ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំប្រហែលជាទ្រាំមើលរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំងឡើងៗវេទនាភ្នែកពេក។ ហេតុដូច្នេះនៅថ្ងៃនេះលោកសូមប្រកាសយ៉ាងឱឡារិកថាអាមេរិកនឹងបញ្ជូនអាវុធឱ្យបានច្រើនៗទៅឱ្យអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាមដែលក្លាយជាជម្លោះដ៏រ៉ាំរ៉ៃ។ រយៈពេលជាងបីឆ្នាំទៅហើយនៅតែមិនទាន់រកឃើញដំណោះស្រាយ និងពន្លឺសន្តិភាពនៅឡើយទេ។
លោកត្រាំថាគាត់ចង់ផ្ដោតសំខាន់ទៅលើការបញ្ជូនអាវុធការពារខ្លួនដើម្បីឱ្យអ៊ុយក្រែនអាចទប់ទល់នឹងការវាយសម្រុកកាន់តែខ្លាំងរបស់រុស្ស៊ី។ ការថ្លែងដូច្នេះបន្ទាប់ពីគេទទួលដំណឹងកាលពីប៉ុន្មានថ្ងៃមុននេះថាអាមេរិកសម្រេចចិត្តផ្អាកផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន។ កាលនោះ លោកត្រាំថ្លែងថាអាមេរិកផ្ដល់អាវុធច្រើនពេកកាលពីជំនាន់លោកបៃដិន ដូច្នេះធ្វើឱ្យអាវុធរលស់អស់ច្រើនពីក្នុងឃ្លាំង។ ចំណាត់ការនេះត្រូវក្រុមប្រជាធិបតេយ្យ និងក្រុមសាធារណរដ្ឋខ្លះដាក់ការស្ដីបន្ទោស។
ដូច្នេះលើកនេះច្បាស់ហើយ លោកត្រាំនឹងបន្តផ្ដល់អាវុធដូចធម្មតាឡើងវិញ។ លោកថ្លែងថាយើងនឹងបញ្ជូនអាវុធច្រើនៗទៅឱ្យអ៊ុយក្រែន។ យើងចាំបាច់ត្រូវតែធ្វើដូច្នេះ។ ពួកគេ (អ៊ុយក្រែន) គួរណាស់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួន។ លោកថ្លែងដូចខាងលើនេះនៅចំពោះមុខអ្នកសារព័ត៌មាននៅពេលទទួលជួបលោកណឺតាន់យ៉ាហ៊ូទទួលទានអាហារពេលយប់នៅសេតវិមាន។
លោកថ្លែងបន្តទៀតថាពួកគេទទួលរងការវាយប្រហារកាន់តែខ្លាំងឡើងៗ។ ហេតុនេះ យើងត្រូវតែបញ្ជូនអាវុធទៅឱ្យពួកគេ ជាប្រភេទអាវុធការពារខ្លួន។ ក្រសួងការពារជាតិអាមេរិកប្រកាសថាខ្លួននឹងបញ្ជូនអាវុធការពារខ្លួនតបតាមការណែនាំរបស់លោកត្រាំដើម្បីឱ្យអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ី ហើយទន្ទឹមនឹងនោះ ដំណើរការចរចាគ្នាក៏ត្រូវតែធ្វើជាបន្តទៀតដើម្បីឱ្យមានសន្តិភាពជាអចិន្ត្រៃយ៍។ ចំណែកផែនការដឹកជញ្ជូនអាវុធទៅលក់នៅប្រទេសនានាទូទាំងពិភពលោកនៅតែធ្វើឡើងជាធម្មតាឥតមានប៉ះពាល់ទេ។
កាលពីថ្ងៃសុក្រ លោកត្រាំបង្ហើបឱ្យដឹងថាអ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាត (Patriot) ដើម្បីការពារខ្លួន។ ប៉ុន្តែកាលពីយប់មិញ លោកមិនបាននិយាយថានឹងបញ្ជូនអាវុធប្រភេទណាខ្លះទៅឱ្យអ៊ុយក្រែនទេ។ ចំណែកមន្ទីរបញ្ចកោណក៏មិនបាននិយាយលម្អិតអំពីបញ្ហានេះដែរ។ គួរកត់សម្គាល់ថាការសម្រេចចិត្តបញ្ជូនអាវុធលើកនេះធ្វើឡើងបន្ទាប់ពីមានការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកត្រាំ និងលោកហ្សេឡិនស្គី។ ប្រមុខដឹកនាំអ៊ុយក្រែនចាត់ទុកថានោះជាការសន្ទនាគ្នាដ៏ល្អ។ ខាងលើនេះជាការដកស្រង់ប្រភពពីញូស្វីក (Newsweek), រ៉យទ័រ (Reuters) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ