រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់បងប្អូនបង្កើតនិងគ្នាបានបែកគំនិតធ្វើចោរលួច ហើយចូលទៅកាន់ផ្ទះមួយកន្លែងក្នុងបំណងធ្វើសកម្មភាពគាស់ទ្វារដើម្បីចូលលួចយកទ្រព្យសម្បត្តិ ប៉ុន្តែទើបតែចូលទៅដល់មិនទាន់បានធ្វើអីផង ស្រាប់តែម្ចាស់ផ្ទះម្ចាស់ផ្ទះជាសន្តិសុខឃើញទាន់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ។ ខណៈនោះប្រជាពលរដ្ឋបានជួយដេញចាប់បានជនសង្ស័យជាបង ហើយជននេះបានស្រែកប្រាប់ប្អូនប្រុសរបស់ខ្លួនដែលជាជនសង្ស័យទី២ថា«អាប្អូនឯងជិះម៉ូតូរត់ទៅ» ។ ប៉ុន្តែមិនទាន់បានជិះម៉ូតូចេញផង ក៏ត្រូវប្រជាពលចាប់បានម្នាក់ទៀត រួចប្រគល់ជូននគរបាលទាំង២នាក់បងប្អូន ដើម្បីនាំយកទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ២៣៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យជាបងឈ្មោះ ប៊ន វិច្ឆិកា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងប្អូនប្រុសឈ្មោះ ប៊ន រ៉ូស្សា អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយពីរនាក់បងប្អូនបង្កើតនេះ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានធ្វើការដកហូតនៅវត្ថុតាងមួយចំនួនមានដូចជា សោខ្សៀលេខ៨សម្រាប់ដោះខ្ចៅ០១ដើម, ដែកលួសសសៃសម្រាប់ឆ្កឹះមេសោ២សសៃ ,ទូរស័ព្ទម៉ាក Iphone 8plus ពណ៌ទឹកមាស ស៊ីមកាតលេខ ០៩៧៥៣០២៦២៤មួយគ្រឿង ។ ទូរស័ព្ទម៉ាក Iphone 12 ពណ៌ស ស៊ីមកាតលេខ ០៨៨៦៣៦៥៣៤២ មួយគ្រឿង ,ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ លេខតួនិងលេខម៉ាស៊ីន ៩៧៦៩ ស្លាកលេខ ភ្នំពេញ 1MD- 5761 ១គ្រឿង ។ ដោយ ឡែកបុរសជាម្ចាស់ផ្ទះឈ្មោះវ៉ែន ចាន់ពន្លឺ អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាសន្តិសុខរូបនោះបាននិយាយប្រាប់នគរបាលថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងអង្គុយលេងនៅក្នុងផ្ទះ ស្រាប់តែឃើញមានស្រមោលមនុស្សដើរចូលតាមច្រកផ្ទះជួលទៅកាន់បន្ទប់ជួលនៅខាងក្រោយ ។ ពេលនោះគាត់មានការសង្ស័យខ្លាំងណាស់ ក៏ដើរទៅតាមមើលពីក្រោយ ក៏ឃើញជនសង្ស័យឈ្មោះ ប៊ន វិច្ឆិកា ដែលជាបងក៏ឃាត់សួរនាំថាមកពីណាទៅណាហើយមានការអ្វី ? ព្រោះគាត់មិនដែលស្គាល់ជននោះឡើយ ។
បុរសនោះបាននិយាយប្រាប់នគរបាលបន្តថា គ្រាន់តែគាត់សួរនាំស្រាប់តែជនសង្ស័យភ័យស្លន់ស្លោរ រួចក៏បោះចោលសម្ភារៈសម្រាប់ធ្វើសកម្មភាពគាស់ផ្ទះពីក្នុងហោប៉ៅភ្លាមៗនោះគាត់ឃើញនិងស្គាល់ថាជាសម្ភារៈសម្រាប់ឆ្កឹះសោផ្ទះ ។ គាត់ក៏ស្រែកឆោឡោថា«ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយឃាត់ខ្លួនជនសង្ស័យរូបនោះបានភ្លាមៗ ព្រមទាំងប្រមូលវត្ថុតាងគឺឧបករណ៍គាស់ផ្ទះទុក ។
ប្រភពដដែលបានបញ្ជាក់ប្រាប់ទៀតថា មុនដំបូងគាត់ស្មានថាជនសង្ស័យនេះមានតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែក្រោយពេលត្រូវឃាត់ខ្លួន ស្រាប់តែជជនសង្ស័យរូបនេះស្រែកប្រាប់ឲ្យជនសង្ស័យទី២ដែលជាប្អូនប្រុសម្នាក់ទៀតជិះម៉ូតូគេចខ្លួន ទើបគាត់ស្រែកឲ្យអ្នកជិតខាងក្បែរនោះជួយឃាត់ខ្លួនជនសង្ស័យដែលជាប្អូននោះបានម្នាក់ទៀត ។ បន្ទាប់មកក៏បានរាយការណ៍ទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឲ្យទៅយកជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕





ចែករំលែកព័តមាននេះ