ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពអាកាសកូរ៉េខាងត្បូងអះអាង នាថ្ងៃទី៦ មីនា ថា យន្តហោះប្រដេញមួយគ្រឿងក្នុងចំណោមយន្តហោះប្រដេញរបស់ខ្លួនបានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ក្នុងពេលហោះធ្វើសមយុទ្ធបណ្ដាលឲ្យផ្ទុះរបួសជនស៊ីវិលច្រើននាក់ ។

កងទ័ពអាកាសនោះបន្តថា គ្រាប់បែកធុនMK-82ចំនួន៨គ្រាប់ត្រូវបានទម្លាក់ខុសពីប្រក្រតី ដោយយន្តហោះប្រដេញធុនKF-16មួយគ្រឿងរបស់កងទ័ពអាកាស ហើយគ្រាប់បែកទាំងនេះផ្ទុះខាងក្រៅរង្វង់ដែលបានគ្រោងទុក។ កងទ័ពអាកាសបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុអាក្រក់នោះ ដែលបណ្ដាលឲ្យជនសីុវិលច្រើននាក់រងរបួស។
ឧប្បត្តិហេតុនោះកើតមាននាព្រឹកថ្ងៃទី៦មីនាវេលាម៉ោង១០ម៉ោងក្នុងស្រុក នៅតំបន់POCHEON ភាគខាងជើងប្រទេសចម្ងាយប្រមាណជា២៥គីឡូម៉ែត្រខាងត្បូងព្រំដែនរវាងកូរ៉េទាំង២។ កងទ័ពអាកាសកូរ៉េខាងត្បូងបញ្ជាក់ថា យន្តហោះនោះចូលរួមក្នុងសមយុទ្ធប្រើគ្រាប់ពិត ដែលរួមគ្នាធ្វើជាមួយកងទ័ពជើងគោក។ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា កូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នានាថ្ងៃទី៦មីនាជាមួយសហរដ្ឋអាមេរិកនៅPOCHEON។

គ្រាប់បែកច្រឡំទម្លាក់នោះហាក់ដូចជាធ្លាក់លើភូមិមួយ ពេលធ្វើសមយុទ្ធមួយរវាងអាមេរិកនិងកូរ៉េខាងត្បូង។ មនុស្ស៤នាក់រងរបួសធ្ងន់ ហើយ៣នាក់ទៀតរបួសស្រាល។ គេក៏រៀបរាប់ដែរពីការខូចខាតនានា ពិសេសព្រះវិហារមួយនិងផ្ទះ២ខ្នង។
ក្នុងសេចក្ដីប្រកាសមួយកងទ័ពអាកាសកូរ៉េខាងត្បូងថ្លែងថា យើងសូមសម្ដែងការសោកស្ដាយដ៏ជ្រាវជ្រៅ ចំពោះការទម្លាក់គ្រាប់បែកដោយច្រឡំនេះ ដែលប៉ះពាល់ដល់បណ្ដាជនសីុវិលនិងសូមបួងសួងឲ្យបណ្ដាអ្នករបួសឆាប់ជាសះស្បើយ។ គេបានបើកការស៊ើបអង្កេត មួយលើឧប្បត្តិហេតុនោះនិងសន្យាចេញសងការខូចខាត៕

ចែករំលែកព័តមាននេះ