ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំនួរ​ដ៏​ឈឺក្បាល​សម្រាប់​អ្នក​ទៅ​ញ៉ាំ​ការ​ម្តង​ៗ មិនមែន​ជា​សំនួរ​ដែល​តែងតែ​សួរ​គ្នា​នៅ​កម្ពុជា​នោះ​ទេ សំនួរ​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​វៀតណាម​សាកសួរ​ដូច​គ្នា ខណៈ​ម្ចាស់​ការ​ចង់​ឲ្យ​ភ្ញៀវ​ចងដៃ​ច្រើន តែ​ភ្ញៀវ​ម្នាក់​ៗ​ចង់​ចងដៃ​តិច ដោយសារ​តែ​ម្នាក់​ៗ​ការ​ច្រើន​រោង ហើយ​ថ្លៃ​ជីវភាព​ប្រចាំ​ថៃ្ង​ក៏​ខ្ពស់ ។ នៅ​ក្នុងអំឡុងពេល​នេះ​ជា​រដូវ​ដែល​ពលរដ្ឋ​ពេញ​និយម រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​បំផុត…

សំនួរ​ដ៏​ឈឺក្បាល​សម្រាប់​អ្នក​ទៅ​ញ៉ាំ​ការ​ម្តង​ៗ មិនមែន​ជា​សំនួរ​ដែល​តែងតែ​សួរ​គ្នា​នៅ​កម្ពុជា​នោះ​ទេ សំនួរ​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​វៀតណាម​សាកសួរ​ដូច​គ្នា ខណៈ​ម្ចាស់​ការ​ចង់​ឲ្យ​ភ្ញៀវ​ចងដៃ​ច្រើន តែ​ភ្ញៀវ​ម្នាក់​ៗ​ចង់​ចងដៃ​តិច ដោយសារ​តែ​ម្នាក់​ៗ​ការ​ច្រើន​រោង ហើយ​ថ្លៃ​ជីវភាព​ប្រចាំ​ថៃ្ង​ក៏​ខ្ពស់ ។

នៅ​ក្នុងអំឡុងពេល​នេះ​ជា​រដូវ​ដែល​ពលរដ្ឋ​ពេញ​និយម រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​បំផុត ប៉ុន្តែ​ដោយសារ​តែ​ម្នាក់​ៗ​ទទួល​សំបុត្រ​អញ្ជើញ​វា​ច្រើន​ពេក ហើយ​ចំ​ពេល​ដែល​ដំណើរ និង​សកម្មភាព​រក​លុយ​វា​រាង​ពិបាក​ផង​នោះ​ម្នាក់​ៗ​កំពុង​តែ​រអ៊ូ ។

បុរស​ម្នាក់​បាន​អះអាង​ថា ចាប់តាំងពី​ខែ​១២ មក​ដល់​ពេល​នេះ អាទិត្យ​ខ្លះ​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ការ​រាល់ថ្ងៃ ។ លោក​បាន​បន្ត​ថា ឥឡូវនេះ ឃើញ​ម្ហូប​ការ គឺ​លែង​ចង់​ហើយ ។ បុរស​វ័យ​៤៦​ឆ្នាំ រូប​នេះ​បាន​បន្ត​ថា ប៉ុន្តែ​អា​រឿង​ធ្ងន់​ជាង​នេះ គឺ​លុយ​ចំណងដៃ ។ លោក​បាន​បន្ត​ថា ជា​ធម្មតា​នៅ​ក្នុង​មួយ​រោង​លោក​ចងដៃ​៣០​ដុល្លារ នៅ​ក្នុង​មួយ​រោង ប៉ុន្តែ​ពេល​នេះ​សុំ​តែ​២០​ដុល្លារ​ទ ដោយសារ​តែ​វា​ច្រើន​ពេក ។

ស្ត្រី​វ័យ​៣៦​ឆ្នាំ​មួយ​រូប​ទៀត បាន​លើក​ឡើង​ថា ឥឡូវនេះ ទៅ​ការ​មួយ​រោង​ចង​២០​ដុល្លារ​អី​គេ​លែង​មើល​មុខ​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​វា​អត់ ។ លោកស្រី បាន​និយាយ​ផង ហើយ​លេងសើច​ផង​ថា ឥឡូវនេះ​ប្រាក់ខែ​ត្រឹម​២​លាន​រៀល​អី ពេល​ខ្លះ​ចំណាយ​តែ​នៅ​លើ​ថ្លៃ​ទៅ​ហូប​ការ​គេ​នេះឯង ។ លោកស្រី​ថា «​លុយ​ចង់​សន្សំ​ម៉េច​ក៏​មិន​សល់​ដែរ​នៅ​ក្នុង​រង្វង់​ខែ​១២ ខែ​១ ខែ​២​អី​នេះ សំបុត្រ​ការ​វា​ច្រើន​ពេក​ដល់​ថ្នាក់​ឥឡូវ​ខ្ញុំ​ចង់​គេច​មុខ​គេ​គេច​មុខ​ឯង​ហើយ ខ្លាច​រឿង​គេ​ហៅ​ការ​នេះ​តែ​ម្តង »​។

រឿង​ឈឺក្បាល​អំពី​ថ្លៃ​ចំណងដៃ​ការ​គេ​នេះ​មិនមែន​ឈឺក្បាល​តែ​នៅ​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​នៅ​វៀតណាម​ថ្មី​ៗ​នេះ ក៏​សារព័ត៌មាន​គេ​ចុះ​ផ្សាយ​ថា ពលរដ្ឋ​វៀតណាម​ក៏​កំពុង​តែ​ឈឺក្បាល​លើ​ថ្លៃ​ចំណាយ​រឿង​ទៅ​ចូលរួម​ការ​គេ​នេះ​ដែរ ។

សារព័ត៌មាន VN Express បាន​រាយការណ៍​ថា សម្រាប់​ពលរដ្ឋ​វៀតណាម​នៅ​ពេល​នេះ​ពេល បើ​ពួក​គេ​ចងដៃ​២០​ដុល្លារ ត្រូវ​គេ​គិត​ថា​វា តិច ប៉ុន្តែ​ប្រសិនបើ​៤០​ដុល្លារ គឺ​វា​ច្រើន​ពេក នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

ប្រភព​ដដែល​បាន​ដកស្រង់​សម្តី​របស់​កូនក្រមុំ និង​កូន​ក​ម្លោះ​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ភាគ​ខាងកើត និង​ខាងត្បូង​កម្ពុជា​ថា ជា​ទូទៅ​ពួក​គេ​តែងតែ​ប្រាថ្នា​ចង់​ឲ្យ​ភ្ញៀវ​ម្នាក់​គួរ​ចងដៃ​ការ​ពួក​គេ​ពី​២៥​ដុល្លារ ទៅ​៣៥​ដុល្លារ ។ កូន​ក​ម្លោះ​ក្រមុំ​មួយគូ​បាន​អះអាង​ថា ឥឡូវនេះ​បើ​ភ្ញៀវ​ចង​ត្រឹមតែ​ម្នាក់​២០​ដុល្លារ គឺ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ហើយ ។ ដោយឡែក អ្នក​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ចូលរួម​វិញ​ក៏​បាន​លើក​ឡើង​ថា ពួក​គេ​ក៏​មាន​អារម្មណ៍​តានតឹង​ដែរ ប៉ុន្តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច បើ​ជៀស​មិន​រួច ។

សារព័ត៌មាន​នោះ​បាន​ដកស្រង់​សម្តី​របស់​ពលរដ្ឋ​វៀតណាម​ម្នាក់​ថា «​ពេល​ឃើញ​សំបុត្រ​អញ្ជើញ​ការ​ម្តង​ៗ​ខ្ញុំ​មាន​អារម្មណ៍​ថា តានតឹង​ណាស់ ។ អ្នក​មិនសូវ​ជិតដិត​ចេះ​តែ​គេច​ៗ ដោយ​ផ្ញើ​ចំណងដៃ​តិចតួច​បាន ប៉ុន្តែ​បើ​មិត្ត​ជិត​ស្និទ្ធ​អី គឺ​ទៅ​ទាំង​តានតឹង »​។
ពលរដ្ឋ​វៀតណាម​ដដែល​នោះ បាន​លើក​ឡើង​ទៀត​ថា បើ​ប៉ះ​ចំ​គេ​អញ្ជើញ​ទៅ​ការ​កន្លែង​ធំ​ៗ​ដូច​ជា សណ្ឋាគារ​អី គឺ​រឹតតែ​តានតឹង​ថែម​ទៀត​ដោយសារ​ចង​៥០​ម៉ឺន​ដុ​ង ដែល​ស្មើនឹង ២០​ដុល្លារ​វា​តិច​ពេក តែបើ​ចង​ដល់​១​លាន​ដុល្លារ ឬ​៤០​ដុល្លារ​វា​ច្រើន​ពេក​។

ប្រភព​ដដែល​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ តម្លៃ​នៃ​ចំណងដៃ​សម្រាប់​ពិធី​រៀប​ការ​មួយ​រោង​នៅ​វៀតណាម គឺ​គួរ​ចង់ដៃ​ពី​៧០​ម៉ឺន ទៅ​៨០​ម៉ឺន​ដុ​ង ពោល គឺ​ប្រហែល​២៥ ទៅ​៣០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ