រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញនៃអង្គភាពសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់(CMAC) បានរកឃើញគ្រាប់បែកយក្ស២គ្រាប់ ទម្ងន់២៣០គីឡូក្រាម ដែលទម្លាក់ពីយន្តហោះនៅក្នុងចម្ការស្វាយចន្ទី និងបាតរណៅ្តដីនៅខេត្តផ្សេងគ្នាកាលពីថ្ងៃ១១ មីនា ២០២៥ ។

យោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃ១១ មីនា ឆ្នាំ២០២៥បានឲ្យដឹងថា ២គ្រាប់ផ្តាច់អាល័យជាគ្រាប់បែកទម្លាក់ពីយន្តហោះ សំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ក្នុង១គ្រាប់ ។

ឯកឧត្តមឱ្យដឹងថា ក្នុងនោះមួយគ្រាប់សម្ងំលាក់ខ្លួនក្នុងចម្ការស្វាយចន្ទី ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ រីឯមួយគ្រាប់ទៀតសម្ងំលាក់ខ្លួននៅបាតរណៅ្តដី ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ទោះបីជាយ៉ាងណាអគ្គនាយកស៊ីម៉ាក់បានអះអាងថា នៅថ្ងៃទី១១ ខែមីនា ២០២៥ មន្ត្រីជំនាញត្រូវដំណើរការដោះបន្សាបតាមលក្ខណៈបច្ចេកទេសដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
គ្រាប់បែកប្រភេទ MK82 មានទម្ងន់ចំនួន២២៧ ឬ ២៣០គីឡូក្រាម គឺគ្រាប់បែកប្រភេទនេះអាចមានចំនួនច្រើនគ្រាប់ដែលបានទម្លាក់លើទឹកដីកម្ពុជា ។

មុននេះឯកឧត្តម ហេង រតនា ធ្លាប់បានលើកឡើងឲ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទម្លាក់់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន ៤៧៥,៥១៥តោន (ជិតកន្លះលានតោន)ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ ណាត់ឲ្យទម្លាក់គ្រាប់បែកសម្លាប់អ្វីៗ ដែលមានជីវិត ដោយកុំឲ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយផង ។
ការទម្លាក់គ្រាប់បែក ក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ