ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតតឺន្នីស​ក្របខណ្ឌធំ​Wimbledon ណាដាល់​ឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ​ខណៈ​កីឡាករ​ហ្វេដឺរ័រ​ជ្រុះចេញពី​កម្មវិធី​ប្រកួត​មិនខុស​​ពី​ឆ្នាំទៅ​ដែល​​ទទួល​​​រា​ជ័យ​​​ដូចគ្នា​

12 ឆ្នាំ មុន

កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​រ៉ា​ហ្វាអែល ណា​ដាល់​ សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ក្រោយ​ពី​រូប​គេ​រក​បាន​កន្លែង​មួយ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ ​Wimbledon។ ផ្ទុយ​ពី​គ្នា​ស្រឡះ​ កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បែរ​ជា​ទទួល​នូវ​ការ​បរាជ័យ​យ៉ាង​ជូរចត់​ត្រូវ​ធ្លាក់​ចេញ​ពី​កម្ម​វិធី​ប្រកួត​ទាំង​ស្រុង​

កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​រ៉ា​ហ្វាអែល ណា​ដាល់​ សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ក្រោយ​ពី​រូប​គេ​រក​បាន​កន្លែង​មួយ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ ​Wimbledon។ ផ្ទុយ​ពី​គ្នា​ស្រឡះ​ កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បែរ​ជា​ទទួល​នូវ​ការ​បរាជ័យ​យ៉ាង​ជូរចត់​ត្រូវ​ធ្លាក់​ចេញ​ពី​កម្ម​វិធី​ប្រកួត​ទាំង​ស្រុង​។ ការ​ប្រកួត​ក្នុង​វគ្គ​១/៤​ក្រប​ខណ្ឌ​ធំ​មួយ​នេះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​ក្រុង​ឡុង​ដ៍​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩​ខែ​មិថុនា​កន្លង​មក​នេះ​។

ណា​ដាល់​ក្នុង​នាម​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​បាន​យក​ឈ្នះ​កីឡាករ​អាមេរិក​ម៉ាឌី ហ្វ៊ីស​ក្នុង​លទ្ធផល​៦-៣,៦-៣,៥-៧និង​៦-៤ ។ អ្វី​ដែលគួរ​ឲ្យ​កត់​សម្គាល់​លើក​នេះ​ គឺ​ណា​ដាល់​បាន​តស៊ូ​ប្រកួត​ទាំង​ជើង​របស់​ខ្លួន​មាន​របួស។ ថ្លែង​បន្ទាប់​ពី​ឆ្លង​ចូល​ដល់​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​ណា​ដាល់​បាននិយាយ​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ការ​ឈាន​ចូល​ដល់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​ថ្មី​ម្តង​ទៀត​នេះ ​គឺហាក់​បី​ដូចជា​សុបិន។ របួស​ជើង​របស់​ខ្ញុំបាន​ធូរ​ស្បើយ​បន្តិច​ហើយ​ក្នុង​ថ្ងៃ​នេះ​ ការ​ព្យា​បាល​ទទួល​បាន​លទ្ធផល​ហើយ​។ ការ​ប្រកួត​កាល​ពី​វគ្គ​មុន​ពិ​បាក​ជាង​នេះ​ នោះ​ក៏​ព្រោះ​តែ​ខ្ញុំ​មិន​ដឹង​ថា​ របួស​ជើង​វាធ្ងន់​ធ្ងរ​ប៉ុន​ណា»។

នៅជុំ​បន្ទាប់​ ណា​ដាល់​នឹង​ជួប​ប្រកួត​ជា​មួយ​កី​ឡាករ​អង់​គ្លេស​អ៊ែនឌី​ មូ​រេ​ដែល​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​ហ្វេលី​ស្យ៉ាណូ ឡូ​ប៉េស​ក្នុង​លទ្ធផល​៦-៣,៦-៤និង​៦-៤ ។ សូមបញ្ជាក់​ថា​ណា​ដាល់​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌ​ធំ​ចំនួន​១០​រួច​មក​ហើយ​។ ក្នុង​ករណី​គេ​អាច​យក​ឈ្នះ​ពាននៅ​អង់​គ្លេស​នេះ​ទៀត​ នោះ​គឺ​ជា​ពាន​លើក​ទី​១១ហើយ​ ។

សម្រាប់​កីឡាករ​ហ្វេដឺរ័រ​ដែល​កាល​ពី​ឆ្នាំទៅ​មិញបាន​បរាជ័យ​ក្នុង​វគ្គ​នេះ​ដែរ​នោះ​ បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​បរាជ័យ​លើក​នេះ​។ ការ​បរាជ័យ​របស់​គេ​ពិត​ជា​ធ្វើ​ឲ្យ​បណ្តា​អ្នក​គាំ​ទ្រ​មាន​ការ​រន្ធត់​និង​ស្រាល​ខ្លួន​ជា​ខ្លាំង​។ ពួក​គេ​កំពុង​តែ​មាន​មន្ទិល​ថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ប្រហែល​ជា​មិន​អាច​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ណា​មួយ​បូក​បន្ថែម​លើពាន​ជើង​ឯក​១៦​របស់​ខ្លួន​នោះ​បាន​ទេ ។ តែ​ទោះ​ជា​យ៉ាង​ណា​ហ្វេដឺរ័រ​នៅ​តែ​អះ​អាង​ដោយ​ខ្លួន​គេ​ថា រូប​គេ​អាច​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​មួយ​ផ្សេង​ទៀត​។ គេបាននិយាយ​ថា ៖«ខ្ញុំ​គិត​ថា ខ្ញុំ​ប្រាកដ​ជា​ឈ្នះ​។ ខ្ញុំ​នឹង​មិន​មក​ទី​នេះ​ទេ​ ប្រ​សិន​ជា​ដឹង​ថា​ចាញ់​នោះ​។ ក្នុង​ពេល​នេះ​ខ្ញុំ​មាន​សុខភាព​ពេញ​បរិ​បូរ​។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម​ឬ​ខូច​ទឹក​ចិត្ត​នោះ​ទេ។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី​Davis Cupនៅ​សប្តាហ៍​ក្រោយ​»។

ចំណែក​កី​ឡាករ​ស៊ែប៊ី​ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ក៏​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​អូ​ស្ត្រាលី​បឺណាដ តូ​មិកក្នុង​លទ្ធផល​៦-២,៣-៦,៦-៣និង​៧-៥។ នៅ​វគ្គ​បន្ទាប់​ រូប​គេ​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​​បារាំង​ហ្សូ​ វីល​ហ្វ្រ៊ី សុង​ហ្គា​ដែល​ជា​អ្នក​បំ​បាក់​ហ្វេដឺរ័រ ៕