ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ ទទួល​បាន​ជោគជ័យ​ពី​ការបញ្ចុះ​ពន្ធ ពី​៤៩% មក​ត្រឹម ៣៦% ​ពី​សហរដ្ឋអាមេរិក

16 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណា​ល់ ​ត្រាំ​ បានផ្ញើ​លិខិត​មក​កាន់នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អំពី​ការ​កំណត់​អត្រាពន្ធគយ​ថ្មី​មក​លើ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណា​ល់ ​ត្រាំ​ បានផ្ញើ​លិខិត​មក​កាន់នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អំពី​ការ​កំណត់​អត្រាពន្ធគយ​ថ្មី​មក​លើ​កម្ពុជា ដែល​បាន​ចុះ​ពី​៤៩​ភាគរយ មក ៣៦ភាគរយ ​នេះ​ចាត់ទុកជា​ជោគជ័យ​ធំ​មួយ​របស់​កម្ពុជា ​ក្នុង​ជំ​ហ៊ាន​ទី​១​ ក្នុង​ការ​ចរចា​ពន្ធ​បដិការ​របស់​យើង​។ នេះ​ជា​ការ​ថ្លែ​បញ្ជាក់​ពី​សំណាក់ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ ២០២៥​នេះ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បានឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២ ខែមេ​សា ឆ្នាំ២០២៥ ​ពន្ធ​បដិការ ​ដែល​សហរដ្ឋអាមេរិក​បាន​កំណត់​មក​កម្ពុជា​៤៩​ភាគរយ ឥឡូវនេះ​ចុះ​មក​៣៦​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត ​ដូច​ជា​ប្រទេស​ឡាវ ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ផ្សេង​ៗ​ទៀត​ឃើញ​ថា ​អត្រាពន្ធ​បដិការ​មានការ​ចុះ និង​ខ្លះ​ទៀត​ថេរ ប៉ុន្តែ​ក្នុង​ចំណោម​នេះ​ មាន​ប្រទេស​មួយ​ចំនួន​ពន្ធ​បដិការ​នេះ ​បាន​ឡើង​ពី​២៥​ទៅ​ជា​២៦​ភាគរយ​វិញ ​ក្នុង​នេះ​ដូច​ជា​ប្រទេស​ជប៉ុន​ មានការ​តម្លើង​ពី​២៤​ទៅ​ជា​២៥​ភាគរយ​ជាដើម​។ ​បើ​ប្រៀបធៀប​ គឺ​កម្ពុជា​យើង​ទទួល​បាន​ជោគជ័យ​ណាស់ គឺ​ជោគជ័យ​ក្នុង​ការ​ចរចា ហើយ​ការ​ទទួល​បាន​ជោគជ័យ​នេះ​ដោយសារ​យើង​ចរចា​ដោយ​សុចរិត ដោយ​ស្មោះត្រង់​ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល​ បាន​មាន​ប្រសាសន៍​ថា​ «​ខ្ញុំ​សូម​ជំរាប​ថា ​ពន្ធ​បដិការ​នេះ​នឹងចូល​ជា​ធរមាន​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥​ ក្នុង​ករណី​យើង​មិន​មានការ​ចរចា​បន្ថែម​ទៀត ​ជាមួយ​ប្រទេស​សហរដ្ឋអាមេរិក​ទេ​។​ ទោះបី​យ៉ាងណា ​ក្នុង​លិខិត​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក ដូ​ណា​ល់ ​ត្រាំ បាន​ផ្ញើរ​ជូន​សម្តេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ​បើកឱកាស​ឱ្យ​យើង​ទៅ​ចរចា បន្ថែម​ទៀត ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ ២០២៥»​ ។

ជុំវិញ​បញ្ហា​នេះ​ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា «​ខ្ញុំ​បាន​ផ្ញើរ​អ៊ី​ម៉ែ​ល​ ទៅ​កាន់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ព្រឹក​ម៉ិ​ញ​នេះ​(​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ២០២៥)​ ថា ​យើងខ្ញុំ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ដំណើរ ​ឬ​ចរចា​តាម​ប្រព័ន្ធ​អន​ឡាញ ​ដើម្បី​បន្ថយ​អត្រាពន្ធ​បដិការ​ថែម​ទៀត​។ ​ខ្ញុំ​សុំ​ជំរាប​ថា ​អត្រាពន្ធ​នេះ ​មិនមែន​អត្រា​ជាក់ស្តែង ចូល​ជា​ធរមាន​ពិតប្រាកដ​ទេ​ ពោល​គឺ​យើង​នៅ​មានឱកាស ទៅ​ចរចា​បន្ថែម​ទៀត ​ដើម្បី​បន្ថយ​អត្រាពន្ធ​បដិការ​នេះ​» ។

ជាមួយ​គ្នា​ កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី សហរដ្ឋអាមេរិក ​ដែល​បាន​បញ្ចុះ​អត្រាពន្ធ​ជូន​ដល់​កម្ពុជា​ពី ៤៩​មក​ត្រឹម ៣៦​ភាគរយ ហើយ​យើង​នឹង​បន្ត​ចរចា ដើម្បី​បន្ថយ​អត្រាពន្ធ​នេះ​ផង និង​ក៏​ដូច​ជា​ពង្រឹងពង្រីក​លើ​វិស័យ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។

ទន្ទឹម​ជាមួយ​គ្នា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ ដែល​មាននៅ​កម្ពុជា សុំ​ថែរក្សា​ភាព​ស្ងប់ស្ងៀម រាជរដ្ឋាភិបាល​កម្ពុជា មាន​លទ្ធភាព គ្រប់​បែប​យ៉ាង​ ដើម្បី​ការពា​រវិ​និយោជិត​ដើម្បី​ផលប្រយោជន៍​របស់​កម្ពុជា​យើង​។​ ជាមួយ​គ្នា​នេះ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង ឱ្យ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ដែរ​ថា​ នា​ពេល​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុ​ម័ត្រ​គម្រោង​៣៧៣​គម្រោង ចាប់ពី​ខែមករា ដល់​ខែមិថុនា​កន្លង​មក​ពោល​គឺ​កន្លះ​ឆ្នាំ យើង​អនុ​ម័ត្រ​លើស​ឆ្នាំ ២០២៣​កន្លង​មក​និង​បើ​យើង​បន្ថែម​មួ​យស​ប្តា​ហ៍​បន្ថែម​ទៀត​រហូត​ដល់​៤​កក្កដា គឺ​យើង​បាន​អនុ​ម័ត្រ​គម្រោង​រហូត​ដល់ ៣៩៦​គម្រោង ដែល​មាន​ទុន​វិនិយោគ​៦​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នេះ​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ២៧១​ពាន់​កន្លែង​។​ ដូចនេះ​ គឺ​កម្ពុជា​យើង​នៅ​មាន​តែ​ឱកាស មាន​លទ្ធភាព​ទាក់ទាញ​វិនិយោគ​មក​ដាក់​ទុន​នៅ​កម្ពុជា​ដើម្បី​បង្កើត​ការងារ​ជូន បងប្អូន​ប្រជាពលរដ្ឋ​យើង​។​ដូច្នេះ​ចំពោះ​បងប្អូន​របស់​យើង​បើ​ចង់​វិល​ត្រឡប់​មក​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ សូម​អញ្ជើញ​វិល​ត្រឡប់​មក​វិញ​ដោយសារ​យើង​មានការ​ងារ ២៧១​កន្លែង ជូន​ដល់​បងប្អូន​យើង​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី ប្រទេស​កម្ពុជា​ដល់​ទៅ ៤៩​ភាគរយ ដោយសារ​សហរដ្ឋ​អាម៉េរិក មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ក្នុង​កម្រិត ៩៧​ភាគរយ​រួច​មក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ