ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​បុក តិក​តក់ … ជាដើម​មិនមែន​ជា​សមត្ថកិច្ច ឬ​ជា​តុលាការ​ទេ ប៉ុន្តែ​មហាជន​មួយ​ចំនួន​នៅ​តែ​ច្រឡំ ហើយ​ពួក​គេ​កំពុង​តែ​ប្រើប្រាស់​វា​តាម​របៀប​នោះ​នៅ​ពេល​ដែល​មាន​បញ្ហា ។ នេះ​មិនមែន​ជា​ដំណោះស្រាយ​ឡើយ សូម​នាំ​គ្នា​ប្រើប្រាស់​ច្បាប់…

ហ្វេ​ស​បុក តិក​តក់ … ជាដើម​មិនមែន​ជា​សមត្ថកិច្ច ឬ​ជា​តុលាការ​ទេ ប៉ុន្តែ​មហាជន​មួយ​ចំនួន​នៅ​តែ​ច្រឡំ ហើយ​ពួក​គេ​កំពុង​តែ​ប្រើប្រាស់​វា​តាម​របៀប​នោះ​នៅ​ពេល​ដែល​មាន​បញ្ហា ។ នេះ​មិនមែន​ជា​ដំណោះស្រាយ​ឡើយ សូម​នាំ​គ្នា​ប្រើប្រាស់​ច្បាប់ និង​យន្តការ​សង្គម​ដែល​មាន ។

និន្នាការ​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បែប​នោះ​ពលរដ្ឋ​ជា​ច្រើន​នៅ​ពេល​ដែល​មាន​បញ្ហា គឺ​ពួក​គេ​តែងតែ​ប្រើប្រាស់​បណ្តាញ​សង្គម​ចែករំលែក​ភ្លាម​ៗ​នូវ​អ្វី​ដែល​ពួក​គេ​មាន​បញ្ហា ហើយ​ក៏​មាន​អ្នក​បញ្ចេញយោបល់​អា​កាត់​ភ្លាម​ៗ​ថា រឿង​នេះ​វា​គួរ​ធ្វើ​បែប​នេះ រឿង​នោះ​វា​គួរ​ធ្វើ​បែប​នោះ ។ ពួក​គេ​សព្វ​ថ្ងៃនេះ មិនសូវ​ប្រើប្រាស់​យន្តការ​ច្បាប់​ទេ គឺ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​តែ​ម្តង សូ​ម្បី​តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ រឿង​ជម្លោះផ្ទៃក្នុង​គ្រួសារ រឿង​ជម្លោះ​រកស៊ី រឿង​ជម្លោះ​ជិតខាង រឿង​ជម្លោះ​នៅ​ក្នុង​រឿង​ភេទ​សម្ព័ន្ធ និង​រឿងរ៉ាវ​ជា​ច្រើន​ទៀត ។

គ្រប់​គ្នា​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល គឺ​មាន​សិទ្ធិ​ផ្សព្វផ្សាយ មាន​សិទ្ធិ​បញ្ចេញយោបល់ ឬ​ទស្សនៈ ប៉ុន្តែ​កុំ​ចេះ​អារកាត់​នរណា​ខុស​នរណា​ត្រូវ​ពីព្រោះ​យើង​ទាំងអស់​គ្នា​មិន​មាន​មូលដ្ឋាន​ច្បាប់ មិនមែន​ជា​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ឡើយ ដូច្នេះ​សូម​ទុក​ឲ្យ​អ្នកជំនាញ​គេ​ដោះស្រាយ ។ ហើយ​ជំនាញ​ទៀត​សោត ក៏​គួរតែ​ប្រើប្រាស់​ច្បាប់​ជា​គោល​កុំ​យក​ផលប្រយោជន៍ យក​បក្សពួក យក​បន​ភឿន ឬ​យក​មេ​កើយ ហើយ​កិច្ច​កែ​បន្លែបន្លំ​យក​ច្បាប់​មក​សំអាង​ខុស​និ​តិ​វិធី​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​អស់នេះ សូ​ម្បី​តែ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចាប់អារម្មណ៍​ផង​ដែរ ហើយ​សម្តេច​ក៏​បាន​ធ្វើការ​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​បញ្ហា​តូច​ៗ​របស់​បុគ្គល​ទៅ​បំប៉ោង​ឲ្យ​ធំ​នៅ​តាម​បណ្ដាញ​សង្គម ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​មហាជន​នៅ​ពេល​ដែល​មាន​បញ្ហា​គួរតែ​នាំ​គ្នា​ជជែក​ដោះស្រាយ​ដោយ​សន្ដិវិធី ។

ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៥​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧ និង​ទទួលទាន​ភោ​ជ​នា​អាហារ​ជាមួយ​តំណាង​សិល្បករ​ទូ​ទាំង​ប្រទេស នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ និង​សន្និបាត​កោះ​ពេជ្រ សម្តេច​ធិ​បតី បាន​រំលឹក​រឿងរ៉ាវ​ករណី​គ្រោះថ្នាក់​បន្ដិចបន្តួច តែ​ព្យាយាម​តេ​ហៅ​អ្នក​នេះ​អ្នក​នោះ ឬ​ក៏​ផ្សាយ​ផ្ទាល់​ពី​ទីនោះ​ធ្វើ​ឲ្យ​រឿង​កាន់តែ​ធំ ។

សម្ដេច​មហា​ធិ​បតី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នូវ​អភិក្រម «​មាន​បញ្ហា​ត្រូវ​រួម​គ្នា​ដោះស្រាយ​» កុំ​ឲ្យ​មហាជន​លើ​បណ្ដាញ​សង្គម​ជួយ​ដោះស្រាយ ។ សម្តេច​បាន​បន្ត​ថា នៅ​ពេល​នេះ​ដោយ​ម្នាក់​ៗ​អាង​តិក​តក់ និង​ហ្វេ​ស​ប៊ុ​ក​ខ្លះ មានរឿង​អី​បន្តិចបន្តួច​ផ្សាយ​ផ្ទាល់​ៗ ។ ម្ខាង​ៗ​គិតតែ​យកឈ្នះ​រៀង​ៗ​ខ្លួន ទីបំផុត​រឿង​តូច​ក៏​អាច​ក្លាយជា​រឿង​ធំ ។

សម្តេច​បាន​ផ្តល់​អនុសាសន៍​ថា នៅ​ពេល​មាន​បញ្ហា​នៅ​នឹង​មុខគួរ​និយាយ​គ្នា ដោះស្រាយ​បញ្ហា​ងាយ ។ ប៉ុន្តែ​ដោយសារ​យើង​មិន​និយាយ​គ្នា យើង​ទាញ​ហ្វេ​ស​ប៊ុ​ក​រៀង​ៗ​ខ្លួន​មក​ជះ​កំហឹង ។ សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី កុំ​ព្យាយាម​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ក្ដៅ​លើស​ដើម ហើយ​អ្នក​មើល​រាប់​ពាន់​នាក់​អត់​ដឹង​ទេ ។
នេះ គឺជា​សារ​របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​ការ​លើក​ឡើង​នេះ គឺ​កញ្ចក់​មួយ​បង្ហាញ​ថា ស្ថានភាព​សង្គម​របស់​យើង គឺ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ។ ដូចនេះ​គួរតែ​នាំ​គ្នា​យល់​ពី​បញ្ហា ហើយ​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ប្រើប្រាស់​ច្បាប់​ជា​គោល ។ កាលណា​សង្គម​ដែល​ប្រើប្រាស់​ច្បាស់​ជា​គោល សង្គម​នឹង​ក្លាយជា សង្គម​មួយ​ដែល​មាន​បែបបទ ត្រឹមត្រូវ​មាន​អរិយធម៌ មាន​ភាព​ស៊ី​វិ​ល័យ និង​សណ្តាប់ធ្នាប់​សង្គម​ប្រសើរ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ចេះ​តែ​អាង​នេះ​អាង​នោះ សង្គម​នឹង​មើលទៅ​រញ៉េរញ៉ៃ រស់នៅ​ជាមួយនឹង​វប្បធម៌​អាង ។ ច្បាប់ គឺជា​មូលដ្ឋាន និង​មាត្រា​ដ្ឋា​ន​កំណត់​ភាព​ត្រឹមត្រូវ​សម្រាប់​គ្រប់​សមាជិក​សង្គម​ទាំងអស់ មិន​ថា នរណា​ជា​នរណា​ឡើយ ។

សង្គម​ដែល​ប្រើប្រាស់​ច្បាស់​ជា​គោល គឺ​ពិតជា​ច្រកចេញ​មួយ​ដ៏​ប្រសើរ​សម្រាប់​គ្រប់​គ្នា ។ សង្គម​យើង​សព្វ​ថ្ងៃនេះ​មានច្បាប់​មាន​ទម្លាប់​ច្រើន​ណាស់ ដូច្នេះ​យើង​គួរតែ​រៀន​ស្វែង​យល់​ពី​ច្បាប់ ហើយ​លើកកម្ពស់​ការ​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ ច្បាប់ គឺជា​ឯកសារ​គតិ​យុទ្ធ​សម្រាប់​គ្រប់​គ្នា ហើយ​ក៏​ជា​ដែន​កំណត់​ភាព​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ