រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុជន និងកីឡាបានគូសបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅថ្ងៃទី២៨-២៩ ខែសីហាឆ្នាំ២០២៥ ហើយបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុង ខេត្តរបស់ខ្លួនក៏បានឬនៅខេត្តផ្សេងទៀតក៏បាន។
យោងតាមសេចក្តីជូនដំណឹងស្តីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ក្រសួងអប់រំនៅថ្ងៃទី៣១កក្កដា ឆ្នាំ២០២៥បានលើកឡើងថាសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួន។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ។
ក្រសួងបានបន្ថែមថាជាមួយគ្នានោះ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅ ដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុង ខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបាន សម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ចំពោះបេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារ ដដែល។ ចំពោះបេក្ខជន ដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុង ខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំមណ្ឌលប្រឡងនៅ ក្នុងភូមិសាស្ត្រស្រុកពួកនៃខេត្តសៀមរាប។ ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹក ជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការ ចាំបាច់។
ក្រសួងអប់រំបានលើកឡើងថាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន ២៣ (លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ) ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួល បានពីបេក្ខជនភៀសខ្លួន ពីខេត្តទាំងពីរខាងលើ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួង (នាយកដ្ឋានកិច្ចការប្រឡង) នៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។
ក្រសួងនឹងបោះពុម្ពសលាកបត្រឯកត្តជន របស់បេក្ខជន ដើម្បីឱ្យបេក្ខជនភៀសខ្លួន អាចមកទទួលនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ ជាមួយគ្នានោះដែរក្រសួងអប់រំក៏បានឲ្យដឹងថាក្រសួងនឹងមានវិធានការគាំទ្រពិសេស សម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្រសួងអប់រំក៏សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត នាយក នាយិកា គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល បេក្ខជនគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀម លក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ចែករំលែកព័តមាននេះ