ខេត្តកំពត ៖ គូគាប់ទ្រនាប់ចិត្តក្នុងពិធីមង្គលការមួយដែលកូនក្រមុំអាយុ៧១ឆ្នាំ និងកូនកំលោះអាយុ៦៦ឆ្នាំ បានក្រាបសំពះផ្ទឹមមុខដូនតាតាមទំនៀមទម្លាប់ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ដែលគេនិយាយថា គូព្រេងពីអតីតជាតិទើបជួបគ្នា ។

ការរៀបចំពិធីមង្គលការកូនកំលោះនិងកូនក្រមុំដែលមានវ័យចំណាស់ជិតជរានេះ គឺជារឿងកម្រមួយដែលគូស្នេហ៍មានវ័យជ្រេណាស់ទៅហើយ តែមនោសញ្ចេតនារវាងពួកគាត់បានបង្ហាញថា គឺជាគូព្រេងទើបជួបគ្នា ទោះបីចូលដល់វ័យត្រាទុកលេខ៦ ឬលេខ៧ ហើយក្តី ក៏មិនអាចរារាំងស្នេហ៍វ័យចំណាស់នេះបានដែរ ។ ពិសេសលោកយាយនៅក្រមុំស្ទើរពេញមួយជីវិត។

នៅក្នុងពិធីសំពះផ្ទឹមនេះ លោកអាចារ្យក៏បានប្រសិទ្ធពរជ័យដល់គូស្រករថ្មោងថ្មី និងបាចផ្កាស្លាសែនចងដៃធ្វើគម្រប់កិច្ចតែមួយព្រឹក ដោយមានក្រុមភ្លេងប្រពៃណីបុរាណប្រគំនិងច្រៀងកំដររោងយ៉ាងរីករាយអធិកអធមផងដែរ ។

កូនកំលោះឈ្មោះ សូ យៀន អាយុ៦៦ឆ្នាំមានទីលំនៅភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ធ្លាប់មានប្រពន្ធនិងកូន២នាក់ ឯប្រពន្ធបានស្លាប់ហើយ ។ លោក សូ យៀន បានរៀបរាប់ថា គាត់មិនមានការងារអ្វីឱ្យធំដុំទេ គឺគាត់ជាអ្នកហៅអ្នកដំណើរឱ្យជិះរថយន្តដែលពាក្យសាមញ្ញថា ចាប់ម៉ូយដាក់នៅបេនឡានផ្សារដើមគ រយៈពេលជិត៣០ឆ្នាំមកហើយ ។

លោកតា សូ យៀន និយាយបន្តថា ការចាប់ដៃគ្នាជាមួយយាយក្រោយនេះគាត់ឈ្មោះ ឧត្តម មុនីរដ្ឋ អាយុ៧១ឆ្នាំ នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ លោកយាយមិនមានប្តីសីពីមុនមកទេ គឺមានន័យថាក្រមុំ១០០% ហៅក្រមុំចាស់ស្ទើរមួយជីវិតប្រៀបដូចរង់ចាំគូព្រេងមកដល់នៅពេលនេះ ។

ទោះបីជាបែបណាលោកសូ យៀន និយាយប្រាប់ចុងក្រោយថា ថ្វីបើយកគ្នាជាប្រពន្ធប្តីមែន តែមិនសង្ឃឹមថាមានកូនចៅអីទេ គឺសម្រាប់ថែទាំមើលគ្នាតែប៉ុណ្ណោះកុំឱ្យលំបាកកូនៗ លោកតាកូនកំលោះបានរៀបរាប់ថា ការជួបស្រឡាញ់គ្នានេះក៏តាមរយៈបងធម៌របស់បងស្រីបង្កើតរបស់លោកតា ។

ស្នេហាមិនមានព្រំដែននោះទេ ពាក្យថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ។ ការដាក់ចិត្តដាក់កាយឱ្យគ្នាទៅវិញទៅមកនេះ ស្ថិតក្រោមការអបអរសាទរពីភ្ញៀវដែលចូលរួមភោជនាហារជាង១០តុដែរ ៕
ចែករំលែកព័តមាននេះ