ប្រសិនបើកម្ពុជាពិតជាអាចទាក់ទាញឲ្យតួកគីបើកជើងហោះហើរផ្ទាល់មកកាន់កម្ពុជាពិតប្រាកដ នៅក្នុងឆ្នាំនេះមែន វា គឺជាជោគជ័យមួយនៃគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជា ហើយអាចចាត់ទុកថា គឺជាគោលដៅហោះហើរដែលមានចម្ងាយឆ្ងាយបំផុតពីកម្ពុជា ។
ក្តីរំពឹងនៃការហោះហើរដោយផ្ទាល់រវាងតួកគី ដែលមានចម្ងាយប្រមាណជាជាង៧ពាន់គីឡូម៉ែត្រពីកម្ពុជាត្រូវបានបង្ហើបដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ។
សម្តេចមហាបវរធិបតី បានត្រូវដកស្រង់សម្តីកាលពីថ្ងៃអង្គារ៍ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនពីរគ្រោងនឹងចាប់ផ្តើមហោះហើរទៅកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ។
តាមអ្វីដែលមេដឹកនាំកម្ពុជាបានបង្ហើបបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ក្រៅពីហោះមកកាន់រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាហើយនោះក្រុមហ៊ុននេះក៏គ្រោងនឹងហោះហើរផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរពីទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមមកកាន់ខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ទួកគីនឹងបើកការហោះហើរត្រង់ពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញនៅចុងឆ្នាំដែរ ។
ក្រុមហ៊ុន អេមីរ៉ាត បានប្រកាស កាលពីថ្ងៃច័ន្ទថា ខ្លួននឹងណែនាំផ្លូវហោះហើរថ្មីរវាងទីក្រុងឌូបៃ និងខេត្តសៀមរាប នៅថ្ងៃទី៣ ខែមិថុនា ហើយឈប់សុំចតនៅទីក្រុងបាងកករបស់ប្រទេសថៃ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ទួកគី ក៏ត្រូវបានគេរំពឹងថា ខ្លួននឹងដំណើរការជើងហោះហើររវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ហើយឈប់សុំចតនៅទីក្រុងបាងកកផងដែរ ។
នេះ គឺជាដំណឹងដ៏រីករាយមួយ ខណៈដែលកម្ពុជានៅពេលនេះក៏មានជើងហោះហើរផ្ទាល់ពីឥណ្ឌា ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានភាគច្រើន ខណៈដែលជើងហោះហើរជាមួយបារាំង ត្រូវកាត់ផ្តាច់ជាច្រើនឆ្នាំមកហើយនោះ ។
មកដល់ពេលនេះ តួកគី ត្រូវបានគេដឹងថា គឺជាទីផ្សារទេសចរណ៍ដ៏មានសក្តានុពលមួយដោយប្រទេសនេះ មានប្រជាជនសរុប ប្រមាណជា៨៥ លាននាក់ ។ ប្រទេសនេះត្រូវបានគេដឹងថា គឺជាមហាអំណាចមួយនៅតំបន់មជ្ឈឹមបូព៌ាក៏ជាគោលដៅដែលអាចនឹងតភ្ជាប់ជើងហោះហើររវាកម្ពុជា និងអឺរ៉ុប ដែលជាច្រកចូលនៃភ្ញៀវទេសចរបរទេសមួយផ្នែកទៀតរបស់កម្ពុជា ។
មកដល់ពេលនេះ តួកគី និងកម្ពុជា គឺពិតជាមានទំនាក់ទំនងការទូតនឹងគ្នារីកចម្រើនខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកទេសចរតួកគីមកកាន់កម្ពុជា គឺមានតិចតួចនៅឡើយ ។
ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបានទទួលភ្ញៀវទេសចរពីប្រទេសនេះ មានចំនួនត្រឹមតែជាង៨០០០នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា តួកគី គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់មួយនៅមជ្ឈឹមបូព៌ា និងអឺរ៉ុប ដូច្នេះវាក៏ជាច្រកមួយដែលអាចឲ្យកម្ពុជាងាយស្រួលទាក់ទាញអ្នកទេសចរណ៍នៅប្រទេសមួយចំនួននៅអឺរ៉ុប ជាពិសេស គឺអឺរ៉ុបខាងកើត ។
អ្នកវិភាគបានលើកឡើងបន្ថែមទៀតថា តួកគី គឺជាទីតាំងតភ្ជាប់មួយដ៏សំខាន់សម្រាប់ជំរុញការតភ្ជាប់កម្ពុជាទៅនឹងចរន្តនៃការដឹកជញ្ជូននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ដោយសារតែប្រទេសនេះមានទីតាំងជាប់នឹងប្រទេសជាច្រើននៅអឺរ៉ុបខាងកើត និងអាស៊ី ដែលមិនមានការតភ្ជាប់មកកាន់កម្ពុជាដោយផ្ទាល់ ។
មកដល់ពេលនេះ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើធ្វើការហោះហើរ តាមក្តីរំពឹងទុកនោះមែន វានឹងបង្កើនចំនួនជើងហោះហើររបស់កម្ពុជា ខណៈដែលពេលនេះកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិសរុបចំនួន៣១ ដែលបានផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរប្រមាណជាជាង ៥៨.០០០ជើង មកកាន់អាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់ព្រះរាជាណាចក្រ ពោល គឺកើនឡើង ១៤ភាគរយ។
ប្រទេសកម្ពុជាមានជើងហោះហើរត្រង់ជាមួយប្រទេស និងតំបន់ចំនួន១២ ជាមួយនឹងអ្នកដំណើរសរុប ចំនួន ៦,២៤លាននាក់កាលពីឆ្នាំមុនកើនឡើង២២ភាគរយ ៕
ចែករំលែកព័តមាននេះ