ប្រទេសថៃ ៖ មនុស្សយ៉ាងតិច៣២នាក់ស្លាប់ និងជាង៦០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅភាគខាងជើងថៃ ។ នេះជាការប្រកាសកាលពីថ្ងៃទី១៤មករារបស់អាជ្ញាធរសុខាភិបាលមូលដ្ឋានដែលបញ្ជាក់ថា មនុស្ស៣នាក់ទៀតនៅតែបាត់ខ្លួន ។

ដងស្ទូចមួយបានបាក់លើរថភ្លើងមួយខ្សែបណ្ដាលឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវដែក ហើយមានភ្លើងឆាបឆេះ ។ គ្រោះថ្នាក់នោះ កើតមាននាវេលាម៉ោង៩ព្រឹកម៉ោងក្នុងស្រុកថ្ងៃទី១៤មករា ពេលដងស្ទូចមួយដែលប្រើសម្រាប់កសាងផ្លូវរថភ្លើងល្បឿនលឿន បានបាក់លើរថភ្លើងដឹកអ្នកដំណើរដែលរត់ពីខាងក្រោមផ្លូវកំពុងកសាង ។

រថភ្លើងដឹកអ្នកដំណើរដែលមានទូរចំនួន៣ ត្រូវដងស្ទូចនោះបាក់លើ ហាក់ដូចជាបំបែកទូរទី២នៃរថភ្លើងនោះជា២។ រដ្ឋមន្ត្រីដឹកជញ្ជូនថៃលោកភីភាតរ៉ាតចាគីតប្រាកានឲ្យដឹកថា រថភ្លើងនោះដឹកមនុស្ស១៩៥នាក់។ រថភ្លើងជួបគ្រោះថ្នាក់រត់រវាងទីក្រុងបាកកនិងខេត្តអ៊ូប៊ុនរ៉ាតចាថានី។

បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្កមបង្ហាញពួកអ្នកជួយសង្គ្រោះ លើកគ្នាទៅកន្លែងរថភ្លើងជួបគ្រោះថ្នាក់ ដែលក្រឡាប់ចំណែកផ្សែងកំពុងតែហុយចេញពីបំណែក។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកបណ្ដោះអាសន្នមកពីមានការធ្លាយចេញផលិតផលគីមី។ ដងស្ទូចដែលបាក់នោះ ប្រើក្នុងការដ្ឋានកសាងផ្លូវរថភ្លើងល្បឿនលឿនមួយនៅថៃ ដែលចាប់កសាងតាំងពីឆ្នាំ២០១៧មក តែត្រូវយឺតយ៉ាវអស់ពេលមួយទសវត្ស ។

គម្រោងមានទឹកប្រាក់៥,៤ពាន់លានដុល្លារនោះ អាចភ្ជាប់ក្រុងបាងកកទៅកាន់ក្រុងគុនមិញភាគខាងត្បូងចិន កាត់ប្រទេសឡាវ។ ផ្លូវមួយកំណាត់ដំបូងអាចប្រើបានក្នុងឆ្នាំំ២០២៨ ហើយកំណាត់ទី២អាចដាក់ឲ្យប្រើក្នុងឆ្នាំ២០៣២។ គម្រោងផ្លូវដែកល្បឿនលឿននោះទទួលបានការជួយរបស់ចិន ក្នុងក្របខណ្ឌគម្រោងផ្លូវសូត្រថ្មីដើម្បីកែលម្អការផ្លាស់ប្ដូរពាណិជ្ជកម្ម និងពង្រឹងឥទ្ធិពលចិនក្នុងតំបន់ ៕



ចែករំលែកព័តមាននេះ