ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់បង្ខំខ្លួនឯង! ការក្រោកពីព្រលឹមតាមគេតាមឯង អាចធ្វើឱ្យសុខភាពអ្នករងការខូចខាតធ្ងន់ធ្ងរ

29 វិនាទី មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ខណៈដែលបណ្ដាញសង្គម និងសៀវភៅអភិវឌ្ឍខ្លួនជាច្រើន កំពុងលើកតម្កើងការក្រោកពីគេងនៅម៉ោង ៥ ព្រឹក ថាជារូបមន្តនៃភាពជោគជ័យ និងវិន័យដែក អ្នកជំនាញផ្នែកដំណេកបានចេញមុខព្រមានថា…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ខណៈដែលបណ្ដាញសង្គម និងសៀវភៅអភិវឌ្ឍខ្លួនជាច្រើន កំពុងលើកតម្កើងការក្រោកពីគេងនៅម៉ោង ៥ ព្រឹក ថាជារូបមន្តនៃភាពជោគជ័យ និងវិន័យដែក អ្នកជំនាញផ្នែកដំណេកបានចេញមុខព្រមានថា និន្នាការនេះអាចជា «ថ្នាំពុល» ចំពោះសុខភាព ប្រសិនបើវាត្រូវបានអនុវត្តផ្ទុយពីនាឡិកាជីវសាស្ត្ររបស់បុគ្គលម្នាក់ៗ។

ប្រសិទ្ធភាពការងារមិនមែនអាស្រ័យលើការភ្ញាក់ពីព្រលឹមនោះទេ ប៉ុន្តែវាអាស្រ័យលើគុណភាពនៃដំណេក និងកម្រិតថាមពលដែលរាងកាយទទួលបាន។ ការបង្ខំខ្លួនឯងឱ្យក្រោកពីព្រលឹមទាំងដែលខួរក្បាលមិនទាន់រួចរាល់ មិនត្រឹមតែមិនអាចបង្កើនផលិតភាពការងារបានឡើយ ប៉ុន្តែថែមទាំងធ្វើឱ្យមានអារម្មណ៍បាក់ទឹកចិត្ត ហត់នឿយរ៉ាំរ៉ៃ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយទៀតផង។

តាមពិតទៅ មនុស្សម្នាក់ៗកើតមកមាន «ហ្សែន» នៃពេលវេលាដំណេកខុសៗគ្នា ចាប់ពីក្រុមដែលពូកែក្រោកពីព្រលឹម (ក្រុមសីហៈ) រហូតដល់ក្រុមដែលពូកែធ្វើការពេលយប់ (ក្រុមចចក)។ ប្រសិនបើអ្នកជាមនុស្សប្រភេទចូលចិត្តធ្វើការពេលយប់ ហើយបង្ខំខ្លួនឯងឱ្យមកអនុវត្តតាមរូបមន្តម៉ោង ៥ ព្រឹក នោះរាងកាយនឹងរងសម្ពាធដូចទៅនឹងស្ថានភាពហត់នឿយខ្លាំងក្រោយជិះយន្តហោះឆ្លងប្រទេស​អ៊ីចឹងដែរ។ តម្លៃដែលត្រូវបង់សម្រាប់ការដេកមិនគ្រប់គ្រាន់ រួមមានការកើនឡើងនៃអ័រម៉ូនស្ត្រេស ហានិភ័យនៃជំងឺបេះដូង និងភាពធាត់។ ដូច្នេះ មុននឹងសម្រេចចិត្តដើរតាមនិន្នាការណាមួយ គួរពិនិត្យមើលសញ្ញារបស់រាងកាយជាមុន៖ ប្រសិនបើអ្នកត្រូវពឹងលើកាហ្វេដើម្បីដាស់ស្មារតី ឬត្រូវការម៉ាស៊ីនរោទ៍ច្រើនដងទើបអាចក្រោកបាន នោះមានន័យថា ម៉ោង ៥ ព្រឹក មិនមែនជាពេលវេលាសម្រាប់អ្នកឡើយ។

ភាពជោគជ័យពិតប្រាកដ គឺការផ្ដល់ឱ្យរាងកាយនូវដំណេកដ៏មានគុណភាពពី ៧ ទៅ ៩ ម៉ោង ដើម្បីឱ្យខួរក្បាលអាចដំណើរការបានពេញលេញនៅពេលថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ