ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករភ័យមិនស្ទើរ ! ខណៈពេលបើកភ្លើងធ្វើការ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះបន្ទប់រដ្ឋបាលរោងចក្រយ៉ាក ជីន

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់​រដ្ឋបាល​ស្ថិត​នៅ​ជាន់​ទី​២ នៃ​អគារ​រោងចក្រ​កាត់ដេរ​យ៉ាក ជី​ន (​ខេ​ម​បូ​ឌា​) អ៊ី​ន ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ទាំង​ព្រឹក ដែល​បណ្ដាល​មក​ពី​ហេតុ​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​និយោជក…

រាជធានី​ភ្នំពេញ ៖ បន្ទប់​រដ្ឋបាល​ស្ថិត​នៅ​ជាន់​ទី​២ នៃ​អគារ​រោងចក្រ​កាត់ដេរ​យ៉ាក ជី​ន (​ខេ​ម​បូ​ឌា​) អ៊ី​ន ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ទាំង​ព្រឹក ដែល​បណ្ដាល​មក​ពី​ហេតុ​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​និយោជក និង​អាជ្ញាធរ​មូលដ្ឋាន ភ័យ​ព្រលឹង​ចុង​សក់ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ផង​ដែរ ។

ប៉ុន្តែ​ជា​សំណាងល្អ​ខ្លាំង​ណាស់ នៅ​ក្នុង​ពេល​ភ្លើង​កំពុង​ឆាបឆេះ បុគ្គលិក​រោងចក្រ​នោះ​បាន​យក​បំពង់​ពន្លត់​ទៅ​បាញ់​ពន្លត់ ដោយ​ប្រើប្រាស់​អស់​ត្រឹម​១០​បំពង់​ប៉ុណ្ណោះ ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​បន្តិច ។

ដោយឡែក កម្មករ​ជា​ច្រើន​ដែល​បាន​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ​មុន​បាន​រត់​ចេញ​ក្រៅ​អគារ​រោងចក្រ​ប្រសេចប្រសាច ប៉ុន្តែ​ក្រោយ​ពេល​ស្ងប់ស្ងាត់​បាន​បន្តិច​ក៏​ចូល​ទៅ​វិញ ហើយ​ចូល​បាន​មួយសន្ទុះ​បើកភ្លើង​តាម​ឡាញ​ការងារ ស្រាប់តែ​មានការ​ឆ្លង​ចរន្ត​អគ្គិ​នី​ជា​លើក​ទី​២​ទៀត ។ ទើប​កម្មករ​កម្មការិនី​រត់​ចេញ​ក្រៅ​ម្ដងទៀត ហើយ​ខាង​រោងចក្រ​បាន​ឲ្យ​កម្មករ​កម្មការិនី​សម្រាក​១​ព្រឹក​សិន ហើយ​ពេល​ថ្ងៃ​នៃ​ថ្ងៃ​ដដែល​នោះ​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​កម្មករ និង​សមត្ថកិច្ច ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យ៉ាក ជី​ន (​ខេ​ម​បូ​ឌា​) អ៊ី​ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​ជាង​៣​ពាន់​នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​កម្មករ​កម្មការិនី​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ​បណ្ដើរ​ៗ​ទៅ​ហើយ ជាងភ្លើង​បាន​បើក​កុងតាក់​ភ្លើង ដើម្បី​បំភ្លឺ​នៅ​ក្នុង​អគារ​រោងចក្រ​ឲ្យ​កម្មករ​ធ្វើ​ការងារ ហើយ​គ្រាន់តែ​បើក​ភ្លាម​ក៏​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុង​បន្ទប់​រដ្ឋបាល​ស្ថិត​នៅ​ជាន់​ទី​២ នៃ​អគារ​រោងចក្រ​នោះ​តែ​ម្ដង ។

ពេល​នោះ បង្ក​ឲ្យ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​រោងចក្រ​នោះ​យ៉ាង​ខ្លាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​ទៅ​កាន់​ទីនោះ និង​បាន​ផ្ដល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជា​បន្ទាន់​ផង​ដែរ ។

សមត្ថកិច្ច ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងពលតូច​ទ័ព ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​នោះ ស្រាប់​បាន​ចេញ​ទៅ​ដល់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពុំ​បាន​បាញ់​ទឹក​ទេ ។

ដោយសារ​តែ​ក្នុង​ពេល​ភ្លើង​កំពុង​ឆាបឆេះ​បុគ្គលិក​រោងចក្រ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ហើយ​ក្រោយ​ពី​ការ​ប្រើប្រាស់​អស់​ចំនួន​១០​បំពង់​ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ហើយ​បន្ទប់​រដ្ឋបាល​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ