ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកទទួលស្គាល់ថាខ្លួនកំពុងចរចាដោយផ្ទាល់ជាមួយក្រុមហាម៉ាស់ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។ ទន្ទឹមនឹងនោះអាមេរិក ក៏ព្រមានប្រើធម៌ក្ដៅផងដែរ។ ថ្មីៗនេះលោកត្រាំព្រមានថាបើក្រុមហាម៉ាស់នៅតែពន្យារពេលដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ពេលនោះអាចនឹងមានរឿងធំជាមួយគ្នាជាមិនខានឡើយ។
អ្នកនាំពាក្យសេតវិមានថ្លែងថារដ្ឋាភិបាលរបស់លោកត្រាំបានចាត់តាំងលោកអាដាម បូឡឺ (Adam Boehler) ជាបេសកជនពិសេសទទួលបន្ទុកខាងការចរចាដើម្បីដោះលែងចំណាប់ខ្មាំង។ គាត់មានសិទ្ធិដើម្បីជជែកគ្នាដោយផ្ទាល់ជាមួយក្រុមហាម៉ាស់។ គួរកត់សម្គាល់ថានយោបាយរបស់លោកត្រាំខុសពីរដ្ឋាភិបាលជំនាន់មុនៗ។ ពេលខ្លះ គាត់អាចនឹងជជែកគ្នាជាមួយក្រុមភេរវកម្មដោយមិនប្រកាន់ច្រើនទេព្រោះគាត់ចង់បានដំណោះស្រាយឱ្យបានឆាប់រហ័ស។
ជាក់ស្ដែងគាត់ធ្លាប់ធ្វើជោគជ័យកាលពីអាណត្តិមុននៅពេលគាត់លួចចរចាស្ងាត់ៗជាមួយក្រុមតាលីបង់ដើម្បីដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ គ្រាន់តែថានយោបាយចរចាគ្នាដកកងទ័ពបែបនេះធ្វើឱ្យរបបដឹកនាំដែលធ្លាប់ទទួលបានការការពារពីអាមេរិកបែរជានៅហេលហាលកណ្ដាលវាល គ្មានទីពំនាក់។ នៅទីបំផុត ដួលរលំដោយមិនចាំបាច់គេច្រានទេ។
ប្រភពខ្លះបង្ហើបឱ្យដឹងថាលោកបូឡឺ និងមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ទើបតែជួបគ្នានៅទីក្រុងដូហា ប្រទេសកាតា ដើម្បីនិយាយអំពីបញ្ហានេះ។ ដូច្នេះ គ្មានអ្វីត្រូវលាក់បាំងតទៅទៀតទេ។ អ៊ីស្រាអែលក៏បានដឹងអំពីរឿងនេះផងដែរ។ ខុទ្ទកាល័យរបស់លោកណឺតាន់យ៉ាហ៊ូបញ្ជាក់ថាលោកបានជ្រាបអំពីរឿងនេះរួចហើយ ហើយគាំទ្រឱ្យភាគីទាំង២ចរចាគ្នាដោយផ្ទាល់ចុះដើម្បីឱ្យមានដំណោះស្រាយឆាប់ៗ។
នៅសេតវិមាន លោកត្រាំបានជួបសំណេះសំណាលជាមួយអតីតចំណាប់ខ្មាំងមួយចំនួនដែលត្រូវក្រុមហាម៉ាស់ដោះលែងឱ្យមានសេរីភាពឡើងវិញ។ ទន្ទឹមនឹងការប្រើធម៌ត្រជាក់ដើម្បីចរចាគ្នា លោកត្រាំក៏ឆ្លៀតព្រមានធ្ងន់ៗផងដែរថាក្រុមហាម៉ាស់អាចនឹងមានបញ្ហាធំ។ លោកទុកឱកាសចុងក្រោយឱ្យមេដឹកនាំកំពូលៗរបស់ពួកគេដើម្បីចាកចេញពីតំបន់ហ្កាហ្សាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលមិនទាន់ហួសពេល។
លោកត្រាំក៏បានដាក់សម្ពាធទៅលើក្រុមហាម៉ាស់ផងដែរថាត្រូវតែដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ជាបន្ទាន់បើចង់សុខខ្លួន។ លោកថាលោកនឹងជួយជ្រោមជ្រែង ហើយនឹងផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់អ៊ីស្រាអែលដើម្បីចាត់ការទៅលើក្រុមហាម៉ាស់បើពួកគេមិនព្រមធ្វើតាមការទាមទាររបស់លោក។ ដូច្នេះ មេដឹកនាំធំៗរបស់ហាម៉ាស់កុំសង្ឃឹមថារស់នៅបានសុខឱ្យសោះ៕
ចែករំលែកព័តមាននេះ