ប្រទេសចិន ៖ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលមនុស្សយន្ត (Robot) នឹងចូលរួមការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុង ព្រឹត្តិការណ៍រៀបចំឡើងនៅសង្កាត់ដាស៊ីង (Daxing) ទីក្រុងប៉េកាំង ប្រទេសចិន នៅក្នុងខែមេសាខាងមុខ។
យោងតាមប្រភពពី Business Insider ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ មនុស្សយន្តមួយចំនួននឹងបង្ហាញវត្តមានប្រកួតប្រជែងការត់ពាក់កណ្តាលម៉ារ៉ាតុងដែលមិនធ្លាប់មានពីមុនមក និងជាលើកដំបូងដែលមានទាំងមនុស្សពិត និងមនុស្សយន្តប្រកួតប្រជែងគ្នា នៅទីក្រុងប៉េកាំង។ នេះបើតាមការប្រកាសកាលពីថ្ងៃអង្គារ ចេញពីតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិជ្ជាទីក្រុងប៉េកាំង ដែលទទួលរៀបចំព្រឹត្តិការណ៍នោះ។
របាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួ (Xinhua) បានឱ្យដឹងដា លោក Li Quan អនុប្រធានតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិជ្ជាទីក្រុងប៉េកាំង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មនុស្សយន្តចូលរួមការរត់នឹងមានពេលប្រហែល៣ម៉ោងកន្លះ ដើម្បីបញ្ចប់ទីនៅចម្ងាយ២១គីឡូម៉ែត្រ។ បណ្តាក្រុមការងារត្រូវបានអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរថ្ម ឬផ្លាស់ប្តូរមនុស្សយន្ត អំឡុងពេលប្រកួត ប៉ុន្តែការផ្លាស់ប្តូរមួយលើកៗ នឹងបន្ថែមការពិន័យ ១០នាទីដល់ម៉ោងសរុបរបស់មនុស្សយន្ត។ ទោះយ៉ាងណាក៏ដោយ មនុស្សយន្តតំណាងឱ្យក្រុមហ៊ុនផ្សេងៗ នឹងត្រូវដាក់ក្នុងផ្លូវរត់ដាច់ដោយឡែកបិទដោយរនាំង ឬខ្សែក្រវាត់ពណ៌បៃតង។
បណ្តាមនុស្សយន្តនឹងត្រូវប្រកួតប្រជែងជាមួយអ្នកចូលរួមរត់ចំនួន១២,០០០នាក់ អ្នកបញ្ចប់ទីក្នុងចំណាត់ថ្នាក់កំពូលទាំង៣មិនថាមនុស្ស ឬមនុស្សយន្តនោះទេ នឹងទទួលបានប្រាក់រង្វាន់។ ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះចំណាត់ថ្នាក់លេខ៣ ទទួលបានចំនួន ៤១៥ដុល្លារអាមេរិក, លេខ២ ទទួលបាន ៥៥០ដុល្លារ និងលេខ១ ទទួលបាន ៦៩០ដុល្លារ ជាមួយនឹងរង្វាន់បន្ថែមជាច្រើន រួមទាំងសម្រាប់អ្នករត់លឿនបំផុត និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតផងដែរ។
សិទ្ធិទទួលបានការចូលរួម ៖ មនុស្សយន្តសម្រាប់ការប្រកួតតម្រូវជាម៉ាស៊ីនមានលក្ខណៈទម្រង់ជាមនុស្ស ដែលត្រូវបានហៅថា Humanoid Robot ដោយមានសមត្ថភាពដើរ ឬរត់នឹងជើងពីរដោយមិនប្រើកង់។ មនុស្សយន្តអាចត្រូវបានបញ្ជាផ្ទាល់ដៃពីមនុស្ស និងពាក់កណ្តាលស្វ័យប្រវត្តិ ឬស្វ័យប្រវត្តិពេញលេញតែម្តង។ ក្រុមការងារមនុស្សយន្តត្រូវតែធានាថា មនុស្សយន្តមិនធ្វើឱ្យខូចផ្លូវរត់ និងរំខាន់ការរត់របស់មនុស្ស និងមនុស្សយន្តផ្សេងទៀត ហើយត្រូវតែអនុវត្តតាមច្បាប់បច្ចេកទេសនៃការប្រកួត។
ព្រឹត្តិការណ៍នេះ ធ្វើឡើងបន្ទាប់ពីការចូលរួមរបស់មនុស្សយន្តកន្លងមក នៅក្នុងការប្រកួតដូចជា ព្រឹត្តិការណ៍ Hangzhou Marathon ឆ្នាំ ២០២៤ ខេត្តហ្សឺជាំង (Zhejiang) និងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុង Yizhuang Half Marathon ទីក្រុងប៉េកាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍សង្កាត់ដាស៊ីង នឹងសម្គាល់ជាលើកដំបូងដែលមនុស្សយន្តនឹងប្រកួតប្រជែងពេញមួយការប្រកួត ជាពិសេសប្រកួតប្រជែងជាមួយនឹងមនុស្សពិតតែម្តង។
សូមជម្រាបថា ប្រទេសចិនបាននិងកំពុងតែជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត AI និងមនុស្សយន្ត ដើម្បីសម្រេចគោលបំណងឈានមុខគេក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាសកល ជាពិសេសប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនៃចំនួនប្រជាជនវ័យចំណាស់ និងការថយចុះអត្រាកំណើត៕


ចែករំលែកព័តមាននេះ