ខេត្តព្រៃវែង ៖ គម្រោងអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៨Aចូលតាមកៀនផ្សារព្រៃព្នៅចាស់ទៅផ្លូវលំភូមិព្រៃព្នៅ,ឃុំព្រៃព្នៅ,ស្រុកពារាំង,ខេត្តព្រៃវែង ក្រោមក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនិងក្រុមអាជីវករផ្សារព្រៃព្នៅចាស់ ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែនេះ គឺអាជ្ញាធរមន្ត្រីជំនាញកំណត់មិនបានច្បាស់លាស់ត្រឹមត្រូវម្តងអញ្ចេះម្តងអញ្ខុះ។
ពលរដ្ឋនិងក្រុមអាជីវករលើកឡើងប្រហាក់ប្រហែលគ្នាថា អាជ្ញាធរជូនដំណឹងប្រាប់ប្រជាពលរដ្ឋនិងអាជីវករពីដំបូងថា គម្រោងធ្វើផ្លូវវាស់ចេញពីអាក់កណ្តាលចេញសងខាងផ្លូវសរុប១៣ម៉ែត្រ ខណ:ផ្លូវលំក្រាលកៅស៊ូលំនាំចាស់ពីមុនមកមានត្រឹម៦ម៉ែត្រប៉ុណ្ណោះ។ពលរដ្ឋនិងក្រុមអាជីវករបន្តថា ពួកគាត់សប្បាយចិត្តជាខ្លាំងនិងគាំទ្រយ៉ាងពេញទំហឹងនៅសេចក្តីជូនដំណឹងរបស់អាជ្ញាធរនូវគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែនេះមានអ្នកខ្លះចូលរួមស្ម័គ្រចិត្តកាត់សំយ៉ាកផ្ទះនិងរុះរើតូបលក់ដូរចេញជាបន្តបន្ទាប់ម្នាក់ៗ២ទៅ៣ម៉ែត្រឯណោះ។
ប៉ុន្តែអ្វីដែលពួកគាត់ខកចិត្ត នឹងអស់ជំនឿទៅលើអាជ្ញាធរភូមិ,ឃុំ,ស្រុកនោះ គឺគម្រោងធ្វើផ្លូវបេតុងនេះមិនច្បាស់លាស់ម្តងអោយពួកគាត់កាត់សំយ៉ាកផ្ទះ២ម៉ែត្រ, ម្តងកាត់៣ម៉ែត្រនិងដាក់គ្រឿងចក្រឈូសឆាយកាយផ្លូវមានដាក់កម្លាំងសមត្ថកិច្ចមកឈរបញ្ជានិងគំរាមកំហែងបង្ខំអោយអាជីវករក្នុងផ្សាររុះរើជញ្ជាំងតូបចេញទាំងដែលតូបរបស់ពួកគាត់មិនប៉ះពាល់លើគម្រោងធ្វើផ្លូវផងនោះ។
ធ្វើអោយក្រុមអាជីវករជាច្រើនមានចម្ងល់ងឿងឆ្ងល់ថាតូបលក់ដូររបស់គាត់នៅក្នុងផ្សារព្រៃព្នៅចាស់សោះ មិនប៉ះពាល់លើគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងនោះទេ ចុះហេតុអ្វីបានជាអាជ្ញាធរចេះតែធ្វើទុក្ខបុកម្នេញដេញរំខានដល់មុខរបរលក់ដូរនៅក្នុងកូនផ្សារក្រមួននេះគ្រាន់បានលុយចិញ្ចឹមគ្រួសារប្រចាំថ្ងៃ បង់សងធនាគារនិងជួយអោយកូនចៅបានរៀនសូត្រផង មិនទាំងបានផង។
ពួកគាត់អត់យល់ទេមិនដឹងជាអាជ្ញាធរសមត្ថកិច្ចមានគម្រោងអ្វីអោយច្បាស់លាស់នោះទេបានជាចេះតែមកធ្វើទុកបុកម្មេញដេញពួកគាត់អោយរុះរើជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ ដែលអាជ្ញាធរសកម្មក្នុងការអភិវឌ្ឍន៍គម្រោងធ្វើផ្លូវបេតុជុំវិញផ្សារព្រៃព្នៅចាស់នេះ មិនខុសពីបទចម្រៀងរបស់លោក សាន ប៊ុនធឿនគាត់ច្រៀង កាយផ្លូវដាក់លូ ដាក់លូធ្វើផ្លូវឥតឈប់ឈរតែម្តុំផ្សារព្រៃព្នៅចាស់នេះ ឬមួយក៍អាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញទាំងនោះមានចេតនាចង់កម្ចាត់ដេញក្រុមអាជីវករផ្សារចាស់នេះ អោយទៅលក់នៅផ្សារថ្មីអោយអស់ ហើយចង់យកដីផ្សារចាស់នេះលក់ទៅអោយឈ្មួញបុគ្គលឯកជនធ្វើការ៉ាស់សាំងនិងធ្វើអ្វីផ្សេងៗទេដឹងបានជាខំប្រឹងណាស់។
ក្រុមអាជីវករបន្តថា ទោះយ៉ាងណាក៍ពួកគាត់មិនទៅលក់ដូរនៅផ្សារថ្មីជាដាច់ខាត ដោយហេតុផល÷ ទី១.ពួកគាត់គ្មានលទ្ធភាពទិញតូបផ្សារថ្មី ព្រោះពួកគាត់មិនម៉ែនលក់អចិន្ត្រៃយ៍២៤ម៉ោងនោះទេ គឺពួកគាត់លក់ដូរតាមកញ្ជើកញ្ជ្រែងល្អីត្រឹមតែមួយព្រឹកៗនូវបន្លែផ្លែឈើត្រីសាច់ដែលអាស្រ័យផលដោយខ្លួនឯងហូបមិនអស់ក៍យកមកអង្គុយលក់ត្រឹមតែមួយព្រឹក មួយព្រឹកប៉ុណ្ណោះ គ្មានលិទ្ធភាពទិញតូបលក់ឡើយ។
ទី២.ពួកគាត់សុទ្ធតែជាមនុស្សចាស់មិនហ៊ានឆ្លងកាត់ថ្នល់ជាតិលេខ៨Aខ្លាចកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។
ក្រុមអាជីវករបញ្ជាក់បន្ថែមថា កាលពីរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ពួកគាត់ឃើញមានកម្លាំងសមត្ថកិច្ចំនួន៣នាក់ ដែលគេមិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា មានលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅម្នាក់និងម្នាក់ទៀតជានគរបាលសណ្តាប់ធ្នាប់ស្រុកពារាំង រីឯម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានប៉េអឹម បានមកឈរបញ្ជាគ្រឿងចក្រអោយកាយ នឹងជាអ្នកបង្ខំអោយអាជីវកររុះរើជញ្ជាំងតូបក្នុងផ្សារចាស់ចេញ បើមិនរុះរើទេ ពួកគេហ្នឹងអោយគ្រឿងចក្រកាយ ហើយរាល់ការខូចខាតបាត់បង់សម្ភារ:គឺពួកគេមិនទទួលខុសត្រូវឡើយ ព្រោះនេះជាបទបញ្ជារបស់ថ្នាក់លើ។
បើទោះបីអាជីវករខ្លះជាប់រវល់ទៅចូលរួមពិធីមង្គលការបងប្អូននៅរាជធានីភ្នំពេញសូមអង្វរពន្យាពេលយ៉ាងណាក៍ដោយ ក៍ពួកគេមិនយល់ព្រមដែរគឺតម្រូវអោយអាជីវករត្រូវតែរុះរើយ៉ាងតក់ក្រហល់អោយខានតែបាន។
ក្រុមអាជីវករផ្សារព្រៃព្នៅចាស់ សូមសំណូមពរដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ដែលជានិច្ចជាកាលឯកឧត្តមតែងតែជួយអន្តរាគមន៍ដោះស្រាយរាល់ទុក្ខលំបាកជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងខេត្តព្រៃវែងប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាព មេត្តាជួយអន្តរាគមន៍អនុញាតអោយពួកគាត់បានអង្គុយលក់ដូរនៅកន្លែងផ្សារព្រៃព្នៅចាស់នេះដដែលផង គ្រាន់បានប្រាក់ចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃនិងបង់សងធនាគារ ជួយអោយកូនចៅបានទៅរៀនសូត្រផង។
ជុំវិញបញ្ហាខាងលើនេះ លោក ស៊ូ តុង មេឃុំព្រៃព្នៅបានប្រាប់អោយដឹងតាមទូរស័ព្ទថា ផ្លូវបេតុងនេះគឺជាគម្រោងរបស់ខេត្ត ហើយរាល់ការវាស់វែងចេញពីអាក់កណ្តាលនៃលំនាំផ្លូវចាស់សរុបប្រវែង១៣ម៉ែត្រ សាច់ផ្លូវបេតុងប្រវែង១០ម៉ែត្រសល់ចិញ្ចើមម្ខាង១ម៉ែត្រកន្លះសម្រាប់ដាក់ប្រព័ន្ធលូរំដោះទឹកសងខាងផ្លូវ។ចំណែករឿងចោទអាជ្ញាធរសមត្ថកិច្ចទៅរុះរើតូបអាជីវករក្នុងផ្សារចាស់ចង់ដេញអាជីវករអោយទៅលក់នៅផ្សារថ្មី ដើម្បីយកដីផ្សារចាស់ទៅលក់អោយឈ្មួញនោះសុទ្ធតែជារឿងមិនពិតនោះទេ។ កុំជឿពួកគាត់ចេះតែប្រឌិតរឿង។
ក្នុងនាមរដ្ឋបាលឃុំមានសិទ្ធត្រឹមតែចូលរួមជួយសម្របសម្រួលរាល់ផលប៉ះពាល់តែប៉ុណ្ណោះគ្មានអ្នកណាគេទៅរុះរើតូបលក់ដូរពួកគាត់នៅក្នុងផ្សារចាស់នោះទេ គេធ្វើតែលើគម្រោងផ្លូវបេតុងទទឹង១៣ម៉ែត្រនេះទេ។ហើយក៍គ្មានអ្នកណាបង្ខំពួកគាត់អោយទៅលក់នៅផ្សារថ្មីនោះដែរ គ្រាន់តែណែនាំប្រាប់ពួកគាត់កុំអោយលក់ប៉ះពាល់លើផ្លូវសាធារណ:ដែលបង្កអោយកកស្ទះចរាចរណ៍ពិបាកដល់អ្នកធ្វើដំណើរ៕














ចែករំលែកព័តមាននេះ