ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​សង្ឃឹមថា​៖ សង្ក្រាន្ដ​កម្ពុជា​នឹង​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ឆាប់​ៗ​នេះ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​» នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​ថែរក្សា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​» នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​ថែរក្សា និង​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ហើយ សម្ដេច​មាន​ក្ដី​សង្ឃឹមថា សង្ក្រាន្ដ​កម្ពុជា​នឹង​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​ឆាប់​ៗ​នេះ ។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ដ​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត គឺ​បន្ថែម​លើ​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ដ​»​នៅ​ខេត្តសៀមរាប ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នា​ពេល​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧ និង​ទទួលទាន​ភោជនាហារ​ជាមួយ​តំណាង​សិល្បករ​ទូ​ទាំង​ប្រទេស កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ និង​សន្និបាត​កោះ​ពេជ្រ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សម្តែង​សង្ឃឹមថា ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ៗ​ទៀត នឹង​មានការ​លេងល្បែង​ប្រជាប្រិយ​ឱ្យ​ផុលផុស​ឡើង​វិញ​នៅ​គ្រប់​ទីកន្លែង​នៅ​ទូ​ទាំង​ប្រទេស ។

សម្ដេច​បវរ​ធិ​បតី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​លេងល្បែង​ប្រជា​ប្រិយ​ខ្មែរ មក​ពេល​នេះ យុវជន​ខ្មែរ បាន​រួម​គ្នា​លេង​យ៉ាង​ផុលផុស ដើម្បី​គាំទ្រ​ដល់​ល្បែង​ប្រជា​ប្រិយ៍ និង​សល្បៈ​វប្បធម៌​ខ្មែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ដ​ថា អង្គរ​សង្ក្រាន្ដ​នៅ​ខេត្តសៀមរាប​នឹង​រៀបចំ​សម្ដែង​សល្បៈ​វប្បធម៌​ខ្មែរ ។ លើស​ពី​នេះ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​» នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ទោះបី​រាជរដ្ឋាភិបាល​រៀបចំ​ព្រឹត្តិការណ៍​«​អង្គរ​សង្ក្រាន្ដ​»​នៅ​ខេត្តសៀមរាប ក៏​ដោយ​។

សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​ឆ្នាំ​នេះ នៅ​អង្គរវត្ត​យើង​រៀបចំ​អង្គរ​សង្ក្រាន្ត និង​រៀបចំ​សិល្បៈ​សម្ដែង ប៉ុន្តែ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​រៀបចំ​នៅ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ឲ្យ​បាន​ច្រើន ហើយ​ជម្រុញ​ការ​លេងល្បែង​ប្រជាប្រិយ​យើង​ឲ្យ​បាន​ច្រើន ដើម្បី​ថែរក្សា​និង​លើក​ស្ទួយ​វប្បធម៌​របស់​យើង​» ។ ពាក់ព័ន្ធ​ទៅ​សង្ក្រាន្ត​នេះ​ដែរ សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា សង្ក្រាន្ត​មិនមែន​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់​អ្នក​ណា​ទេ កម្ពុជា​មាន​សង្ក្រាន្ត​របស់​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​សង្ឃឹមថា សង្ក្រាន្ត​នៅ​កម្ពុជា​នឹង​អាច​ចុះបញ្ជី​នៅ​បេតិកភណ្ឌ​ពិភពលោក ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​។ សង្ក្រាន្ត អត់​មាន​ផ្ដាចមុខ របស់​ប្រទេស​ណា​ទេ ប្រទេស​ដែល​មាន​វប្បធម៌​ស្រ​ដៀង​គ្នា គាត់​មាន​សិទ្ធ​ជា​របស់​គាត់ មិន​ខុស​ពី​គុណ​ខ្មែរ មិន​ខុស​ពី​ក្បាច់​គុណ​ប្រទេស​ផ្សេង ប្រទេស​មួយ​នីមួយ​ៗ​ស្រ​ដៀង​គ្នា ចឹ​ង​យើង​ចុះ​អ្វី​ដែរ​ជា​លក្ខណៈ​ឈ្មោះ​របស់​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ