ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ជ្រើសរើស​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ជ្រើសរើស​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ចំនួន​០១​រូប…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ជ្រើសរើស​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ចំនួន​០១​រូប ដើម្បី​បំពេញការងារ​នៅ​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ។

ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ មាន​តួនាទី​ទទួល និង​សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ ការ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលបំណង​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ការ​ផ្តល់​សេវា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត ដោយ​ក​ម្មា​ធិ​ការ​បោះ​ឆ្នោត​មួយ ដែល​មាន​សមាសភាព​មក​ពី​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សមាគម​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់ រាជធានី​ភ្នំពេញ តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​អង្គការ​-​សមាគម​សង្គម​ស៊ី​វិល​ជាតិ​ក្នុងស្រុក ។

១. មុខ​តំណែង​ដែល​ត្រូវ​ជ្រើសរើស
ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​០១ រូប

២. លក្ខខណ្ឌ និង​លក្ខណសម្បត្តិ
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​បំណង​ដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ត្រូវ​មាន​លក្ខខណ្ឌ និង​លក្ខណសម្បត្តិ ដូច​ខាងក្រោម ៖
-​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត
-​មាន​អាយុ​ចាប់ពី ៣៥​ឆ្នាំ ទៅ ៦៥​ឆ្នាំ គិតដល់​ថ្ងៃ​បោះ​ឆ្នោត
-​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​សម​មូល​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់ ឬ​រដ្ឋបាល ឬ​ផ្នែក​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ទំនាស់
-​មានបទពិសោធន៍​ក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់ ឬ​រដ្ឋបាល ឬ​ផ្នែក​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ ទំនាស់​យ៉ាងតិច ០៣​ឆ្នាំ​-​ជា​បុគ្គល​ស្អាតស្អំ មានកេរ្តិ៍ឈ្មោះ​ល្អ មានការ​គោរព​រាប់អាន​ពី​សហគមន៍​របស់​ខ្លួន
-​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​សាមីជន​មាន​បំណង​ឈរឈ្មោះ ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ភ្នំពេញ ៖
-​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​តុលាការ កង​យោធពលខេមរភូមិន្ទ ឬ​នគរបាល​ជាតិ
-​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
-​ព្រះសង្ឃ ឬ​បុព្វ​ជិត​សាសនា
-​ជន​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទមជ្ឈិម ឬ​ឧក្រិដ្ឋ ហើយ​មិន​មាន​នីតិសម្បទា​ឡើង​វិញ
-​ជន​ដែល​ស្ថិត​នៅ​ក្នុង​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​គណបក្ស​នយោបាយ​ណាមួយ ។

៣. តួនាទី ភារកិច្ច
តួនាទី ភារកិច្ច នៃ​មុខ​តំណែង​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ មាន​កំណត់​នៅ​ក្នុង​លក្ខខណ្ឌ ការងារ​ដែល​មាន​ភ្ជាប់​ជាមួយនឹង​សេចក្តីជូនដំណឹង និង​ពាក្យ​ស្នើ​សុំ​។

៤. សំណុំ​ឯកសារ​សម្រាប់​ដាក់​ពាក្យ
-​ពាក្យ​ស្នើ​សុំ ០១​ច្បាប់
-​ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត ៤x៦ ០១​ច្បាប់
-​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​បញ្ជាក់​កំណើត ០១​ច្បាប់
-​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ ដែល​ថតចម្លង​តាម​ច្បាប់​ដើម ០១​ច្បាប់
-​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​នានា ដែល​ថតចម្លង​តាម​ច្បាប់​ដើម ០១​ច្បាប់
-​រូបថត ៤x៦ ០២​សន្លឹក

៥. ទីកន្លែង​ទទួល​ពាក្យ និង​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ
បេក្ខជន​ដែល​មាន​បំណង​ចង់​ឈរឈ្មោះ​ជា​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ត្រូវ​មក​ទទួល ពាក្យ ឬ​សូម​ទាញ​យក​តាម​រយៈ QR Code ដែល​មាន​ភ្ជាប់​ក្នុង​សេចក្តីជូនដំណឹង​នេះ និង​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​កា​រិ​យា​- ល័យ​លេខាធិការ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ត្រឹម​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧:៣០​នាទី​ល្ងាច​។ ការ​ចែក​ពាក្យ​ស្នើ​សុំ និង​លក្ខខណ្ឌ​ការងារ ការ​ដាក់ និង​ការ​ទទួល​ពាក្យ​ស្នើ​សុំ ពុំ​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​ឡើយ ។

៦. ប្រាក់​ឧបត្ថម្ភ និង​អត្ថប្រយោជន៍
ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ១.៦៨៥.០០០​រៀល (​មួយ​លាន​ប្រាំមួយ​រយ​ប៉ែតសិប​ប្រាំ​ពាន់​រៀល​គត់​) ។

ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​តាម​ការ​កំណត់ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

បេក្ខជន​ជា​ស្ត្រី ជន​ពិការ និង​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​ផ្តល់​អាទិភាព និង​លើកទឹកចិត្ត​ឱ្យ​ដាក់​ពាក្យ ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​មុខ​តំណែង​ខាងលើ​នេះ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ដែល​មាន​លក្ខណ​- សម្បត្តិ​សម​ស្រប​ដូច​បាន​កំណត់​នៅ​ក្នុង​សេចក្តីជូនដំណឹង​នេះ និង​មាន​បំណង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​មុខ តំណែង​ខាងលើ អញ្ជើញ​មក​ទទួល និង​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ទីកន្លែង និង​តាម​កាលបរិច្ឆេទ​ដូច​បាន​កំណត់​ខាងលើ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ