ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើឱ្យពិនិត្យឱ្យហ្មត់ចត់ការផ្តល់សេវាសុខាភិបាល កុំឱ្យមានការរើសអើងអ្នកប្រើបណ្ណ ប.ស.ស

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ និង​ក្រសួងសុខាភិបាល ត្រូវ​ចុះ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ និង​ក្រសួងសុខាភិបាល ត្រូវ​ចុះ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ និង​ឱ្យ​បាន​ច្បាស់​ថា អ្នក​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​. កុំ​ត្រូវ​ទទួល​បានការ​រើសអើង​ឡើយ ។

ការ​លើក​ឡើង​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ទាប់​ពី​មានការ​លើក​ឡើង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​គ្រូពេទ្យ​មួយ​ចំនួន​បាន​ធ្វើការ​ចំពោះ​អ្នក​ប្រើ​ប័ណ្ណ​ប​.​ស​.​ស​ហើយ​ត្រូវ​បង្ហាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ការ​ថ្លែង​ណែនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ទារក​ដា្ឋ​ន​រោងចក្រ ម៉ា​វ៉​ល ហ្កា​មិន ឯ​.​ក ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប ភ្នំពេញ និង​សំណេះ​សំណាង​ជាមួយ​កម្មករ កម្មការិនី​ជា​ម្តាយ ដែល​មាន​ទារក​តូច​ៗ​ក្នុង​គោលបំណង​ស្តាប់​នៅ​សំណូមពរ​ក៏​ដូច​ជា បញ្ហា​ប្រឈម​នានា​របស់​កម្មករ កម្មការិនី នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ។

ក្រោយ​ពី​បាន​ស្តាប់​នូវ​ការ​លើក​ឡើង​របស់​កម្មការិនី​ដែល​ទៅ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​លើ​បណ្ណ ប​.​ស​.​ស លើ​សេវា​សុខាភិបាល ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាលកូន​រួចរាល់​ហើយ​នោះ សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង ដោយ​សម្តេច​បានឃើញ​នូវ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ដែល​ថា អ្នក​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​. នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​មិនសូវ​ទទួល​បានការ​យកចិត្តទុកដាក់​ឡើយ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ សម្តេច​មហា​បវរ​ធិ​បតី បាន​កត់​សម្គាល់ថា មាន​តិចតួច​បាន​លើក​ឡើង​ករណី​នេះ ។ សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា​៖ «​ថ្ងៃមុន​បង​ឃើញ​គេ (​សម្តេច​និយាយ​ជាមួយ​កម្មការិនី​) គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក តាម​អី​១​រឿង ២​រឿង​នោះ គេ​ថា អ្នក​កាន់ ប​.​ស​.​ស ទៅ​ពេទ្យ​មិនសូវ​យកចិត្តទុកដាក់ ។ ព្រោះ​អាហ្នឹង​ការងារ​នេះ តាម​ឱ្យ​ជាប់​ក្រសួង​ការងារ ក្រសួងសុខាភិបាល គឺ​អត់ឱ្យ​មានការ​រើសអើង​ទេ មណ្ឌល​សុខភាព​ទាំង​ឯកជន ទាំង​រដ្ឋ គឺ​ត្រូវធ្វើ​ម៉េច​យកចិត្តទុកដាក់​ដូច​គ្នា​» ។

ក្នុង​នោះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​បញ្ជាក់​ថា បានឱ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ទៅ​លើ​កិច្ច​ការងារ​ទាំងនេះ​ដែរ ខណៈ​ដែល​សម្តេច​ក៏​សង្កេត​ឃើញ​ថា មាន​ចន្លោះ​ប្រហោង​បន្តិចបន្តួច តែ​បាន​ធ្វើការ​កែសម្រួល​ជា​បន្តបន្ទាប់ ។

សម្តេច​មហា​បវរ​ធិ​បតី សង្កត់ធ្ងន់​ថា ធ្វើ​យ៉ាងណា​កុំឱ្យ​មានការ​រើសអើង​ឱ្យ​សោះ​ចំពោះ​អ្នក​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស ។ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​លើក​ឡើង​ថា គោលការណ៍​បង្កើត​ទារកដ្ឋាន​នេះ​ជា​គោលការណ៍​មួយ​ក្នុង​ចំណោម​១០ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចុះ​តាំ​ពី​ដើម​អាណត្តិ​តាម​រយៈ​ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ដឹកនាំ​រៀបចំ ។

ទារកដ្ឋាន​នេះ សម្រាប់​ការ​មើលថែ​ទាំ​កូន​ៗ​របស់​កម្មករនិយោជិត ដែល​មាន​អាយុ​ចាប់ពី​៣​ខែ​រហូត​ដល់ អាយុ​៣​ឆ្នាំ ដែល​ជួយ​សម្រួល​ដល់​បងប្អូន​កម្មករនិយោជិត​ក្នុង​រោងចក្រ​អាចយ​កកូន​ៗ​មក​ផ្ញើ​ក្នុង​ទារកដ្ឋាន ដើម្បី​ទទួល​បានការ​មើលថែ​ទាំ​សុខភាព និង​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​សម្រាប់​ទារក ដែល​ជា​មូលធន​មនុស្ស​កម្ពុជា​ចាប់ពី​តូច​ទៅ​តែ​ម្តង បន្ថែម​ពី​នេះ ទារកដ្ឋាន​នេះ ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​សម្រាប់​ជា​កន្លែង​ដែល​ផ្តល់​សេវា​ថែទាំ​កុមារ​តូច​ៗ ជា​កូន​របស់​បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី​នៅ​រោងចក្រ ម៉ា​វ៉​ល ប្រកបដោយ​សុវត្ថិភាព និង​ធំធាត់​ឡើង ដោយ​មាន​សុខភាព​ល្អ ។

គោលនយោបាយ​របស់​រដ្ឋាភិបាល​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ពេល​ពិនិត្យ​សុខភាព​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៨​ម៉ឺន​រៀល​ក្នុង​១​លើក និង​ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ចំនួន​៤​លើក មុន​ពេល​សម្រាល​, ពេល​ឆ្លងទន្លេ​កូន​១ ឧបត្ថម្ភ​ថវិកា​៨០​ម៉ឺន កូនភ្លោះ​២ ឧបត្ថម្ភ​១,២​លាន​រៀល កូនភ្លោះ​៣ ឧបត្ថម្ភ​១,៦​លាន​រៀល និង​កូនភ្លោះ​៣ ទទួល​បានការ​ឧបត្ថម្ភ​ពី​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​៥​លាន​រៀល ថែម​ទៀត​ផង ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ