រាជធានីភ្នំពេញ ៖ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ បានរចនារៀបចំឡើង នូវភូមិវប្បធម៌ ដែលធ្លាប់មានពីមុនមក នៅក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់ទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។
នេះបើតាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ចាក់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រតិភូមកពីក្រសួងសាធារណការ និងដឹកជញ្ជូន, ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុនឯកជនអូស្ត្រាលី និងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុប សរុប១៥០នាក់ បានអញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ក្នុងគម្រោងភូមិវប្បធម៌ នឹងមានការសាងសង់នូវផ្ទះបែបខ្មែរបុរាណជាច្រើនខ្នង និងមានម៉ូដខុសប្លែកពីគ្នា ។
លោកបន្តថា គិតមកទល់ពេលនេះ ផ្ទះឈើបុរាណមួយខ្នង បានសាងសង់ហើយ ដោយនឹងមានផ្ទះ និងការរចនាជាច្រើនទៀត នឹងសាងសង់ឡើងជាបន្តបន្ទាប់ មុនពេលអាកាសយានដ្ឋានថ្មីនេះ សម្ពោធដាក់ឱ្យដំណើរការ ផ្លូវការនាខែកក្កដាខាងមុខ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកចាត់ទុកការបង្កើតភូមិវប្បធម៌នេះ គឺដើម្បីជួយផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជា ជាពិសេសឱ្យភ្ញៀវទេសចរ បានសិក្សាស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា ។
លោកនាយកគ្រប់គ្រង បានបញ្ជាក់ដែរថា ក្រៅពីការរៀបចំឱ្យមានភូមិវប្បធម៌, អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏នឹងមានដាក់តាំងនូវរូបចម្លាក់រចនាបថខ្មែររាប់រយអង្គផងដែរ ខណៈបច្ចុប្បន្ន បានដឹកជញ្ជូនមកជាបន្តបន្ទាប់ និងមួយចំនួនទៀត កំពុងរចនាឡើង យកមកពីទឹកដីខេត្តសៀមរាប ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គិតមកដល់ពេលនេះ ដំណាក់កាលទី១ សម្រេចការសាងសង់ជិតរួចរាល់ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នៅអំឡុងខែកក្កដាខាងមុខ។ អាកាសយានដ្ឋានថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចឱ្យយន្តហោះធន់ធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១នេះ៕











ចែករំលែកព័តមាននេះ