រាជធានីភ្នំពេញ ៖ កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវ និងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF វេលាម៉ោង១០និង០០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ នេះបើតាមក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវកូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោត ពេញវ័យចំនួន៣ក្បាលផ្សេងទៀត ។

សូមជម្រាបថា នេះ គឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ។ សត្វផ្សោតទន្លេ មេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដ៏កម្រ និងមានតម្លៃនេះ ៕
ចែករំលែកព័តមាននេះ