជាអនុប្រធានាធិបតីហ្វ៊ីលីពីនបាននិយាយរិះគន់ខ្លាំងៗចំពោះការចាប់ខ្លួននេះ។ លោកស្រីបានចេញសេចក្ដីថ្លែងការណ៍មួយចាត់ទុកថានេះជាការប្រមាថអធិបតេយ្យភាពជាតិរបស់ខ្លួន ហើយជាការសើចចម្អកឱ្យពលរដ្ឋហ្វ៊ីលីពីនគ្រប់រូបដែលមានជំនឿថាប្រទេសរបស់ខ្លួនមានឯករាជ្យភាពដ៏ពិតប្រាកដ។

លោកស្រីថ្លែងថា «នៅពេលលោកស្រីកំពុងសរសេរសេចក្ដីថ្លែងការណ៍នេះ ឪពុករបស់លោកស្រីត្រូវគេចាប់ទាំងបង្ខំដាក់យន្តហោះសំដៅទៅទីក្រុងឡាអេទាំងយប់។ គ្មានយុត្តិធម៌បន្តិចណាសោះ។ នេះជាការគាបសង្កត់បំបិតមាត់ការតវ៉ា និងជាការធ្វើទុក្ខបុកម្នេញ។ ទង្វើនេះជាការបង្ហាញប្រាប់ពិភពលោកថារដ្ឋាភិបាលមួយនេះចាំតែបោះបង់ចោលពលរដ្ឋរបស់ខ្លួន ហើយនិងក្បត់អធិបតេយ្យភាពជាតិ និងតម្លៃជាតិ។ លោកស្រីអះអាងថាក្រោយការចាប់ខ្លួននោះ ឪពុករបស់លោកស្រីត្រូវគេបំបិទសិទ្ធិគ្រប់យ៉ាង៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ