ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្វែងរក​កិច្ចសហការ​ជាមួយ​ឥណ្ឌា និង​វៀត​ណាម ដោះស្រាយ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ

8 ម៉ោង មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​កំពុង​តែ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឥណ្ឌា និង​វៀតណាម ដើម្បី​ស្វែងរក​មធ្យោបាយ ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​ការ​ធ្លាក់​ថ្លៃ​ស្រូវ​។ លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​កំពុង​តែ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឥណ្ឌា និង​វៀតណាម ដើម្បី​ស្វែងរក​មធ្យោបាយ ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​ការ​ធ្លាក់​ថ្លៃ​ស្រូវ​។

លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ថ្លែងប្រាប់​សភា​កាលពី​ស​ប្តា​ហ៍​មុន​ថា ប្រទេស​ថៃ​កំពុង​ពិភាក្សា​ជាមួយ​ឥណ្ឌា និង​វៀតណាម ដើម្បី​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​រវាង​គ្នា ដោយ​សង្ឃឹមថានឹង​បង្កើត​តុល្យភាព​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារ​ពិភពលោក និង​ជួយ​រក្សា​ស្ថិរភាព​ប្រាក់​ចំណូល​របស់​កសិករ​។ លោក​បាន​គូសបញ្ជាក់​អំពី​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ទាំង​ពីរ​ដូច្នេះ​ថា «​យើង​បាន​ពិភាក្សា​រួច​ហើយ ប៉ុន្តែ​កំពុង​រង់ចាំ​កិច្ចប្រជុំ​មួយទៀត ដើម្បី​មើល​ថា​តើ​ពួក​យើង​អាច​ធ្វើ​បាន​ប៉ុន្មាន​អំពី​រឿង​នេះ?​»​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា តម្លៃ​ស្រូវ​ក្នុង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ ៣០% បើ​ធៀប​នឹង​ឆ្នាំ​មុន មក​នៅ​ជា​មធ្យម​ប្រហែល ៨,៦០០​បាត ឬ​ស្មើនឹង ២៥៥​ដុល្លារ​ក្នុង​មួយ​តោន កាលពី​ខែ​មុន ស្រប​ពេល​បណ្តា​កសិករ​កំពុង​តែ​អំពាវនាវ​រដ្ឋាភិបាល​ជួយ​លក់​ស្រូវ​ឱ្យ​បាន​តម្លៃ​ខ្ពស់​។ ថៃ​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ល​ដាប់​ទី​២​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​នោះ ទំនង​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​នាំ​ចេញ​អង្ករ​ឡើង​វិញ​ពី​ប្រទេស​ឥណ្ឌា ដោយ​ក្រសួង​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​ថៃ​នឹង​ធ្លាក់​ចុះ ២៤% មក​ត្រឹម​៧.៥​លាន​តោន នៅ​ឆ្នាំ​នេះ​។

រដ្ឋាភិបាល​វៀតណាម​ឯណោះ​វិញ ក៏​បាន​ប្រាប់​ក្រសួងពាណិជ្ជកម្ម​របស់​ខ្លួន ស្វែងរក​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​សហរដ្ឋអាមេរិក ចិន សហភាព​អឺរ៉ុប និង​ជប៉ុន ខណៈ​ដែល​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏​ធំ​ជាងគេ​ទី​៣​ពិភពលោក​មួយ​នេះ សម្លឹង​មើល​ការ​គ្រប់គ្រង​លើ​ការ​ផ្គត់ផ្គង់​អង្ករ​លើស​តម្រូវការ​។ រដ្ឋាភិបាល​ក៏​បាន​ប្រាប់​ធនាគារកណ្តាល​វៀតណាម​ឱ្យ​បន្ត​ផ្តល់​កម្ចី​ដល់​បណ្តា​ក្រុមហ៊ុន ដើម្បី​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​ស្តុក​អង្ករ​ទុក​។

យោង​តាម​ឯកសារ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ស​ប្តា​ហ៍​មុន ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បានឱ្យ​ដឹង​ថា អំឡុង​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ ពាណិជ្ជកម្ម​អង្ករ​ពិភពលោក​បាន​និង​កំពុង​វិ​វ​ឌ្ឍ​នៅ​ក្នុង​លក្ខណៈ​ស្មុគស្មាញ​ជាមួយ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ដោយ​កត់​សម្គាល់ថា តម្រូវការ​ធ្លាក់​ចុះ ហើយ​ប្រទេស​នាំ​ចូល​ធំ​ៗ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទិញ និង​ស្តុក​អង្ករ​ទុក ខណៈ​វៀតណាម​បាន​មើលឃើញ​ការ​នាំ​ចេញ​របស់​ខ្លួន​ធ្លាក់​ចុះ នៅ​ពេល​ដែល​ទីផ្សារ​ពិភពលោក​ទទួលយក​ការ​ផ្គត់ផ្គង់​កើនឡើង​ពី​ប្រទេស​ឥណ្ឌា​។

ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន ១.២៤​លាន​តោន ដែល​មាន​តម្លៃ ៦៧៥​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើនឡើង ១៨.៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ធ្លាក់​ចុះ ៤.៩% បើ​គិត​អំពី​តម្លៃ​៕ ដកស្រង់ ៖ Reuters

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ