ខេត្តព្រះសីហនុ ៖ សត្វស្វាចំនួន៣៨ក្បាលបានត្រូវចាប់ប្រមូលពីតំបន់សណ្ឋាគារ៧ជាន់ និងត្រូវបានអះអាងថា ដឹកទៅកាន់សួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ បន្ទាប់ពីហ្វូងស្វាទាំងនេះបានអុកឡុក ក៏ដូចជារំខានដល់ប្រជាពលរដ្ឋនិងភ្ញៀវរបស់សណ្ឋាគារខាងលើ ។

យោងតាមប្រភពពីអ្នករស់នៅតំបន់នោះនិយាយថា មានរថយន្តពាក់ផ្លាកលេខរដ្ឋចំនួន២គ្រឿង បានចូលទៅចាប់ស្វាជាច្រើនក្បាលរហូតស្ងាត់ព្រៃនៅជុំវិញសណ្ឋាគារឯករាជ្យ ហៅអូតែល៧ជាន់ ដែលជាកន្លែងទេសចរណ៍មើលស្វារបស់អ្នកក្រុងព្រះសីហនុ ជារៀងរាល់ថ្ងៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

ប៉ុន្តែនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ត្រូវបានគេចាប់ដាក់ទ្រុងលើរថយន្តទំនើបពាក់ផ្លាកលេខរដ្ឋចំនួន២គ្រឿងគឺ លេខ ២-០៨៨៨ និង លេខ២-០៤៥៧ ដឹកចេញទៅក្រៅក្រុងព្រះសីហនុយ៉ាងលឿន និងធ្វើឲ្យមានការភ្ញាក់ផ្អើល ។

ចំពោះករណីខាងលើនេះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តថា អត់ដឹងរឿងនេះសោះ ចាំសួរទៅខាងរដ្ឋបាលព្រៃឈើ ។ ទាក់ទងនឹងរឿងចាប់ស្វាស្ងាត់ៗយកទៅបាត់ឈឹងនេះ ពលរដ្ឋប្រាប់ថា វាមិនមែនជាលើកទី១ទេ គឺមានច្រើនលើកមកហើយ ។ លើកមុនគេច្រើនដឹកចេញនៅពេលយប់ពីតំបន់ព្រៃស្វាអូតែល៧ជាន់នេះ ហើយគ្រប់គ្នាក៏ឆ្ងល់ថា តើគេចាប់វាយកទៅណា ?

ជុំវិញបញ្ហារថយន្ត២គ្រឿង មកចាប់ស្វានៅចំណុចអូតែល៧ជាន់នេះ យោងតាមប្រភពចុងក្រោយបានឲ្យដឹងថា ស្វាដែលត្រូវបានចាប់មានចំនួន៣៨ក្បាល គឺយកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដោយសារមានសំណូមពរពីម្ចាស់សណ្ឋាគារ៧ជាន់ ព្រោះកន្លងមកស្វាទាំងនេះតែងធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងធ្វើឲ្យភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារមានការភ័យខ្លាច ។

ចំពោះស្វាទាំងនេះ ក្រុមមន្ត្រីអភិរក្សសត្វបានអះអាងថា នឹងត្រៀមបញ្ជូនទៅភ្នំតាម៉ៅ ប៉ុន្តែនៅពេលនេះស្វាទាំងនេះកំពុងរក្សាទុកនៅការិយាល័យសិន ៕


ចែករំលែកព័តមាននេះ