ទីក្រុងប្រ៊ុចសែល៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបត្រៀមកោះប្រជុំបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះដើម្បីស្វែងរកចំណុចឯកភាពគ្នាក្នុងការបង្កើនខ្ទង់ចំណាយទៅលើវិស័យការពារជាតិរបស់ខ្លួន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីប្រទេសអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំចាប់ផ្ដើមរយាលដៃពីអឺរ៉ុប ហើយធ្វើឱ្យអឺរ៉ុបដឹងខ្លួនថាល្មមដល់ពេលដែល «ខ្លួនត្រូវទីពឹងខ្លួន» ឬនិយាយម៉្យាងទៀតថារៀនរស់ដោយខ្លួនឯង ពង្រឹងជំហរខ្លួនឯងឱ្យបានរឹងមាំ និងលែងរស់ពឹងលើដង្ហើមគេដកតទៅទៀត។
លោកត្រាំបង្ហាញឆន្ទៈច្បាស់ៗថាលោកចង់បិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ប៉ុន្តែលោកមិនផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែន និងអឺរ៉ុបទេ។ ថ្មីៗនេះទៀត អឺរ៉ុបដឹងកាន់តែច្បាស់ថាការពឹងលើខ្លួនឯងជារឿងសំខាន់នៅពេលអាមេរិកផ្អឹបទុកជំនួយយោធាទាំងអស់ និងផ្អាកចែករំលែកព័ត៌មានសម្ងាត់ទៅឱ្យអ៊ុយក្រែន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡីយេន(Leyen)ថ្លែងថាអឺរ៉ុបកំពុងប្រឈមនឹងគ្រោះថ្នាក់ដ៏ធំដែលយើងពុំធ្លាប់ជួបប្រទះចាប់តាំងពីធំដឹងក្ដីមក។ លោកស្រីបានផ្ដល់សញ្ញាព្រមាននៅក្នុងលិខិតផ្ញើជូនថ្នាក់ដឹកនាំរដ្ឋជាសមាជិកទាំង២៧ប្រទេស។ ពួកគេនឹងពិចារណាថាតើត្រូវបង្កើនខ្ទង់ចំណាយកម្រិតណានៅក្នុងវិស័យការពារជាតិ។ នោះជារឿងក្រោយទៀត។ ប៉ុន្តែបញ្ហាធំបំផុតគឺថាតើអឺរ៉ុបអាចរួបរួមគ្នាបានទេនៅពេលរដ្ឋជាសមាជិកខ្លះមានជំហរផ្សេង? ជាគោលការណ៍របស់អឺរ៉ុប រាល់ការសម្រេចទាំងអស់ត្រូវតែឆ្លងកាត់មតិជាឯកច្ឆន្ទ។
កិច្ចប្រជុំផ្ដោតសំខាន់ទៅលើសន្តិសុខជាតិរបស់អឺរ៉ុប
នៅក្នុងគម្រោងកោះប្រជុំបន្ទាន់នេះ បញ្ហាអ៊ុយក្រែនមិនមែនជាចំណុចដែលត្រូវពិភាក្សាគ្នាទេ។ ជាការពិត អ៊ុយក្រែនក៏ស្ថិតនៅក្នុងទ្វីបអឺរ៉ុបដែរ។ គ្រាន់តែថាអឺរ៉ុបចង់ផ្ដោតសំខាន់ទៅលើវិស័យការពារជាតិរបស់ខ្លួនទាំងមូល និងការពង្រឹងជំហររបស់ខ្លួនឱ្យមានលក្ខណៈឯករាជ្យពីអាមេរិក។ ហេតុនេះ ករណីដែលអាមេរិកផ្អឹបទុកជំនួយយោធាសម្រាប់អ៊ុយក្រែនមិនមែនមានន័យថាអឺរ៉ុបចង់ឆក់យកឱកាសនេះចូលទៅជំនួសអាមេរិកទេ។ ម៉្យាងទៀត មតិខ្លះលើកឡើងថាអឺរ៉ុបគួរតែដកហូតទ្រព្យសម្បត្តិ១៨៣លានអឺរ៉ូរបស់រុស្ស៊ីដែលបង្កកទុកនៅអឺរ៉ុបយកទៅផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនតែម្ដងទៅ។ ចំណុចនេះក៏អឺរ៉ុបមិនទាន់និយាយដែរ។

សព្វថ្ងៃនេះ ទោះបីអាមេរិកផ្អាកជំនួយក៏ទាហានអ៊ុយក្រែនអាចតទល់គ្នាបានជាមួយនឹងការវាយលុករបស់រុស្ស៊ីនៅសមរភូមិមុខ។ រុស្ស៊ីនៅតែវាយសម្រុកទៅមុខជានិច្ច គ្រាន់តែថាពួកគេវាយទៅមុខដោយសន្សឹមៗនៅលើសមរភូមិចម្ងាយមួយពាន់គីឡូម៉ែត្រ។ ជាពិសេស នៅតំបន់ដូញែត (Donetsk)។ ប្រភពខ្លះថាទាហានអ៊ុយក្រែនដែលពលីជីវិតនៅសមរភូមិមានដល់រាប់ម៉ឺននាក់ឯណោះ។ ចំណែកជនស៊ីវិលស្លាប់ជាង១២០០០នាក់។
គម្រោងជួបគ្នាកម្រិតកំពូលរបស់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះផ្ដោតសំខាន់ទៅលើខ្ទង់ថវិកាចំណាយ ហើយនិងការរៀបចំគោលដៅរបស់សហភាពអឺរ៉ុបឱ្យបានឆាប់រហ័សដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន និងការជួយអ៊ុយក្រែន ដើម្បីព្យាយាមដោះខ្លួនបន្តិចម្ដងៗពីការពឹងផ្អែកទៅលើអាមេរិកជាអ្នកជួយការពារខ្លួន។
អធិការបតីអាល្លឺម៉ង់ថ្មី លោកហ្វ្រីតរីច មើស (Friedrich Merz) ដែលនឹងស្បថចូលកាន់តំណែងនៅពេលឆាប់ៗនេះថ្លែងថាដោយសារមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងឡើងៗ (ទៅលើសន្តិសុខជាតិអឺរ៉ុប) ដូច្នេះច្បាស់ណាស់ដែលយើងត្រូវតែខិតខំឱ្យបានខ្លាំងក្លា និងឆាប់រហ័សដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់រដ្ឋជាសមាជិក និងទ្វីបអឺរ៉ុបទាំងមូល។ នេះបើយោងតាមគេហទំព័រអេភី (AP)៕
ចែករំលែកព័តមាននេះ