ខេត្តកំពង់ស្ពឺ ៖ លោក ទិត វុទ្ធី ដែលគេស្គាល់ថា ជាអភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) បានធ្វើការខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជាជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ ។

ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ សេចក្តីរាយការណ៍ ដែលទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់( ACU ) ធ្វើការឃាត់ខ្លួន ដោយសារស៊ីដាច់លុយជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ ប៉ុន្តែមិនបានសម្រេចនោះទេ។
ប្រភពព័ត៌មានបានឱ្យដឹងថាជនសង្ស័យទាំង០៣នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់៖ទី០១៖ ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ (ឃាត់ខ្លួន), ទី០២៖ ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

និង ទី០៣៖ ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ប្រភពព័ត៌មានបានបញ្ជាក់ថាក្រោយធ្វើការឃាត់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ជនសង្ស័យទាំង០៣នាក់ ត្រូវបានតុលាការ ខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តកំពង់ស្ពឺភ្លាមៗ ៕
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ