ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ភរិយា និងក្រុមគ្រួសារមន្ត្រីការទូតកម្ពុជាទាំងអស់ ក៏ជាកាតាលីករដ៏សំខាន់ដែលរួមចំណែកដល់បេសកម្មតំណាងជាតិ សាសនា ព្រះមហាក្សត្រ ។ សមិទ្ធផលការទូតមិនមែនសម្រេចត្រឹមតែការរៀបចំទស្សនកិច្ច នៅក្រៅប្រទេសរបស់ប្រមុខដឹកនាំ…
ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ភរិយា និងក្រុមគ្រួសារមន្ត្រីការទូតកម្ពុជាទាំងអស់ ក៏ជាកាតាលីករដ៏សំខាន់ដែលរួមចំណែកដល់បេសកម្មតំណាងជាតិ សាសនា ព្រះមហាក្សត្រ ។
សមិទ្ធផលការទូតមិនមែនសម្រេចត្រឹមតែការរៀបចំទស្សនកិច្ច នៅក្រៅប្រទេសរបស់ប្រមុខដឹកនាំ ការរៀបចំកិច្ចប្រជុំ ឬជំនួបនេះជំនួបនោះ និងកិច្ចការ ដើម្បីការពារផលប្រយោជន៍ជាតិនោះទេ គឺគួរតែសម្រេចបានផលផងដែរនូវការលើកកម្ពស់ និងផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ និងសេចក្តីថ្លៃថ្នូរបស់ជាតិនិងពលរដ្ឋផងដែរ ។
មកដល់ពេលនេះ ស្ថានភាពពិភពលោក គឺកាន់តែស្មុគស្មាញ ។ សភាពការណ៍ក៏ផុយស្រួយ គ្រោះថ្នាក់និងភាពមិនច្បាស់លាស់ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងមហាអំណាចនានាជម្លោះប្រដាប់អាវុធ គឺកាន់តែស្រួចស្រាវ ។ នៅចំពោះមុខស្ថានភាពពិភពលោកបែបនេះ បណ្តាអង្គទូតត្រូវបំពេញភារកិច្ចនៅក្នុងការតាមដាន និងសំយោគសភាពការណ៍ ហើយរាយការណ៍ជូនថ្នាក់ដឹកនាំ ។
ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រកួតប្រជែងខាងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចនិងមហាអំណាច កំពុងតែធ្វើឲ្យពិភពលោកស្ថិតនៅក្នុងស្ថានភាពនៃការបាត់បង់សណ្តាប់ធ្នាប់ពិភពលោក ហើយវាក៏ជាសម្ពាធទាំងផ្ទាល់ និងប្រយោលមកដល់កម្ពុជា ។
មកដល់ពេលនេះ អាស៊ីអគ្នេយ៍នៅតែជាតំបន់ប្រទាញប្រទង់ដណ្តើមឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍ពីក្រុមប្រទេសមហាអំណាច និងជាទីតាំងដ៏តានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រ នយោបាយ និងការតភ្ជាប់ ជាពិសេស គឺខាងផ្លូវសមុទ្រ ។ ការលំបាក និងការប្រឈមទាំងនេះ គឺសុទ្ធសឹងតែជាតួនាទីរបស់មន្ត្រីការទូតកម្ពុជាទាំងអស់ដែលបានបញ្ជូនចេញទៅកាន់ប្រទេសនានាដែលមួយឆ្នាំៗរដ្ឋបានចំណាយធនធាន និងថវិកាមិនតិចលានដុល្លារឡើយ ដើម្បីឧបត្ថម្ភជាប្រាក់បៀវត្សរ៍ ថ្លៃចំណាយភស្តុភាកម្ម និងខ្ទង់ចំណាយជាច្រើនជំពូកទៀត។
នៅក្នុងស្ថានភាពនេះ មន្ត្រីការទូតទាំងអស់ ដែលរួមតាំងពីឯកអគ្គរាជទូត ភារៈធារី និងមន្ត្រីការទូតនានា គួរតែយកចិត្តទុកដាក់បំពេញការងារប្រកបដោយភាពបត់បែន ដើម្បីរិះរកផ្លូវ និងកំណត់មាគ៌ាការទូតរបស់កម្ពុជាកំណត់ឲ្យចំគោលដៅ និងឆ្លើយតបនឹងបញ្ហាជាពិសេសការពារ និងលើកស្ទួយផលប្រយោជន៍ជាតិ ។
នៅពេលដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការទូតសេដ្ឋកិច្ច មន្ត្រីការទូតកម្ពុជាទាំងអស់នៅជុំវិញពិភពលោក ត្រូវតែសកម្មនៅក្នុងការបំពេញការងារការទូតសេដ្ឋកិច្ចនេះតារយៈការពន្យល់ដល់ធុរជនអន្តរជាតិទាំងអស់ អោយយល់ច្បាស់អំពីកម្ពុជាទាំងលើកទិដ្ឋភាពស្ថេរភាពនយោបាយ ឱកាសវិនិយោគ និង ការលើកទឹកចិត្តនានាដែលកម្ពុជាផ្តល់អោយដល់ធុរជនបរទេស ដែលមានបំណងវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ។
នៅពេលស្ថានទូតកម្ពុជាទាំងអស់ បំពេញការងារតាមទិសដៅនេះ មន្ត្រីការទូតទាំងអស់នឹងមិនគ្រាន់តែដើរតួរបង្ហាញមុខមាត់តំណាងកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយនយោបាយការទូតសេដ្ឋកិច្ចលេចចេញជាផ្លែផ្កាពិតប្រាកដ ដែលនាំដល់ផលប្រយោជន៍សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ