ខេត្តព្រៃវែង ៖ តំបន់អភិរក្សទំនប់ឈូក មានផ្ទៃក្រឡាប្រមាណ 30 ហិចតា ស្ថិតនៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ដែលពីមុនសម្បូរទៅដោយហ្វូងសត្វស្លាបជាច្រើនប្រភេទរស់នៅ ពេលនេះកំពុងត្រូវបានក្រុមឈ្មួញដាក់គ្រឿងចាក់ឈូសឆាយ ដុតបំផ្លាញព្រៃចោល ហើយជីកដីលក់យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរឃុំស្រុក បែរជាសម្ងំស្ងាត់ឈឹង ដូចត្រូវថ្នាំសណ្តំ ។
ប្រជាពលរដ្ឋនៅក្បែរតំបន់អភិរក្សទំនប់ឈូកនេះបានឲ្យដឹងថាទីតាំងនេះពីមុនសម្បូរសត្វស្លាបច្រើនប្រភេទរស់នៅ រហូតដល់អាជ្ញាធរនិងមន្ត្រីពាក់ពន្ធ័ សម្រេចប្រកាសយកតំបន់នេះ ជាតំបន់អភិរក្សទៀតផង។ ប៉ុន្តែអំឡុងពេល 2 ឆ្នាំចុង ក្រោយនេះ ដោយសារតែមានការលួចចាប់សត្វក្នុងតំបន់នេះច្រើន ធ្វើឲ្យសត្វស្លាបទាំងអស់ងាប់ និងរត់ចេញអស់ ទើបក្រុមអ្នកការពារនាំគ្នាលែងអភិរក្សលែងការពារ ហើយបន្ទាប់មក ក៏ឃើញគ្រឿងចក្រមួយក្រុម ដែលមានថៅកែឈ្មោះ ដេត បានចូលមកឈូសឆាយដុតបំផ្លាញព្រៃក្នុងតំបន់អភិរក្សនេះ ហើយជីកដីលក់យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ដោយមិនដឹងថាគេបានច្បាប់អនុញ្ញាតពីខាងណានោះទេ។ ចំពោះសកម្មភាពនេះ បុរសឈ្មោះ ដេត ជាម្ចាស់គ្រឿងចក្រដែលកំពុងឈូសឆាយព្រៃ និងជីកដីក្នុងតំបន់អភិរក្សនេះ បានឲ្យដឹងថា រូបគេជីកដីនេះគឺដើម្បីស្តារដីមេទឹក ដើម្បីបានទឹកទុកឲ្យប្រជាពល រដ្ឋប្រើប្រាស់ ហើយការជីកនេះគឺធ្វើតាមការសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាលោកមេភូមិផងដែរ។
លោក ចាន់ កិ មេឃុំរាប បានឲ្យដឹងនៅរសៀលថ្ងៃទី 31 កក្ករានេះថា គ្រឿងចក្ររបស់ឈ្មួញឈ្មោះ ដេត បានជីកដីក្នុងតំបន់អភិរក្សទំនប់ឈូកនេះ ជិតពីរឆ្នាំហើយ ដោយលោកមេភូមិជ្រៃ និងមេភូមិពោធិសាបាង ជាអ្នកឲ្យជីក ហើយគេបានស្នើសុំមករូបលោកជាមេឃុំដែរ តែលោកមិនហ៊ានសម្រេច ក៏បញ្ជូនបន្តទៅលោកអភិបាលស្រុក ហើយមកដល់ពេលនេះ លោកមិនដឹងថាតើខាងស្រុកគេអនុញ្ញាតឬអត់នោះទេ ពីព្រោះលោកមិនដែលឃើញលិខិតនោះ ហើយក៏មិនដែលបានចុះទៅមើលទីតាំងដែលគេជីកនោះដែរ។
ដោយឡែកលោក ចេម ប្រា អភិបាលស្រុកពារាំងបានឲ្យដឹងតាមប្រព័ន្ធ telegram ថា លោកមិន ទាន់បានដឹងរឿងនេះទេ ចាំលោកចាត់ឱ្យមន្ត្រីចុះទៅពិនិត្យមើលសិន។ ជុំវិញរឿងរ៉ាវមួយនេះ មានប្រជាពលរដ្ឋជាច្រើនបានសំដែងនូវការងឿងឆ្ងល់ថា ក្រុមឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃក្នុងតំបន់អភិរក្សនិងជីកដីលក់យ៉ាងគ្រប់គ្រេងរាល់ថ្ងៃ ជិតពីរឆ្នាំហើយ បែរជាអាជ្ញាធរសម្ងំស្កាត់ឈឹងគ្មានអ្នកណាចុះទៅពិនិត្យមើល និងហាមឃាត់ទាល់តែសោះបណ្ដោយអោយក្រុមឈ្មួញបំផ្លាញដីព្រៃតំបន់អភិរក្សស្រេចតែទំនើងចិត្តបែបនេះ តើហេតុអ្វីទៅ? សង្ស័យត្រូវថ្នាំសណ្តំទេដឹង?…ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ