រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការរុះរើរោងប្រក់តង់១ខ្នងដែលត្រូវបានមនុស្សប្រុសស្រី៣នាក់ ចូលទៅសង់នៅក្នុងបរិវេណសាលារៀន ដើម្បីធ្វើជាជម្រកស្នាក់នៅធ្វើការជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ។

ប្រតិបត្តការនេះបានធ្វើឡើង កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពេលនោះដែរ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខាងលើក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់ និងស្រីម្នាក់ ដែលកំពុងស្នាក់នៅក្នុងនោះ ហើយដែលអ្នកទាំង២នាក់នេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀ.នក្នុងនោះស្រីម្នាក់ខាងលើក៏មានកូនប្រុសតូចម្នាក់ផងដែរ ។

ក្រោយពីការឆែកឆេរកម្លាំងបានរកឃើញគ្រឿងញៀ.នចំនួន៧កញ្ចប់រួចបានដកហូតនាំយកទៅរក្សាទុកជាភស្តុតាង ដោយឡែកជនសង្ស័យម្នាក់ទៀត គឺជាមុខសញ្ញាជួញដូរគ្រឿងញៀ.ន បានដឹងខ្លួនមុនរួចក៏បានរត់គេចខ្លួនបាត់ រីឯរោងដែលធ្វើការរុះរើរួចរាល់នោះក៏ត្រូវបានកម្លាំងដុតកម្ទេចចោលនៅនឹងកន្លែងនោះតែម្ដង ។
បើតាមនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់នោះ ម្នាក់ឈ្មោះ ហែម ប្រុស ហៅសាប្រុស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅឃុំចុងព្រែក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ចំណែកម្នាក់ទៀតឈ្មោះ នី ពិសី ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅសំណង់អាណាធិបតេយ្យខាងលើ និងមានកូនប្រុសតូចម្នាក់ផងដែរ ហើយបក្ខពួកម្នាក់ទៀត ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀ.ន ស្នាក់នៅក្នុងរោងប្រក់តង់នោះដែរគេចខ្លួនបាត់ ។
នគរបាលដដែលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៣នាក់ខាងលើនោះ ពុំមែនត្រូវជាប្ដីប្រពន្ធនឹងគ្នា ឬក៏ជាក្រុមគ្រួសារតែមួយនោះទេ ពួកគេសុទ្ធតែមនុស្សអនាថា ហើយដើរខ្ចាត់ព្រាត់គ្មានគោលដៅ ។ ប៉ុន្តែបានមកស្នាក់នៅក្នុងរោងប្រក់តង់ខាងលើបែបអនាធិបេតយ្យជាមួយគ្នា ដូចជា ប្ដីប្រពន្ធ ឬក្រុមគ្រួសារតែមួយរយៈពេលជាង២ខែមកហើយ ពេលនេះនគរបាលកំពុងកសាងសំណុំរឿងលើមុខសញ្ញាប្រើប្រាស់ថ្នាំញៀ.នទាំង២នាក់នោះ ដើម្បីចាត់ការតាមច្បាប់ហើយ ។

បើតាមកងកម្លាំងដែលចុះទៅធ្វើការរុះរើរោងខាងលើនោះបានប្រាប់ឲ្យដឹងថា មនុស្ស១ក្រុមនេះបានចូលទៅសង់រោងប្រក់តង់នៅជាប់របងខាងក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ននេះធ្វើជាជម្រកជួញដូរគ្រឿងញៀ.ន និងផ្ដល់ជាទីតាំងសេពគ្រឿងញៀ.នដល់អ្នកផ្សេង និងសេពខ្លួនឯងផងដែរ ។
ក្រោយពីមានរឿងបែបនេះ បានធ្វើឲ្យលោកគ្រូ អ្នកគ្រូ ជាពិសេសអាណាព្យាបាលសិស្សមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅ និងសិស្សរបស់ខ្លួន ដែលកំពុងរៀនសូត្រនៅទីនោះ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកបានរាយការណ៍ប្រាប់អាជ្ញាធរឲ្យជួយចាត់វិធានការរុះរើ និងឲ្យជនសង្ស័យទាំង៣នាក់ខាងលើនោះចាកចេញឲ្យផុតពីបរិវេណសាលាជាបន្ទាន់ ហើយចង់អ្នកទាំងនេះទៅរស់នៅកន្លែងណាក៏ទៅចុះ ឲ្យតែចេញផុតពីសាលា ។
ទើបនៅវេលាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញារធរសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការរុះរើ ។ ខណៈនោះបានប្រទះឃើញគ្រឿងញៀ.នចំនួន៧កញ្ចប់តូច ស្ថិតនៅទីនោះ ទើបកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់ និងស្រីម្នាក់ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀ.ន នាំយកទៅសួរនាំ ដោយឡែករោងប្រក់តង់នោះវិញ រួមជាមួយសម្ភារៈផ្សេងៗ ក្រោយរុះរើរួចក៏ត្រូវបានដុតកម្ទេចចោលនៅទីនោះតែម្ដង ៕




ចែករំលែកព័តមាននេះ