ប្រទេសអង់គ្លេស ៖ កងឆ្មាំឆ្នេរសមុទ្រអង់គ្លេសគូសបញ្ជាក់ថា ផ្សែងដ៏៏ខ្មួលខ្មាញ់បានហុយពីលើផ្ទៃសមុទ្រ ក្រោយការបុកគ្នារវាងនាវាដឹកប្រេង១គ្រឿងនិងនាវាកាហ្គោ១គ្រឿង កាលពីថ្ងៃទី១០មីនាក្នុងសមុទ្រខាងជើងដែលនៅទីនោះអន្តរាគមន៍បន្ទាន់មួយកំពុងបន្ត ក្នុងដែនទឹកនៃឆ្នេរសមុទ្រក្រុងYORKSHIREភាគខាងជើងអង់គ្លេស។

តាមប្រភពដដែលនោះថា ការប្រកាសអាសន្នមួយត្រូវបានធ្វើមុនម៉ោង១០ម៉ោងសកលបន្តិច។ ក្នុងសេចក្ដីប្រកាសមួយកងឆ្មាំឆ្នេរសមុទ្រអង់គ្លេសនិយាយថា ឧទ្ធម្ភាគចក្រ១គ្រឿងនិងកាណូតសង្គ្រោះត្រូវបានបញ្ជូនទៅ ព្រមទាំងយន្តហោះពន្លត់ភ្លើង១គ្រឿង។បណ្ដានាវាដែលនៅក្បែរក៏ចូលរួមក្នុងប្រតិបត្តិការប្រឆាំងភ្លើងឆេះដែរ។ ការវាយតម្លៃមួយកំពុងធ្វើហើយឧប្បត្តិហេតុនោះ អាចបណ្ដាលឲ្យមានការបំពុលមួយ។
យោងតាមទូរទស្សន៍អង់គ្លេសBBCដែលដកស្រង់ប្រភព២ផ្សេងគ្នាថា នាវាដឹកប្រេងដែលបុកគ្នា កំពុងមានភ្លើងឆេះហើយបណ្ដាអ្នកពន្លត់ភ្លើងត្រូវបានបញ្ជូនទៅ។ បណ្ដាវីដេអូនិងរូបថតពីគ្រោះថ្នាក់នេះដែលចែកចាយ តាមរយៈសារព័ត៌មាននិងបណ្ដាញសង្គមជាច្រើន បង្ហាញភ្លើងកំពុងតែឆេះដ៏សន្ធោរសន្ធៅ ព្រមទាំងផ្សែងហុយឡើងលើដ៏ខ្មួលខ្មាញ់ពីលើផ្ទៃសមុទ្រ។
សហគ្រាសស៊ុយអែតSTENA BULK អះអាងថា នាវាដឹកប្រេងជួបគ្រោះថ្នាក់បុកគ្នានេះជានាវារបស់ខ្លួន ដែលមានឈ្មោះថាSTENA IMMACULATE ដោតទង់ជាតិអាមេរិក ហើយធ្វើអាជីវកម្មដោយក្រុមហ៊ុនCROWLEY ។ នាវាដឹកប្រេងនោះធ្វើដំណើរមកពីប្រទេសក្រិក។ BBCបញ្ជាក់ថា នាវាSTENA IMMACULATEជានាវាដឹកប្រេងមួយក្នុងចំណោមនាវាដឹកប្រេង១០គ្រឿង ដែលដឹកប្រេងសម្រាប់ផ្គត់ផ្គង់ កងទ័ពអាមេរិកក្នុងករណីត្រូវការ។ គ្មានអ្វីដែលបញ្ជាក់ថា នាវានោះបច្ចប្បន្នកំពុងបំពេញបេសកកម្ម សម្រាប់កងទ័ពក្នុងពេលជួបឧប្បត្តិហេតុនោះឡើយ។
តាមព័ត៌មាននានាថា ចំណែកនាវាកាហ្គោដែលបុកគ្នាជានាវាឈ្មោះSOLONG របស់សហគ្រាសអាល្លឺម៉ង់REEDEREI KOPPINGតែដោយទង់ជាតិព័រទុយហ្គាល់។ វាចាកចេញពីតំបន់អេកូសទៅកាន់ប្រទេសហូឡង់។ នាវាដឹកប្រេងSTENA IMMACULATEដឹកប្រេងកេរូ៉ហ្សែនA-1ពេលកំពុងមានភ្លើងឆេះនៅសមុទ្រ។ គេនៅមិនទាន់ដឹងពីមូលហេតុនៃការបុកគ្នារវាងនាវាទាំង២គ្រឿងនោះនៅឡើយទេ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ