សភាពការណ៍នៅព្រំដែនពាក់ព័ន្ធនឹងដែនអធិបតេយ្យភាពរវាងកម្ពុជា និងថៃ នៅមិនទាន់ស្ងប់នៅឡើយទេ ទោះបីជាមានសេចក្តីរាយការណ៍ថា អាជ្ញាធរប្រទេសទាំងពីរបានសម្របសម្រួល និងឈានទៅពង្រឹងសភាពការណ៍ឲ្យដូចជា មុនបាតុភាព កាលពីខែកុម្ភៈក៏ដោយចុះ ។ កាសែតបាងកកប៉ុស្តិ៍…
សភាពការណ៍នៅព្រំដែនពាក់ព័ន្ធនឹងដែនអធិបតេយ្យភាពរវាងកម្ពុជា និងថៃ នៅមិនទាន់ស្ងប់នៅឡើយទេ ទោះបីជាមានសេចក្តីរាយការណ៍ថា អាជ្ញាធរប្រទេសទាំងពីរបានសម្របសម្រួល និងឈានទៅពង្រឹងសភាពការណ៍ឲ្យដូចជា មុនបាតុភាព កាលពីខែកុម្ភៈក៏ដោយចុះ ។
កាសែតបាងកកប៉ុស្តិ៍ បានលើកឡើងថា ក្រោយមានបញ្ហាតានតឹងកាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ប្រាសាទនេះបានបើកឲ្យសាធារណជនចូលទស្សនាឡើងវិញ ប៉ុន្តែភ្ញៀវទេសចរត្រូវបានប្រុងប្រយ័ត្នកុំឲ្យធ្វើសកម្មភាពបង្កហេតុណាមួយនៅទីនោះ ។
លោក ថាណាធីប សាវ៉ាងសឿង (Thanathip Sawangsaeng) អ្នកនាំពាក្យក្រសួងការពារជាតិថៃបាននិយាយថា អ្នកចូលទស្សនាត្រូវចៀសវាងការធ្វើសកម្មភាពជានិមិត្តរូបដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ ។ លោកបានបន្តថា គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ បានសម្រេចបើកប្រាសាទឡើងវិញ បន្ទាប់ពីពិនិត្យការឆ្លើយតបរបស់ប្រទេសទាំងពីរចំពោះឧប្បត្តិហេតុថ្មីៗនេះនៅក្នុងតំបន់រសើបនេះ ។ ព័ត៌មាននៃឧបទ្ទវហេតុនេះ បានប៉ះ និងមានការជជែកដេញដោលគ្នាច្រើនតាមអ៊ីនធឺណិតដ៏ក្តៅគគុកទាំងនៅថៃ និងនៅកម្ពុជា ។
សាធារណមតិទាំងពីរប្រទេសនៅតែបន្តបង្ហាញពីភាសាជាតិនិយមទៅវិញទៅមក ហើយនៅថ្ងៃទី០៩ ខែមីនា គណបក្សនយោបាយមួយបានដឹកនាំក្រុមការងាររបស់ពួកគេទៅកាន់ទីនោះ ។
សារព័ត៌មាន the Nation បានរាយការណ៍ថា គណបក្សជម្រើសថ្មី ដឹកនាំដោយប្រធានគណបក្ស គឺលោក រ៉ាឆេន ត្រាគុលវៀង (Rachen Trakulwiang) ប្រុងនាំមនុស្សមួយក្រុមទៅរៀបចំកម្មវិធីច្រៀងបទគោរពទង់ជាតិថៃនៅប្រាសាទនោះ ប៉ុន្តែត្រូវបានយោធាថៃជំរុញឲ្យប្តូរទីតាំងជំនួសការប្រមូលផ្តុំនៅមុខប្រាសាទតាមាន់ធំ ។
ប្រភពដដែលបានបន្តថា សមាជិក និងសមាជិកាបក្សបានចាកចេញពីទីស្នាក់ការគណបក្សនៅខេត្តនុនថាបូរី នៅម៉ោង៤ព្រឹកថ្ងៃ ហើយសមាជិកខ្លះបានទៅដល់ប្រាសាទតាមាន់ធំរួចហើយ តែមិនបានធ្វើទេ ដោយត្រូវកងកម្លាំងយោធាថៃបង្វែរទៅចេញពីទីនោះទៅប្រាសាទបានប្លួង (Ban Phluang ) នៅក្បែរនោះ ដោយសារតែមានសេចក្តីរាយការណ៍ថា ខាងកម្ពុជាយើងក៏បានរៀបចំកម្មវិធីប្រមូលផ្តុំមនុស្សនៅក្បែរៗនោះដែរ ។
ពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែន ខាងកម្ពុជា ពិសេសថ្នាក់ដឹកនាំនៃកម្ពុជាដែលមានសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានស្នើឲ្យរក្សាស្ថានភាពព្រំដែនឲ្យស្ងប់ស្ងាត់ហើយទុកឲ្យមន្ត្រីជំនាញបច្ចេកទេស របស់ភាគីទាំងពីរដោះស្រាយតាមជំនាញ និងឯកសារស្របច្បាប់ពាក់ព័ន្ធ ។ ខណៈដែលអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច ជាពិសេសយោធាក៏បានពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់នោះផងដែរ ៕
ចែករំលែកព័តមាននេះ