សម្រាប់មនុស្សជាតិរវាងលុយ និងសុខភាព គឺសុទ្ធតែសំខាន់បំផុត ហើយនរណាក៏ចង់បានវាទាំងពីរព្រមគ្នា ប៉ុន្តែប្រសិនបើគេអោយជ្រើសរើសមួយ តើយើងគួរសម្រេចចិត្តបែបណា? នៅមុនពេលអ្នកវិនិច្ឆ័យ និងសម្រេចចិត្តជ្រើសរើសយកមួយ រវាងលុយ និងសុខភាពនោះ…
សម្រាប់មនុស្សជាតិរវាងលុយ និងសុខភាព គឺសុទ្ធតែសំខាន់បំផុត ហើយនរណាក៏ចង់បានវាទាំងពីរព្រមគ្នា ប៉ុន្តែប្រសិនបើគេអោយជ្រើសរើសមួយ តើយើងគួរសម្រេចចិត្តបែបណា? នៅមុនពេលអ្នកវិនិច្ឆ័យ និងសម្រេចចិត្តជ្រើសរើសយកមួយ រវាងលុយ និងសុខភាពនោះ យើងគួរអានប្រយោគដែលកំពុងតែល្បីល្បាញ ហើយត្រូវបានចែករំលែកតៗគ្នាពេញបណ្តាញសង្គម ។

នៅពេលដែលអ្នកអានប្រយោគទាំងពីរនេះចប់ហើយ ធ្វើការសម្រេចចិត្ត វា គឺជាសិទ្ធិរបស់អ្នក ។ ប្រយោគទាំងពីរនេះ គឺថាទី១ «ពេលមិនទាន់ឈឺ យើងមានក្តីស្រមៃច្រើនណាស់ ចង់បាននេះ ចង់បាននោះ ចង់គ្រប់តែរឿង ប៉ុន្តែពេលដេកឈឺ ធ្វើអ្វីមិនកើតយើងមានក្តីស្រមៃតែមួយគត់ គឺសុខភាពល្អ» ។
ដោយឡែក ប្រយោគទី២ គឺ «រវល់អីរវល់ទៅ តែកុំភ្លេចថា សុខភាពអ្នកជាគ្រឹះនៃអ្វីៗផ្សេងទៀតនៃជីវិត ។ ជ្រើសរើសអាហារឲ្យត្រឹមត្រូវ ឆ្លៀតពេលហាត់ប្រាណឲ្យបានជាប្រចាំ»។ ជាសេចក្តីពិត នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ ក្តីសុបិនចម្បងបំផុត គឺជោគជ័យក្នុងអាជីព ទ្រព្យសម្បត្តិ ស្នេហា និងសុភមង្គល ប៉ុន្តែដើម្បីមនុស្សឈានដល់សម្រេចក្តីសុបិនទាំងនេះបាន លុះត្រាតែមនុស្សម្នាក់ៗមានលុយ ហើយដើម្បីមានលុយ និងមានកម្លាំងចាយ គឺលុះត្រាតែមានសុខភាពល្អ ។ ដូច្នេះសុខភាពល្អ នៅតែជាចំណុចអាទិភាព ដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ចាប់ពីពេលនេះតទៅ ។

កត្តាកំណត់របស់មនុស្ស គឺនៅលើសុខភាពនេះឯង ។ ដូច្នេះម្នាក់ៗត្រូវតែចេះថែសុខភាព ហើយត្រូវលៃលកយ៉ាងណាកំណត់ព្រំដែននៃក្តីស្រមៃឲ្យបានសក្តិសមនឹងស្ថានភាពសុខភាពរបស់យើង ។ នៅពេលដែលយើងខំខ្លាំង តែសុខភាពមិនអាចទ្រទ្រង់បាន អ្នកនឹងដួលនៅថ្ងៃណាមួយ ។ ពោល គឺដួល មុនអ្នកបានជោគជ័យ ឬពេលខ្លះអ្នកដួលហើយបានអ្នកជោគជ័យក៏មាន ។ នៅក្នុងស្ថានភាពបែបនេះ តើជីវិតមានន័យអ្វីសម្រាប់អ្នកទៅ?
នៅពេលដែលយើងមានសុខភាពល្អ មហិច្ឆតារបស់យើងហាក់ដូចជា គ្មានទីបញ្ចប់ ។ យើងចង់បាននេះ យើងចង់បាននោះ យើងចង់បានអ្វីគ្រប់យ៉ាង ។ ប៉ុន្តែនៅពេលដែលយើងធ្លាក់ខ្លួនឈឺ ក្តីសុបិនដ៏ធំរបស់យើងទាំងអស់បានរួញទៅជាបំណងប្រាថ្នាដ៏អស់សង្ឃឹមទៅវិញ ។ ប្រត្យក្សភាពនេះរំឭកយើងថា សុខភាពល្អមិនមែនគ្រាន់តែជារឿងសំខាន់នោះទេ វា គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗផ្សេងទៀត ដែលយើងសង្ឃឹមថា នឹងសម្រេចបាន ។
នៅពេលបច្ចុប្បន្ននេះ ទោះជាយើងរវល់យ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចឡើយថា សុខភាព គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង ។ បើគ្មានវាទេ សូម្បីតែសេចក្តីអំណរដ៏សាមញ្ញបំផុតក៏ក្លាយជាការក្រៀមក្រំ ហើយមហិច្ឆតាដ៏ធំបំផុតរបស់យើង ក៏វានឹងបាត់បង់អត្ថន័យរបស់វាផងដែរ ។ ការការពារសុខភាពរបស់យើង មិនគួរត្រូវបានមើលឃើញថា ជាបន្ទុកនោះទេ ។ ប៉ុន្តែជាទង្វើសំខាន់នៃការថែទាំខ្លួនឯង ដែលអាចឱ្យយើងរស់នៅក្នុងជីវិតដែលយើងស្រមៃចង់បាន ។ យើងទាំងអស់គ្នា ត្រូវចងចាំថា នៅពេលដែលយើងការពារសុខភាពរបស់យើងបាន យើងក៏អាចការពារក្តីសុបិន ការពារសុភមង្គលរបស់យើង និងអាចអោយអនាគតរបស់យើងបរិបូណ៍ផងដែរ ។
សូមកុំប្រឹងដល់តែខ្លួនឈឺ ទើបដឹងតម្លៃសុខភាពពិតប្រាកដនោះ ។ ចូរយើងគោរព និងចិញ្ចឹមជីវិត និងបំប៉នសុខភាព ជារៀងរាល់ថ្ងៃ ព្រោះដោយមានសុខភាពល្អ នៅពេលនោះ សុបិនផ្សេងៗនឹងក្លាយជាសេចក្តីពិត ហើយជីវិតរបស់យើងរស់នៅយ៉ាងមានសុភមង្គល និងអត្ថន័យ ៕
ចែករំលែកព័តមាននេះ