ខេត្តកណ្តាល ៖ ចេញពីគុកបាន០៣ឆ្នាំ មិនរាងចាលនៅមិនសុខក្នុងខ្លួន ប្រើហិង្សាលើបងថ្លៃម្តងទៀត ត្រូវបងថ្លៃប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

បើតាមការបញ្ជាក់ពីបងថ្លៃរបស់ជនសង្ស័យបានអោយដឹងថា កន្លងមកជនសង្ស័យខាងលើធ្លាប់បានប្រព្រឹត្តសកម្មភាពប្រើអំពើហិ.ង្សាទៅលើបងថ្លៃហើយ និងម្តាយបង្កើត ត្រូវបានសមត្ថកិច្ចនគរបាលយើងកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅជាប់ពន្ធនាគារខេត្តកណ្តាល កាលពីឆ្នាំ២០២១ អស់រយៈពេលមួយឆ្នាំ ។ ក្រោយមកក៏ត្រូវបានដោះលែងវិញថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។
រហូតមកដល់ខែមករា ឆ្នាំ២០២៥ ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាព កាន់កាំបិតផ្គាក់ដើរស្រែកឡូឡាគំរា.មកំហែងកា.ប់សម្លាប់អ្នកជិតខាងធ្វើអោយមានការភ័យខ្លាចរអារគ្រប់ៗគ្នា ។
ជនរងគ្រោះលុះពេលកើតហេតុ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០ ជនរងគ្រោះឈ្មោះឈាង ឡេង គាត់បានធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅមើលរោងពិធីមង្គលការកូនអ្នកជិតខាង នៅចំណុចកើតហេតុខាងលើនេះ ដើម្បីរៀបចំរកកន្លែងដាក់ផ្ញើម៉ូតូ ។

ស្របពេលជិះម៉ូតូទៅដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យ ស្រាប់តែជនសង្ស័យខាងលើនេះបានរត់ស្ទុះចូលមកស្ទាក់ម៉ូតូរបស់ជនរងគ្រោះ ហើយបាននិយាយថា « ឯងហ្នឹងហើយដែលបានចាប់ចងអ.ញ ហើយយកទៅដាក់គុកកន្លងមក» ។ ខណៈបងថ្លៃ និយាយបានបន្តិច ស្រាប់តែជនសង្ស័យបានស្ទុះចូលទៅវា.យលើជនរងគ្រោះចំនួនមួយដៃចំថ្គាមខាងឆ្វេង បណ្តាលអោយដួលម៉ូតូទៅលើផ្លូវ ហើយជនសង្ស័យបានរត់ទៅយកកំណាត់ឈើបន្ទះយកមកវាយទៅលើក្បាលជនរងគ្រោះបន្ថែមទៀត ។

នៅពេលនោះក៏មានអ្នកជិតខាងរស់នៅក្បែកន្លែងកើតហេតុបានចូលមកចាប់ឃាត់បំបែកចេញ ហើយជនសង្ស័យបានដើរគេចខ្លួនទៅដីស្រែប្រាំងបាត់ទៅ ។
ក្រោយពេលកើតហេតុ បានបន្តិចជនរងគ្រោះគាត់បានខលទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍កំពង់កុង អោយចុះជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យខាងលើនេះយកមកកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ