ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ប្រារព្ធ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ

7 ម៉ោង មុន

ខេត្តពោធិ៍សាត់​ ៖ ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ ២២ កុម្ភៈ ឆ្នាំ​២០២៥ បាន​ត្រូវ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ប្រារឰ​ធ្វើ​ឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦…

ខេត្តពោធិ៍សាត់​ ៖ ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ ២២ កុម្ភៈ ឆ្នាំ​២០២៥ បាន​ត្រូវ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ប្រារឰ​ធ្វើ​ឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅ​ពហុ​កីឡដ្ឋាន​ខេត្ត ក្រោម​វត្តមាន​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ ។

លោក​ឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការ​រង ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ បានឱ្យ​ដឹង​ថា បើ​តាម​ស្ថិតិ គ្រោះថ្នាក់ ដែល​បណ្តាល​មក​ពី​អគ្គិភ័យ​ឆ្នាំ​២០២៤ ប្រៀបធៀប​ឆ្នាំ​២០២៣ នៅ​ទូ​ទាំង​ខេត្ត មាន​ចំនួន​៤៣​លើក ថយ​ចុះ​៥​លើក កត្តា​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៣០% ធ្វេសប្រហែស​២៤% ភ្លើង​ឆេះ​ព្រៃ​៣៥% និង​កត្តា​ផ្សេង​ៗ​ទៀត​៩%​។ គោលដៅ​ងាយ​រង​គ្រោះ ដូច​ជា​ស្ថានីយ៍ កន្លែង​ស្តុ​ប​ចែកចាយ​ប្រេង​ឥន្ទ​នៈ ហ្គា​ស សិប្បកម្ម​កែ​ច្នៃ ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន នៅ​មានការ​ធ្វេសប្រហែស​។ ចំពោះ​កម្លាំង​ការិយាល័យ និង​សម្ភារៈ​បម្រើ​ការងារ​សង្គ្រោះ នៅ​មាន​កម្រិត​ដូច​ជា​ម៉ាស​ការពារ​ផ្លូវដង្ហើម បំពុង​អុក​ស៊ី​សែន និង​មធ្យោបាយ​ទំនាក់ទំនង​ជាដើម​។

លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដែល​កំពុង​ប្រារព្ធ​ធ្វើ​នា​ពេល​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត ដែល​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត បានឃើញ​កាន់តែ​ច្បាស់ ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំង​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ ក្នុង​ការ​បង្ការ​នូវ​មហន្តរាយ ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ ការ​ការពារ និង​សង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ការ​គិតគូរ​អំពី​សុខុមាលភាព សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។

លោក​បន្ត​ថា គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រោះថា​ទ្រព្យសម្បត្តិ សម្ភារ មាសប្រាក់ និង​ផ្ទះសម្បែង អាច​នឹង​ត្រូវ​បំផ្លាញ​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក ដោយសារ​ករណី​អគ្គិភ័យ​នេះ ប្រសិនបើ​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ត្រឹមត្រូវ​។ ទន្ទឹម​នឹង​នេះ ដើម្បី​ចូលរួម​កាត់​បន្ថយ​ហានិភ័យ ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ តាម​រយៈ​យន្តការ​ត្រៀម​បង្ការ ផ្សព្វផ្សាយ ត្រៀម​រៀបចំ​ឆ្លើយ​តប និង​សង្គ្រោះ​បន្ទាន់ បាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ទិវា​នេះ​នឹង​ក្លាយទៅជា​កម្លាំង​ច​លករ​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​ចូលរួម​បំផុសស្មារតី និង​ក្រើនរំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ចូលរួម​កាន់តែ​ខ្លាំងក្លា និង​សកម្ម​ថែម​ទៀត ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ​នេះ​។

លោក​បាន​ផ្ដាំផ្ញើ​ដល់​អង្គភាព​ពាក់ព័ន្ធ នូវ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន ដូច​ខាងក្រោម​៖

ទី​១៖ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​វិធីសាស្ត្រ​បង្ការ និង​ពន្លត់​អគ្គិភ័យ ជា​ពិសេស​ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ ស្ដី​ពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៅ​តាម​សហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថាន​ឯកជន និង​នៅ​តាម​ទីតាំង​ដែល​មាន​អគារ​ខ្ពស់​ៗ​។
ទី​២៖ ត្រូវ​ចាត់តាំង​ឱ្យ​មាន​កម្លាំង​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​ប្រចាំការ ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ធានា​ដល់​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បាន​ទាន់​ពេលវេលា​។
ទី​៣៖ ត្រូវ​ត្រៀម​រថយន្ត ឧបករណ៍ និង​សម្ភារ ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ ដោយ​គ្រប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងអស់ ត្រូវ​មាន​ប្រេងឥន្ធនៈ​ក្នុង​ធុង និង​មានទឹក​ក្នុង​ស៊ីទែន​ឡាន​ឱ្យ​បាន​គ្រប់គ្រាន់​។
ទី​៤៖ ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​លេខ​ទូរស័ព្ទ​ប្រចាំការ ដើម្បី​សាធារណៈជន​ងាយស្រួល​ទំនាក់ទំនង នៅ​ពេល​មាន​ករណី​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ​។
ទី​៥៖ ត្រូវ​រៀបចំ​ហ្វឹកហាត់ និង​បង្កើន​ជំនាញ​ពន្លត់​អគ្គិភ័យ ដល់​ក្រុមការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៅ​នឹង​កន្លែង​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​។
ទី​៦៖ គ្រប់​ស្ថាប័ន អង្គភាព​រដ្ឋ រោងចក្រ កាស៊ីណូ អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ​រួម​សណ្ឋាគារ ក្លឹ​ប​កម្សាន្ត​នានា ជា​ពិសេស​កន្លែង​លក់​ហ្គា​ស និង​ស្ថានីយ៍​ប្រេងឥន្ធនៈ ត្រូវ​រៀបចំ​បំពាក់​ឧបករណ៍​បង្ការ និង​ពន្លត់​អគ្គិភ័យ ដើម្បី​ម្ចាស់​ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នានា ដែល​អាច​កើតឡើង​។
ទី​៧៖ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​អំពី​គ្រោះថ្នាក់​អគ្គី​ភ័យ ត្រូវ​អនុវត្ត​វិធានការ​ពន្លត់​ឱ្យ​បាន​លឿន​រហ័ស ប្រកបដោយ​តម្លាភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​យកចិត្តទុកដាក់​ជួយ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ឱ្យ​អស់​លទ្ធភាព​។
ទី​៨៖ មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ មិន​ត្រូវ​យក​តួនាទី​ភារកិច្ច​ទៅ​ប្រព្រឹត្ត​អំពើ​អសកម្ម នៅ​ពេល​ចេញ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឡើយ ។
ទី​៩៖ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ ត្រូវ​ពិនិត្យ​មើល​ការ​សាងសង់​សំណង់​ទាំងឡាយ ណែនាំ​ឱ្យ​មាន​រៀបចំ​រក្សា​ផ្លូវ ដើម្បី​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​អាច​ចេញចូល​បាន ហើយ​ករណី​នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រាល់​ការ​សាងសង់ ត្រូវ​គោរព​ច្បាប់ និង​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ​។
ទី​១០៖ ទន្ទឹម​នេះ ស្នើ​ដល់​កម្លាំង​ជំនាញ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ពិនិត្យ ដក​ពិសោធន៍ និង​ធ្វើការ​វាយតម្លៃ អំពី​កត្តា និង​មូលហេតុ​ចម្បង ដែល​បណ្ដាល​ឱ្យ​មាន​ករណី​អគ្គី​ភ័យ​កើតឡើង​ច្រើន ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការពារ និង​បង្ការ​ទប់ស្កាត់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ