ទីក្រុងបាងកក៖ មើលស្រាលមិនបានទេ កាលម្ហឹកចុងឆ្នាំ២០០៤ ថៃស្លាប់ដោយសាររលកយក្សស៊ូណាមីជាង៥ពាន់នាក់។ ដូច្នេះអភិបាលនៃគណៈអភិបាលខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងសមុទ្រអាន់ដាម៉ាន់ (Andaman) បានទទួលការណែនាំពីថ្នាក់លើដើម្បីបង្កើនការប្រុងប្រយ័ត្ន និងដាក់ចេញវិធានការបង្ការ និងជួយសង្គ្រោះនៅក្នុងករណីដែលមានគ្រោះធម្មជាតិកើតឡើង។
អនុរដ្ឋមន្ត្រីមហាផ្ទៃព្រមានថាចៅហ្វាយខេត្តណាមិនព្រមអនុវត្តបទបញ្ជាដោយម៉ឺងម៉ាត់ទេមុខជាត្រូវថ្មោងជាមិនខាន។ ទោះបីគ្មានសញ្ញាច្បាស់១០០%ថានឹងមានរលកយក្សស៊ូណាមីក៏ដោយ ប៉ុន្តែថៃយល់ថាការពារប្រសើរជាងព្យាបាល។ លោកស្រីធីរ៉ារ៉ាត់ (អនុរដ្ឋមន្ត្រីមហាផ្ទៃ) បានចេញសេចក្ដីណែនាំមួយបន្ទាប់ពីកោះប្រជុំអភិបាលខេត្ត និងមន្ត្រីអន្តរក្រសួងនៅទីក្រុងបាងកក។
ប្រធានបទសំខាន់នៃកិច្ចជំនួបនោះគឺការត្រៀមខ្លួនដោះស្រាយបញ្ហារញ្ជួយដី និងរលកយក្សស៊ូណាមីដែលអាចនឹងកើតមាននៅតាមមាត់សមុទ្រអាន់ដាម៉ាន់។ លោកស្រីថ្លែងថារដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ។ ឥឡូវនេះអ្នកខ្លះកំពុងតែដេកភ័យខ្លាចរលកយក្សស៊ូណាមីកើតឡើងជាថ្មីដូចកាលពីជាងម្ភៃឆ្នាំមុន។ ការព្រួយបារម្ភនេះបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សាយថាមានករណីរញ្ជួយដីជាច្រើនលើកច្រើនសានៅបាតមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិច។
ហេតុនេះដើម្បីឱ្យអស់សង្ស័យ និងលុបបំបាត់ការភ័យខ្លាច លោកស្រីធីរ៉ារ៉ាត់ថ្លែងថាបណ្ដាខេត្តមាត់សមុទ្រអាន់ដាម៉ាន់ត្រូវតែលៃលកថវិកាឱ្យបានគ្រប់គ្រាន់ រួមទាំងប្រមូលកម្លាំងមនុស្ស និងសម្ភារៈដើម្បីចេញប្រតិបត្តិការភ្លាមបើមានហេតុការណ៍នេះកើតឡើង។ ជាការពិតរលកយក្សស៊ូណាមីគ្មានអ្វីអាចទប់ស្កាត់វាបានឡើយ។ វិធានការដែលអាជ្ញាធរអាចធ្វើបានគឺជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនក្រោយហេតុការណ៍នោះ ឬជួយជម្លៀសមនុស្សឱ្យបានទាន់ពេលវេលាតែប៉ុណ្ណោះ។
អាជ្ញាធរត្រូវបន្តធ្វើបច្ចុប្បន្នភាពត្រូវជម្លៀសមនុស្សទៅកន្លែងណា និងត្រូវទៅជ្រកកោននៅកន្លែងណា។ ម៉្យាងទៀត អាជ្ញាធរត្រូវឧស្សាហ៍ហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈសម្បត្តិទុកជាមុននៅពេលកើតមានគ្រោះធម្មជាតិ។ ធ្វើដូច្នេះដើម្បីងាយស្រួលឱ្យប្រជាជនបន្សាំខ្លួន។ នៅពេលកើតហេតុការណ៍នោះភ្លាម ពួកគេអាចទទួលបានបទពិសោធថាត្រូវដោះស្រាយតាមវិធីណា។ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយត្រូវធានាថាប្រព័ន្ធប្រកាសអាសន្នអំពីរញ្ជួយដី និងរលកយក្សបើកប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោង។
ប្រព័ន្ធនេះត្រូវតែទទួលព័ត៌មានសុក្រឹត។ ផ្នែកទំនាក់ទំនងសាធារណៈត្រូវក្ដាប់ព័ត៌មានឱ្យបានច្បាស់ការណ៍នៅក្នុងដៃដើម្បីជូនដំណឹងទៅសាធារណជនមិនឱ្យខុស។ ព័ត៌មានជារឿងសំខាន់ណាស់។ បើផ្សាយចេញទៅខុសនឹងធ្វើឱ្យមនុស្សយល់ច្រឡំ និងជ្រួលច្របល់ជាមិនខាន។ ជាពិសេស អ្នករស់នៅតាមតំបន់មាត់សមុទ្រ។ ចំពោះសំណួរថាថ្មីៗនេះគេចាប់បានសញ្ញានៃការរញ្ជួយដីនៅបាតសមុទ្រនៃឆ្នេរសមុទ្រថៃនោះតើយ៉ាងម៉េចទៅវិញ? លោកស៊ុមេត សៃថង (Sumet Saithong) ជាអនុប្រធាននាយកដ្ឋានធនធានរ៉ែថ្លែងថាចលនារញ្ជួយដីទាំងនោះខុសគ្នាពីករណីឆ្នាំ២០០៤។
មានន័យថានោះគ្រាន់តែជាចលនារញ្ជួយកម្រិតតូចៗ។ ដូច្នេះមិនធ្វើឱ្យទឹកសមុទ្រកញ្ជ្រោលខ្លាំងក្លាយជារលកយក្សស៊ូណាមីនោះទេ។ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថាបើមានការរញ្ជួយត្រឹមតែកម្រិត២,៥រ៉ិចទ័រ ឬលើសនេះនឹងបញ្ជូនរលកសញ្ញាទៅប្រព័ន្ធប្រកាសអាសន្នភ្លាម។ ចំពោះការរញ្ជួយដីបាតសមុទ្រលុះត្រាតែមានកម្រិតរញ្ជួយចាប់ពី៥រ៉ុចទ័រឡើងទៅទើបបញ្ជូនរលកសញ្ញាទៅប្រព័ន្ធប្រកាសអាសន្ន៕
ចែករំលែកព័តមាននេះ