រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកវ៉ាកៀររថយន្តតូយ៉ូតាព្រូសខូចខាតកញ្ចក់តិចតួច ត្រូវបានរថយន្តតូយ៉ូតាព្រូសបើកកាក់ហើយបានឈ្លោះប្រកែកគ្នា ឈានដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាងបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ដែលស្ថិតនៅ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AE-1044 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនហើយបានបើកកៀររថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BP-4993 បើកបរដោយបុរស និងប្រពន្ធ២នាក់ ក្នុងទិសដៅស្របគ្នា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលរថយន្តកាមរីបាឡែនបើកកៀររថយន្ដតូយ៉ូតាព្រូសក៏ស្រាប់តែរថយន្ដ តូយ៉ូតាព្រូសបានបើកដេញហើយកាក់រថយន្តកាមរីបាឡែនវិញ ហើយចុះមកស្តីអោយខាងរថយន្តកាមរីបាឡែនថា ហែងបើករថយន្តប្រញាប់ប្រញាល់ទៅណា នៅពេលនោះខាងរថយន្តកាមរីបាឡែនចុះពីរថយន្ដ ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក បង្កអោយមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋតេប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចនគរបាលអន្តរាគមន៍ខណ្ឌសែនសុខភ្លាម ដើម្បីឃាត់ភាគីទាំងសងខាងយកទៅសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីបន្ត ។
ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខធ្វើការវាស់វែង និងស្ទូចរថយន្ដយកទៅផ្នែកជំនាញចរាចរណ៍ខណ្ឌដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ៕




ចែករំលែកព័តមាននេះ