ប្រជាពលរដ្ឋ ៣ភូមិ នៅស្រុកសាលាក្រៅ ទទួលបានការវាស់វែងចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ចំនួន០៣ភូមិ គឺភូមិស្រែអន្ទាក់ ភូមិកោះកែវ និងភូមិកំពង់ចម្លងក្រោម…
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ចំនួន០៣ភូមិ គឺភូមិស្រែអន្ទាក់ ភូមិកោះកែវ និងភូមិកំពង់ចម្លងក្រោម…
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ចំនួន០៣ភូមិ គឺភូមិស្រែអន្ទាក់ ភូមិកោះកែវ និងភូមិកំពង់ចម្លងក្រោម ក្នុងឃុំសាលាក្រៅ ត្រូវបានក្រុមការងារ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាពលោក ហុក សុផល អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន និងប្រជាពលរដ្ឋសរុបចូលរួមជាង ៣០០នាក់ ។
លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា គោលបំណងនៃរដ្ឋបាលដីធ្លី ដែលជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសរហូតទទួលបានសុខសន្តិភាពពេលលេញ ហើយបានបន្តដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចម្រើនទៅមុខក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអណត្តិទី៧ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកបន្តទៀតថា ការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត លើអចលនវត្ថុទាំងរដ្ឋ និងឯកជនឲ្យបានច្បាស់លាស់ធ្វើការ ផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទ សំដៅពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធានាបាននូវទំនុកចិត្ត និងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាព វិមជ្ឈការ វិសហមជ្ឈការ និងសមភាពយេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃការចុះបញ្ជីដីធ្លីនិងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័ស និងងាយទទួលយកបានមកប្រើប្រាស់ផ្សេងៗ ។ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ពិតជាមានសារៈសំខាន់ ក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ដូចនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំជួយសម្របសម្រួលបំពេញឯកសារ និងពន្យល់រាល់ចំណុចខ្វះខាតអោយទាន់ពេលវេលា។ ជាងនេះទៅទៀតមន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយ ត្រូវយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងពិនិត្យឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធនានា ដើម្បីឲ្យប្រជាពលរដ្ឋម្ចាស់ដីមានភាពកក់ក្តៅ និងមានទំនុកចិត្ត ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន ។
ចំណែកលោក សែម សុខន ប្រធានវាស់វែងក្រុម១ នៃក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ នៃមន្ទីរសុរិយោដីខេត្តប៉ៃលិន បានអោយដឹងដែរថា ការចុះផ្សព្វផ្សាយនេះគឺចំនួន០៣ភូមិ រួមមាន ៖
ទី១- ស្រែអន្ទាក់២១៩គ្រួសារ មានក្បាលដីលំនៅឋាន២៧២ក្បាលដី និងដីកសិកម្មមានចំនួន១៧៥០ក្បាលដី។
ទី២- ភូមិកោះកែវ មានចំនួន១៦៧គ្រួសារ មានក្បាលដីសរុបចំនួន៦០០ក្បាលដី ក្នុងនោះដីលំនៅឋានមានចំនួន១៦៧ក្បាលដី និងដីកសិកម្មមានចំនួន៤៣៣ក្បាលដី។
ទី៣- ភូមិកំពង់ចំលងក្រោម មានប្រជាពលរដ្ឋមានចំនួន២៨៨គ្រួសារ មានផ្ទៃដីសរុប១៨៣៨ក្បាលដី ក្នុងនោះដីលំនៅឋានមានចំនួន២៨៨ក្បាលដី និងដីកសិកម្ម១៥៥០ក្បាលដី។ សរុបទាំង៣ភូមិចំនួន៤៤៦០ក្បាលដី៕
ចែករំលែកព័តមាននេះ