រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខយាមធនាគារម្នាក់ បានខ្ចីម៉ូតូ១គ្រឿងពីជាងសោម្នាក់ជិះទៅរកទិញម្ហូប ដោយបានជិះក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី១គ្រឿង ដែលកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសដាច់ម្រាមចង្អុលដៃអស់១នៅជាប់តែស្បែកតិកឡិកៗ ព្រមទាំងដួលសន្លប់ស្ដូកស្ដឹងថែមទៀតផង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ នៅត្រង់ចំណុចមុខខ្លោងទ្វារផ្សារមនោរម្យ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសរងគ្រោះរូបនោះឈ្មោះឃាន់ ឡុង អាយុ២៨ឆ្នាំ មុខរបរសន្តិសុខយាមនៅធនាគារមួយកន្លែងនៅកំបូល និងស្នាក់នៅក្នុងទីតាំងធនាគារនោះ រងរបួសដាច់ម្រាមដៃចង្អុលដៃ១និងសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាសន្តិសុខមួយរូបនេះបានខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-5257 ពីជាងសោម្នាក់ដែលស្ថិតនៅជិតកន្លែងខ្លួនធ្វើការជិះទៅរកទិញម្ហូប ។ ខណៈនោះបានបើកលឿនក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយម៉ូតូកង់បី១គ្រឿងដែលកំពុងបើកឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងចេញពីផ្សារសែនមនោរម្យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យរងរបួសដាច់ម្រាមចង្អុលដៃឆ្វេងអស់១ និងដួលបោកផ្ទប់ថ្នល់ពេញទំហឹងសន្លប់ ស្ដូកស្ដឹងនៅនឹងកន្លែង ចំណែកម៉ូតូកង់បីដែលបើកឆ្លងផ្លូវអត់មើលមុខមើលក្រោយបង្កឲ្យកើតមានគ្រោះថ្នាក់ខាងលើនោះបានបើករត់បាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរូបនោះត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក នៃអធិការដ្ឋាននគរបានខណ្ឌកំបូលក៏បានចុះទៅពិនិត្យជាក់ស្ដែង រួចបានប្រគល់ម៉ូតូទៅឲ្យជាងសោដែលជាម្ចាស់យកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ