ខេត្តបាត់ដំបង ៖ សំណុំរឿងដ៏រសើបមួយភាគីទាំងសងខាងសុទ្ធ តែទាមទាររកយុត្តិធម៌រៀងខ្លួន ហើយត្រូវបានតុលាការសាលាដំបូងខេត្តបាត់ដំបង លើកយកមកបើកសវនាការជាសាធារណៈចំនួន២លើក គឺលើកទី១នៅថ្ងៃទី១៩ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ សំណុំរឿងព្រហ្មទណ្ឌដ៏រសើបមួយនេះលេខ៩៤៧ ចុះថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៤ មានជនសង្ស័យជាបងប្អូនបង្កើតនឹងគ្នាឈ្មោះ ហាក់ ខេមរា ភេទស្រី (កំពុងជាប់ឃុំ) និងឈ្មោះ ហាក់ ពិសី ភេទស្រី (នៅក្រៅឃុំ) ជាប់ចោទពីបទ «ផ្តើមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្មគិតទុកជាមុន»។ ក្នុងនោះក៏មានជនសង្ស័យម្នាក់ទៀតជាជនជាតិថៃ ឈ្មោះ កូវីត ភេទប្រុស មានមុខក្នុងសវនាការជំនុំជម្រះនេះដែរ ។
អង្គសវនាការនោះមានលោកស្រីចៅក្រម ហៃ ណៃហេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ទុត វីនីត ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមានមេធាវីការពារក្តីតាមផ្លូវច្បាប់ឲ្យភាគីទាំងពីរ ដើមចោទ និងចុងចោទ ហើយក៏មានអ្នកសារព័ត៌មាន និងមហាជនបានចូលរួមស្តាប់សវនាការនោះផងដែរ ។
សវនាការបានសួរដេញដោលទៅលើជនសង្ស័យ និងដើមបណ្តឹងរដ្ឋប្បវេណីអស់រយៈពេលជាច្រើនម៉ោង ដែលភាគីទាំងពីរសុទ្ធតែមានអំណះអំណាង បញ្ជាក់ពីអង្គហេតុ អង្គច្បាប់រៀងៗខ្លួន និងបានទាមទារឲ្យតុលាការពិនិត្យពិចារណា លើសំណុំរឿងនេះឡើងវិញ ជៀសវាងការកាត់ក្តីដោយមិនតម្លាភាព និងគ្មានយុត្តិធម៌ ។
ក្រោយបញ្ចាប់សវនាការលោកស្រីប្រធានក្រុមប្រឹក្សាជំនុំជម្រះ មិនទាន់ប្រកាសសាលក្រមភ្លាមៗទេ ពោលគឺលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ខាងមុខ។
សូមជម្រាបថា៖ រឿងហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានជនរងគ្រោះឈ្មោះ មូល សេរីរដ្ឋ ត្រូវជនសង្ស័យធ្វើសកម្មភាពលួចចាក់បណ្តាលឲ្យរងរបួសដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសមត្តកិច្ចនគរបាលមូលដ្ឋាន បានកសាងសំណុំរឿងនេះបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។អយ្យការខេត្តប៉ៃលិនបានចុះសំណុំរឿងនេះលេខ ១៥០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែនៅថ្ងៃដដែលនេះ(ថ្ងៃទី១៧ ខែមិថុនា)មិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែជនរងគ្រោះឈ្មោះ មូល សេរីរដ្ឋ បានដាក់ពាក្យសុំដូរសមត្ថកិច្ចសាលាជំរះក្តី ដោយថាមិនមានទំនុកចិត្តលើសមត្ថកិច្ចខេត្តប៉ៃលិន។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អយ្យការខេត្តប៉ៃលិនដែលមិនទាន់បានស៊ើបអង្កេតអ្វីសោះនោះបានធ្វើលិខិតស្នើរសុំដូរសាលាជម្រះក្តីលើរឿងនេះមកក្រសួងយុត្តិធម៌ហើយក្រសួងយុត្តិធម៌ក៏បានចេញលិខិតភ្លាមៗឲ្យដូរសំណុំរឿងនេះមកសមត្ថកិច្ចសាលាដំបូងខេត្តបាត់ដំបងតែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាហេតុផលរសើបបំផុតមួយ។
នៅក្នុងសវនាការស្ត្រីជនរងគ្រោះឈ្មោះ មូល សេរីរដ្ឋ បានលើកថា នៅយប់កើតហេតុមានជនសង្ស័យម្នាក់ជាមនុស្សស្រីបានធ្វើសកម្មភាពចាក់ខ្លួនជាច្រើនកាំបិត តែខ្លួនបានរើបម្រះ និងស្រែកឱ្យគេជួយ។ បន្ទាប់មកក៏មានសមត្ថកិច្ចខេត្តប៉ៃលិនចុះទៅដល់កន្លែងកើតហេតុ ដោយបានសួរសាក្សី ព្រមទាំងទៅសរសេរពាក្យបណ្តឹងជនរងគ្រោះដល់មន្ទីរពេទ្យតែម្តង ដែលពេលនោះជនរងគ្រោះ មូល សេរីរដ្ឋ បានប្តឹងចោទកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណបានចាក់ខ្លួន ពោលគឺថាខ្លួនមិនប្តឹងចំឈ្មោះបុគ្គលណា ឬចំឈ្មោះ ហាក់ ខេមរា ជាជនសង្ស័យនោះទេ។ ដោយឡែកនៅក្នុងពាក្យសុំដូរសមត្ថកិច្ចសាលាជម្រះក្តីខ្លួនមិនបានថាចំឈ្មោះ ហាក់ ខេមរា ទេ តែប៉ូលីសជាអ្នកសរសេរឲ្យ ហើយខ្លួនមិនចាំថាបានអាន និងផ្តិតមេដៃលើពាក្យសុំនោះឬអត់ទេ។
ជនរងគ្រោះបានលើកឡើងទៀតថា ខ្លួនធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនរបស់ឈ្មោះ ហាក់ ខេមរា (ជនសង្ស័យ) ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩។ដោយសារបញ្ហាជំងឺកូវីត១៩រាតត្បាត ឆ្នាំ២០១៩ ក្រុមហ៊ុន SK បានបិតមិនដំណើរ ការ បុគ្គលិកទាំងអស់ត្រូវបានរំសាយ ហើយតាំងពីពេលនោះមក ខ្លួនក៏មិនដែលមានទំនាក់ទំនងអ្វីជាមួយថៅកែស្រីឈ្មោះ ហាក់ ខេមរា នោះដែរ ។
ក្រោយមកទៀតនៅអំឡុងខែសីហា ឆ្នាំ២០២២ ពេលជំងឺកូវីត១៩ មានការធូរស្រាលវិញ ខ្លួនជនរងគ្រោះបានទៅដាក់ពាក្យសុំចូលធ្វើការនៅកន្លែងថ្មីឈ្មោះSYS មិនមែនជាក្រុមហ៊ុនរបស់ថៅកែ ហាក់ ខេមរា នោះទេ។ ពេលនោះឈ្មោះ ហាក់ ពិសី ត្រូវជាប្អូនស្រីឈ្មោះ ហាក់ ខេមរា (ជនសង្ស័យ) បានខលមកខ្លួនជនរងគ្រោះថា កុំទៅធ្វើការនៅកន្លែងថ្មីអី ចាំគាត់(ហាក់ ពិសី)ឱ្យប្រាក់ចំនួន ៣០០០$ ដើម្បីសងបំណុលគេ ប៉ុន្តែខ្លួនបានជាជនរងគ្រោះ បានបដិសេធមិនទទួលយក ហើយចាប់ពីពេលនោះមកមិនដែលមានទំនាក់ទំនងគ្នាឡើយ។
នៅពេលជំនុំជម្រះជនរងគ្រោះបានលើកឡើងថា៖នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោងប្រហែល ៨ និង៤០នាទីព្រឹក ស្រាប់តែមានបុរសជនជាតិថៃម្នាក់មិនស្គាល់គ្នា បានមកប្រាប់នារីម្នាក់(មិនចាំឈ្មោះ)ក្នុងក្រុមការងារខ្លួនថា មានគេជួលឱ្យមកសម្លាប់ស្រីពាក់វ៉ែនតាម្នាក់ ស្រីរូបនោះបានហៅខ្លួន(មូល សេរីរដ្ឋ) និងស្រីៗរួមការងារចំនួន៤ .៥នាក់ឲ្យមកបង្ហាញមុខ ថៃនោះបានចង្អុលមកខ្លួន(មូល សេរីរដ្ឋ)។ ក្រោយបានដឹងរឿងនេះមក ខ្លួន និងក្រុមការងារមិនមានការភ័យខ្លាចអ្វីនោះទេ គឺខុសពីសម្តីដើមនៅក្នុងកំណត់ហេតុ។
លុះនៅយប់កើតហេតុថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទីយប់ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណបានមកធ្វើសកម្មភាពចាក់ប្រហារតែម្តង ដែលនោះគឺខ្លួនចាត់ទុកថា ជាអំពើប៉ុនប៉ងឃាតកម្មយ៉ាងពិតប្រាកដ។ ជនរងគ្រោះអះអាងបន្ថែមថា តាំងពីដើមមកសំណុំរឿងនេះខ្លួនបានប្តឹងសមត្តកិច្ចចោទប្រកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណ ការស៊ើបអង្កេតរបស់សមត្តកិច្ចបានឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យ ដែលពាក់ពន្ធក្នុងរឿងនេះ ជាតួនាទីរបស់សមត្ថកិច្ច។
ជាចុងក្រោយដើមបណ្តឹង មូល សេរីរដ្ឋ សំណូមពរសុំឱ្យតុលាការកាត់ក្តីទៅតាមផ្លូវច្បាប់ និងផ្តល់ភាពយុត្តិធម៌ ដល់រូបនាងជាជនរងគ្រោះ និងទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារផងដែរ។ រីឯជនជាប់ចោទ ហាក់ ខេមរា និងជនជាតិថៃម្នាក់ ក៏បានលើកដៃប្រណម្យទទូចស្នើសុំឲ្យតុលាការជួយរកភាពយុត្តិធម៌ និងទម្លាក់ការចោទប្រកាន់ចោល ហើយធ្វើការដោះលែងពួកគេឲ្យមានសេរីភាពវិញ ព្រោះការចោទប្រកាន់នោះពុំមានការពាក់ព័ន្ធមកលើរូបគាត់ទេ។
ចំណែកមេធាវីការពារក្តីឲ្យជនសង្ស័យ រិតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ក្នុងសំណុំរឿងនេះកូនក្តីរបស់លោកគឺអ្នកស្រី ហាក់ ខេមរា និង ហាក់ ពិសី ពុំជាប់ពាក់ព័ន្ធអំពើល្មើសដូចការចោទប្រកាន់នោះឡើយ បានជាមានការសន្និដ្ឋានយ៉ាងដូច្នោះ គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពចាក់នាង ម្យ៉ាងវិញទៀតទាំងឯកសារនៅក្នុងសំណុំរឿង ទាំងការជជែកដេញដោលនៅក្នុងសវនាការមិនមានតំរុយណាមួយដាក់បន្ទុកថាកូនក្តីលោកជាអ្នកផ្តើមគំនិត ឬជាអ្នកបញ្ជាជនណាមួយឲ្យទៅសម្លាប់ជនរងគ្រោះនោះឡើយ ដូចនេះសុំឲ្យតុលាការពិនិត្យពិចារណា និងសម្រចឲ្យកូនក្តីលោកគឺអ្នកស្រី ហាក់ ខេមរា និង ហាក់ ពិសី បានរួចផុតពីបទចោទខាងលើ និងដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ៕

ចែករំលែកព័តមាននេះ