ប្រទេសហ្វ៊ីលីពីន ៖ វិមានប្រធានាធិបតីគូសបញ្ជាក់ថា អតីតប្រធានាធិបតីហ្វ៊ីលីពីនលោករ៉ូឌ្រីហ្គោឌូទែរតេ(២០១៦-២០២២)បានត្រូវចាប់ខ្លួននាថ្ងៃទី១១មីនា បន្ទាប់ពីយន្តហោះដែលលោកជិះចុះនៅព្រលានយន្តហោះក្រុងម៉ានីល ដោយអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិCPI ដោយសារតែសង្គ្រាមដ៏បង្ហូរឈាមរបស់លោកប្រឆាំងគ្រឿងញៀន។
លោករ៉ូឌ្រីហ្គោឌូទែរតេត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដោយសារការបង្ក្រាបបង្ហូរឈាម ដែលបណ្ដាក្រុមការពារសិទ្ធិមនុស្សវាយតម្លៃថា មនុស្សច្រើនសិបពាន់នាក់ភាគច្រើនជាអ្នកក្រីក្រ បានត្រូវប៉ូលិសនិងក្រុមជីវពលសម្លាប់ ដែលជួនកាលពួកគេទាំងមិនទាក់ទិននឹងគ្រឿងញៀនផង។ នាព្រឹកថ្ងៃទី១១មីនា ប៉ូលិសអាំងទែរប៉ូលក្រុងម៉ានីល បានទទួលដីកាចាប់ខ្លួនចម្លងត្រឹមត្រូវមួយច្បាប់ចេញដោយតុលាការCPI ទើបចាប់ខ្លួនអតីតប្រធានាធិបតីរូបនោះដែលបច្ចុប្បន្នកំពុងជាប់ឃុំខ្លួន។
តាមសេចក្ដីប្រកាសមួយរបស់វិមានប្រធានាធិបតីថា អតីតប្រធានាធិបតីរូបនោះនិងក្រុមមនុស្សរបស់លោកមានសុខភាពល្អនិងកំពុងពិនិត្យដោយក្រុមគ្រូពេទ្យ។ អតីតប្រធានាធិបតីវ័យ៧៩ឆ្នាំរូបនេះ ទើបនឹងវិលត្រឡប់ពីការធ្វើដំណើររយៈពេលខ្លីមួយនៅក្រុងហុងកុង ហើយយន្តហោះលោកចុះនៅព្រលានយន្តហោះក្រុងម៉ានីល។
ថ្លែងកាលពីថ្ងៃទី៩មីនានៅមុខពលករហ្វ៊ីលីពីនច្រើនពាន់នាក់ អតីតប្រធានាធិបតីរូបនោះ បានថ្កោលទោសការសើុបអង្កេត ដោយចាត់ទុកពួកអ្នកសើុបអង្កេតនៃតុលាការCPIថាជាពួកកូនបិសាច តែដោយទទួលស្គាល់ថាលោកនឹងទទួលយកប្រសិនបើត្រូវចាប់ខ្លួន។
ហ្វ៊ីលីពីនបានដកខ្លួនចេញពីតុលាការCPIកាលពីឆ្នាំ២០១៩ តាមបទបញ្ជារបស់លោកឌូទែរតេពេលកំពុងកាន់អំណាច តែតុលាការមានទីតាំងនៅក្រុងឡាអេប្រទេសហូឡង់នោះថ្លែងថា យុត្ថាធិការរបស់ខ្លួននៅតែមាន ទាក់ទិននឹងការសម្លាប់រង្គាលដែលកើតមានមុនការដកខ្លួនចេញរបស់ហ្វ៊ិលីពីន ព្រមទាំងបទសម្លាប់មនុស្ស ប្រព្រឹត្តក្នុងទីក្រុងDAVAO សម័យកាលដែលលោកឌូទែរតេជាអភិបាលក្រុងនោះ មុនពេលលោកក្លាយជាប្រធានាធិបតី។
ទោះបីយ៉ាងណាអតីតប្រធានាធិបតីរូបនេះនៅតែមានប្រជាប្រិយភាពខ្ពស់បំផុត សម្រាប់មនុស្សភាគច្រើននៅហ្វ៊ីលីពីន ដែលគាំទ្រចំណាត់ការរហ័សរបស់លោកប្រឆាំងពួកឧក្រិដ្ឋជន។ លោកនៅតែជាអ្នកនយោបាយមានឥទ្ធិពលខ្លាំង ដែលឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងអភិបាលក្រុងDAVAOជាថ្មី៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ