ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​ពលរដ្ឋ​រអ៊ូរទាំ​ច្រើន​រឿង​បិទផ្លូវ​យូរ ពេល​មាន​ក្បួន​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់ រហូត​ដល់​កកស្ទះ​ដល់​ប្រតិបត្តិការ​រថយន្ត​សង្គ្រោះ​ដែល​កំពុង​តែ​ដឹក​អ្នកជំងឺ​ដង្ហក់​រង់ចាំ​ការ​សង្គ្រោះ​ជីវិត​បានដឹង​ដល់​ថ្នាក់ដឹកនាំ​ហើយ ។ ក្រោយ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ដ៏​រសើប​បែប​នេះ​សារ​បញ្ជា​ជា​សំឡេង​ដ៏​កម្រ​ត្រូវ​បាន​ចេញ នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៥ ដោយ​ប្រមុខ​រដ្ឋាភិបាល…

ក្រោយ​ពេល​ដែល​ពលរដ្ឋ​រអ៊ូរទាំ​ច្រើន​រឿង​បិទផ្លូវ​យូរ ពេល​មាន​ក្បួន​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់ រហូត​ដល់​កកស្ទះ​ដល់​ប្រតិបត្តិការ​រថយន្ត​សង្គ្រោះ​ដែល​កំពុង​តែ​ដឹក​អ្នកជំងឺ​ដង្ហក់​រង់ចាំ​ការ​សង្គ្រោះ​ជីវិត​បានដឹង​ដល់​ថ្នាក់ដឹកនាំ​ហើយ ។

ក្រោយ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ដ៏​រសើប​បែប​នេះ​សារ​បញ្ជា​ជា​សំឡេង​ដ៏​កម្រ​ត្រូវ​បាន​ចេញ នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៥ ដោយ​ប្រមុខ​រដ្ឋាភិបាល ដោយ​បាន​ណែនាំ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ឲ្យ​សម្រួល​រថយន្ត​សង្គ្រោះ​ដែល​មាន​អ្នកជំងឺ​ពិតប្រាកដ​កំពុង​តែ​ស្ថិត​នៅ​លើ​នោះ​អាច​ធ្វើ​ដំណើរ​បន្ត​បាន​ដោយ​ធម្មតា ហើយ​ព្យាយាម​សម្របសម្រួល​ចរាចរណ៍​កុំអោយ​មានការ​កកស្ទះ​ខ្លាំង និង​មិន​ត្រូវ​បិទផ្លូវ​យូរ​ពេក​ដែរ ។

សក្ខីកម្ម​នេះ​យើង​អាច​មើលឃើញ នៅ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​សារ​បញ្ជា​ជា​សំឡេង​ដ៏​កម្រ​ដល់​កម្លាំង​សមត្ថកិច្ច ពិសេស​នគរបាល​ចរាចរណ៍​ឲ្យ​ពិនិត្យ​ឡើង​វិញ​ករណី​បិទ​ចរាចរណ៍​រថយន្ដ​សង្គ្រោះ​បន្ទាន់ ដែល​កំពុង​ដឹក​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ពេល​មាន​ក្បួន​ឆ្លងកាត់​ផ្លូវ​សាធារណៈ​ម្តង​ៗ ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ការងារ​សន្តិសុខ​សម្រាប់​ការពារ​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ។ សម្តេច​ក៏​យល់​ច្បាស់​អំពី​ការ​លំបាក​នេះ​ក្នុងអំឡុងពេល បំពេញភារកិច្ច​តាម​តួនាទី ក្នុង​ការ​ធានា​តុល្យភាព​នៃ​ការ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ​ជាមួយនឹង​ការ​សម្រួល​សកម្មភាព​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់​ការពារ​សុវត្ថិភាព​មួយ​ចំនួន ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ការ​អនុវត្ត​ភារកិច្ច​ដោយ​ម៉ឺងម៉ាត់ និង​ម៉ត់ចត់ ប្រកបដោយ​ភាព​បត់បែន​ទៅ​តាម​ករណី​ចាំបាច់​នីមួយ​ៗ ជា​ពិសេស​ករណី​ពាក់ព័ន្ធ​ជាមួយ​ការ​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ជា​កិច្ចការ​ដែល​យើង​ត្រូវ​ខិតខំ​បន្ត​រួម​គ្នា​ធ្វើ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ។ សម្តេច​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ថា ទន្ទឹម​នឹង​ការ​អនុញ្ញាត​ឲ្យ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ឆ្លងកាត់​នៅ​ពេល​មាន​ក្បួន​ថ្នាក់ដឹកនាំ​ជាតិ និង​អន្ដរជាតិ​នោះ​សមត្ថកិច្ច​នៅ​គោលដៅ​នោះ​ក៏​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ថា នៅ​ក្នុង​រថយន្ដ​សង្គ្រោះ​បន្ទាន់​នោះ តើ​មាន​អ្នក​ដែល​ត្រូវ​សង្គ្រោះ​មែន​ឫ​អត់ ព្រោះ​ខ្លាច​មានការ​លួច​បន្លំ​ប្រើប្រាស់​រថយន្ដ​សង្គ្រោះ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ប៉ះពាល់​ដល់​សុវត្ថិភាព​ថ្នាក់ដឹកនាំ ។

ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ណែនាំ​ទៀត​ថា នៅ​ពេល​បិទ​ចរាចរណ៍​ថ្នាក់ដឹកនាំ​ឆ្លងកាត់​រួចរាល់​ហើយ​នោះ សមត្ថកិច្ច ពិសេស​នគរបាល​ចរាចរណ៍​ត្រូវ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទូទៅ​កុំ​ឲ្យ​នៅ​កកស្ទះ​យូរ​ពេក ព្រោះ​ទាំង​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ សុទ្ធតែ​មានធុរៈ​រៀង​ៗ​ខ្លួន ។ លើស​ពី​នេះ​នៅ​ពេល​បិទ​ក្បួន​ថ្នាក់ដឹកនាំ​មិន​គួរ​បិទ​យូរ​ពេក​នោះ​ទេ ពោល​មុន​ក្បួន​បន្ដិច ហើយ​ក្បួន​ឆ្លងកាត់​រួច​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ ។

ជាមួយ​គ្នា​នោះ សម្តេច​ធិ​បតី​ក៏​បាន​ថ្លែង សូម​ការ​យោគយល់​អំពី​ប្រជាពលរដ្ឋ ដែល​ទោះបីជា​បងប្អូន​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អតិបរមា​យ៉ាងណា​ក៏​ដោយ ក៏​ពេល​ខ្លះ​មិន​អាច​ជៀស​ផុត​ពី​ការ​រំខាន​ដល់​លំហូរ​ចរាចរណ៍​រយៈពេល​ខ្លី​នៅ​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ដែរ ។ សារ​ជា​សំឡេង​នេះ​ចេញ ក្រោយ​ពេល​ដែល​សម្តេច​ផ្ទាល់​បានឃើញ​នូវ​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម​នៅ​ក្នុងអំឡុងពេល​សមត្ថកិច្ច​បិទ​ចរាចរណ៍ នៅ​ពេល​មាន​ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់​ដែល​បណ្តាល​ឲ្យ​រថយន្ត​សង្គ្រោះ​ដែល​កំពុង​តែ​ដឹក​អ្នកជំងឺ​ត្រូវ​ស្ទះ ។

រឿង​បិទ​ចរាចរណ៍​នេះ​មហាជន​ទូទៅ​បាន​រអ៊ូរទាំ​យូរហើយ ដោយពេល​ខ្លះ​នៅ​កណ្តាលថ្ងៃត្រង់​ក្តៅហែង ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​បិទ​រហូត​ដល់​កន្លះ​ម៉ោង​ក៏​មាន ។ នរណា​មិន​ខឹង នរណា​មិន​ក្តៅក្រហាយ ដែល​មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង​ត្រូវ​មក​ឈប់​ស្ងៀម​កណ្តាល​ថ្ងៃ​ក្តៅ​ចេស​បែប​នេះ ។ ពេល​ខ្លះ​ទៀត​វា​រឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ​ថែម​ទៀត នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ដឹក​កូន​តូច​ៗ​ហើយ​ត្រូវ​ជាប់​កណ្តាលផ្លូវ​ក្រោម​កំ​ដៅ​ដ៏​ក្តៅ ក្មេង​យំ​ពេញ​ផ្លូវ​។

រឿង​សន្តិសុខ​ថ្នាក់ដឹកនាំ​ធំ​ៗ ដែល​មានច្បាប់​មាន​ទម្លាប់​ត្រឹមត្រូវ គឺ​មិន​ថ្វី​ប៉ុន្មាន​ឡើយ រឿង​ដែល​ពលរដ្ឋ​ក្តៅ​ថែម​ទៀត គឺ​ក្រុម​មន្ត្រី​មួយ​ចំនួន ដែល​មាន​ឋានៈ និង​តួនាទី មិន​ដល់​ថ្នាក់​អាច​បិទ​ចរាចរណ៍​បាន​ផង​នោះ​ក៏​ត្រូវ​បាន​បិទ​ដែរ ។ រឿង​ដែល​រឹតតែ​ក្តៅ​ទៀត​នោះ គឺថា ពេល​ដែល​បិទ​ហើយ សមត្ថកិច្ច​មួយ​ចំនួន​មិន​ព្យាយាម​សម្រួល​ចរាចរណ៍​ឡើង​វិញ​សិន​ទេ​។ គ្រាន់តែ​ក្បួន​រថយន្ត​មេ​ចេញ​បាត់ គឺ​ពួក​គេ​ដើរ​ចេញ​ភ្លាម​ៗ​ដែល​នាំ​ឲ្យ​ចរាចរណ៍​ច្របូកច្របល់​កកស្ទះ​ក៏​មាន​ជា​បន្តបន្ទាប់​ដែរ ។

សកម្មភាព​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ថ្នាំងថ្នាក់​នៅ​ក្នុង​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ៗ ដូច្នេះ​ហើយ​ការ​ដែល​នាយក​រដ្ឋមន្ត្រី​ចេញ​ជា​សារ​សំឡេង​នេះ​ឡើង​សង្ឃឹមថា សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ពិនិត្យ​ស្ថានការណ៍​ហើយ និង​សម្របសម្រួល​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ