រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបន្តចរចាពន្ធបដិកាជាមួយអាម៉េរិកបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រេចបន្ថយអត្រាពន្ធដល់កម្ពុជាក្នុងកម្រិតពី៤៩% មកត្រឹម ៣៦% វិញ ។
ការថ្លែងនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចរចាពន្ធបដិការវាងកម្ពុជា-អាម៉េរិក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា បើទោះបីជាអត្រាពន្ធបដិកានាំចេញទៅអាម៉េរិក ស្ថិតក្នុងកម្រិត៣៦% ក៏ដោយ ប៉ុន្តែតាមរយៈការចរចានេះ កម្ពុជាទទួលបានលទ្ធផលប្រសើរជាងគេ បើធៀបនឹង ១៤ប្រទេសផ្សេងទៀត ពោលគឺបានធ្លាក់ចុះ ជិត២៧% ហេតុដូច្នេះហើយកម្ពុជា នឹងបន្តចរចានៅជំហានបន្ទាប់ទៀត ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា អត្រាពន្ធពន្ធបដិកា៣៦% នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងករណី ដែលកម្ពុជាគ្មានការចរចាជាមួយអាម៉េរិកបន្តទៀត។ ប៉ុន្តែបើយោងតាមលិខិតដែលប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនសម្តេចបវរធិបតី លោកនឹងបើកឱកាសឱ្យកម្ពុជា ទៅចរចាបន្ថែមទៀត ឱ្យបានមុនថ្ងៃទី១ ខែសីហា ។
បើតាមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខណៈនេះ ក្រុមការងារចរចារបស់កម្ពុជា បានត្រៀមរួចជាស្រេចហើយ មិនថា ទៅចរចានៅសហរដ្ឋអាម៉េរិកដោយផ្ទាល់ ឬតាមអនឡាញនោះទេ ដើម្បីបន្ថយអត្រាពន្ធបដិកា ឱ្យទាបជាង៣៦% និងដើម្បីពង្រីកលទ្ធភាព នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ទន្ទឹមនឹងនេះ កម្ពុជាមានចំណុចជាច្រើន ដែលត្រូវលើកយកទៅចរចាជាមួយអាម៉េរិក ។
គួរជម្រាបជូនថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រា តាមលិខិតរយៈលិខិតផ្ញើជូនសម្តេចបវរធិបតី សហរដ្ឋអាម៉េរិកបានទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩% មកនៅ ៣៦% ខណៈប្រទេសថៃ អត្រាពន្ធនៅរក្សាដដែល គឺ៣៦%។ ចំណែកប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក ក៏មិនបានបញ្ចុះអត្រាពន្ធនោះទេ ដោយប្រទេសកូរ៉េខាងត្បូងរក្សាអត្រា ២៥% ដដែល ឯជប៉ុនវិញឡើងពី២៤% មក២៥% ៕




ចែករំលែកព័តមាននេះ